អន្តរជាតិ
ការស្រាវជ្រាវ៖ ទំនប់ទឹកធំៗក្នុងពិភពលោក​ នឹងបាត់បង់សមត្ថភាពផ្ទុកទឹក១ភាគ៤ នៅឆ្នាំ២០៥០
29, Jan 2023 , 4:29 pm        
រូបភាព
ការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ (UN) រកឃើញថា នៅឆ្នាំ២០៥០ ទំនប់ទឹកធំៗជិត៥ម៉ឺនកន្លែងក្នុងពិភពលោក នឹងបាត់បង់សមត្ថភាពផ្ទុកទឹកជាង២៥ភាគរយនៃសមត្ថភាពដើមសរុប។ ការកើនឡើងដីល្បាប់ក្នុងអាបផ្ទុក ជាមូលហេតុចម្បង ហើយដែលនឹងគំរាមកំហែងដល់សន្តិសុខទឹក និងការផ្គត់ផ្គង់ថាមពលសកល។


ការសិក្សាថ្មីមួយពីវិទ្យាស្ថានទឹក បរិស្ថាន និងសុខភាពរបស់សាកលវិទ្យាល័យអង្គការសហប្រជាជាតិ (UN) ដែលចេញនៅថ្ងៃទី១១ ខែមករា បានរកឃើញថា នៅពាក់កណ្តាលសតវត្សទី២១ ទំនប់ទឹកធំៗ និងអាងស្តុកទឹកក្នុងពិភពលោក នឹងបាត់បង់សមត្ថភាពស្តុកទឹកប្រហែល១ភាគ៤ស្មើនឹង១,៦៥ទ្រីលានម៉ែត្រគូប ដោយជំនួសជាដីល្បាប់កកនៅបាតអាងវិញ។ តួលេខដែលនឹងបាត់បង់នេះ មានទំហំប្រហែលបរិមាណទឹកប្រើប្រាស់ប្រចាំឆ្នាំរបស់ឥណ្ឌា ចិន ឥណ្ឌូណេស៊ី បារាំង និងកាណាដា។
 
ក្នុងការសិក្សានេះ UN បានពិនិត្យមើលទិន្នន័យពីទំនប់ជិត៥ម៉ឺនកន្លែងនៅក្នុងប្រទេសចំនួន១៥០។ អ្នកស្រាវជ្រាវបានកត់សម្គាល់លើប្រទេសមួយចំនួនដាច់ដោយឡែកដូចជា អង់គ្លេស ប៉ាណាម៉ា អៀរឡង់ និងជប៉ុន ដែលនឹងជួបប្រទះការបាត់បង់សមត្ថភាពស្តុកទឹកខ្ពស់បំផុតនៅឆ្នាំ២០៥០ ចន្លោះពី៣៥ភាគរយទៅ ៥០ភាគរយនៃសមត្ថភាពដើម។ ផ្ទុយទៅវិញ ប៊ូតង់ កម្ពុជា អេត្យូពី ហ្គីណេ និងនីហ្សេរីយ៉ា ជាប្រទេសដែលរងផលប៉ះពាល់តិចតួចបំផុត ដោយបាត់បង់សមត្ថភាពផ្ទុកទឹកមិនដល់១៥ភាគរយឡើយ។ 
 
ចំណែកអាម៉េរិក នឹងប្រឈមមុខការខាតបង់សមត្ថភាពផ្ទុកទឹក៣៤ភាគរយ ខណៈចិនប្រឈមការបាត់បង់២០ភាគរយ។
 
បច្ចុប្បន្ន ទំនប់ទឹកបានបាត់បង់សមត្ថភាពផ្ទុកទឹកជាមធ្យមប្រហែល១៦ភាគរយនៃសមត្ថភាពដើមរួចទៅហើយ។ ដីល្បាប់កកកុញនៅបាតទំនប់រំខានដល់លំហូរទឹកធម្មជាតិ បណ្ដាលឱ្យខូចខាតដល់តួប៊ីនវារីអគ្គិសនី និងនាំឱ្យកាត់បន្ថយការផលិតថាមពល។ ម៉្យាងវិញទៀត ការសាងសង់ទំនប់នៅទូទាំងពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង ដោយមានប្រហែល៥០ប៉ុណ្ណោះក្នុងមួយឆ្នាំ ខណៈមានប្រហែល១ពាន់ឯណោះនៅពាក់កណ្តាលសតវត្សទី២០។ 
 
«ការស្តុកទឹកជាសកលនឹងថយចុះ ហើយវាក៏កំពុងថយចុះដែរឥឡូវនេះ។ វាត្រូវការគិតគូរយ៉ាងយកចិត្តទុកដាក់»។ នាយកវិទ្យាស្ថានទឹក បរិស្ថាន និងសុខភាពនៃសាកលវិទ្យាល័យ UN និងជាអ្នកនិពន្ធម្នាក់នៃការសិក្សា លោក Vladimir Smakhtin ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ មុនបន្តថានោះជារឿងសំខាន់ពីព្រោះទំនប់ធំៗ ជាប្រភពសំខាន់នៃវារីអគ្គិសនី ការគ្រប់គ្រងទឹកជំនន់ ប្រព័ន្ធធារាសាស្រ្ត និងទឹកស្អាតនៅទូទាំងពិភពលោក។
 
យ៉ាងណាមិញ ការកកស្ទះដីល្បាប់កើតឡើងក៏ដោយសារការបង្ខាំងទឹកធ្វើទំនប់វារីអគ្គិសនីនោះដែរ។ ដើម្បីដោះស្រាយបញ្ហាប្រឈម លោក Smakhtin លើកឡើងពីវិធានការដូចជា ការបង្ហូរដីល្បាប់ចេញ ឬបំបែកផ្លូវបង្ហូរទឹក និងការដកទំនប់ដើម្បីបង្ហូរដីល្បាប់ទៅតំបន់ក្រោមនៃទន្លេ។ ទោះយ៉ាងណាក្ដី អ្នកនិពន្ធការសិក្សាបានអះអាងថា រាល់ការដោះស្រាយបញ្ហាទំនប់ទឹកមានភាពស្មុគស្មាញយ៉ាងខ្លាំង ដោយវាមិនអាចមានវិធីដោះស្រាយណាមួយល្អឥតខ្ចោះគ្មានការប៉ះពាល់នោះឡើយ៕ 
 
 

Tag:
 ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com