ជាតិ
សេដ្ឋកិច្ច
គណៈរដ្ឋមន្ត្រីពិភាក្សាលើការអភិវឌ្ឍខេត្តព្រះសីហនុសម្រាប់ចក្ខុវិស័យដល់ឆ្នាំ២០៣៨
13, Jan 2023 , 11:16 am        
រូបភាព
សម្តេច ហ៊ុន សែន ដឹកនាំកិច្ច​ប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ២០២៣នេះ។ រូបថត SPM
សម្តេច ហ៊ុន សែន ដឹកនាំកិច្ច​ប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ២០២៣នេះ។ រូបថត SPM
ដោយ: រួបរួម
«អភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍទំនើប»។ នេះជារបៀបវារៈមួយដែលត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមករា។
 
យោងតាមខ្លឹមសារនៃកិច្ចប្រជុំដែលផ្សព្វផ្សាយដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល គណៈរដ្ឋមន្ត្រីបានបន្តពិភាក្សាលើសេចក្តីព្រាង «គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុនៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨»។
 
គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង សំដៅដល់ការរៀបចំគោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ដែលក្នុងនេះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ អនុវិស័យបែងចែកដីធ្លីនិងលំនៅឋាន និងការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យសំណង់ និងវិស័យពាក់ព័ន្ធដីធ្លីផ្អែកលើមូលដ្ឋាននៃគោលនយោបាយដីធ្លី «សៀវភៅសដីដីធ្លី» គោលនយោបាយជាតិស្ដីពីការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ នៃវិស័យពាក់ព័ន្ធដីធ្លី។
 
សេចក្តីព្រាងគោលនយោបាយនេះ មានគោលសំដៅតម្រង់ទិស និងកំណត់ការគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុតាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
 
សមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍។ ទាំងនេះជាចក្ខុវិស័យនៃការអភិវឌ្ឍខេត្តព្រះសីហនុពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣៨។
 
គណៈរដ្ឋមន្ត្រីក៏បានពិភាក្សាផងដែរ អំពីយុទ្ធសាស្ត្រវិស័យដីធ្លី យុទ្ធសាស្ត្រវិស័យពាក់ព័ន្ធនឹងដីធ្លី យុទ្ធសាស្ត្រពាក់ព័ន្ធ និងការគ្រប់គ្រង ជាពិសេសការជំរុញការអនុវត្តរដ្ឋបាលឌីជីថល សង្គមឌីជីថល សេដ្ឋកិច្ចឌីជីថល ពលរដ្ឋឌីជីថល ដោយរំពឹងថា គោលនយោបាយក្នុងការអភិវឌ្ឍខេត្តព្រះសីហនុនេះ ជាការរួមចំណែកប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
 

© រក្សាសិទ្ធិដោយ thmeythmey.com