អន្តរជាតិ
អង្គភាពប្រឆាំងពុករលួយឥណ្ឌូណេស៊ីចាប់ខ្លួនអភិបាល​ខេត្តប៉ាពូ ពីបទទទួល​សំណូកជាង៦ម៉ឺនដុល្លារ
13, Jan 2023 , 4:29 pm        
រូបភាព
លោក Lukas Enembe ត្រូវបាន​ចាប់ខ្លួន​កាលពីថ្ងៃទី១០ ខែមករា។ រូបថត Kompas
លោក Lukas Enembe ត្រូវបាន​ចាប់ខ្លួន​កាលពីថ្ងៃទី១០ ខែមករា។ រូបថត Kompas
ដោយ: ធីតា
អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី​១០ ខែមករា បាន​ចាប់​ខ្លួន​អភិបាល​ខេត្តប៉ាពូ ពី​បទទទួល​សំណូកជាង​៦ម៉ឺន​ដុល្លារអាម៉េរិក​ជាថ្នូរ​នឹង​ការផ្តល់​កិច្ច​សន្យា​លើ​គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយ។​​
 
លោក Lukas Enembe អភិបាល​ខេត្ត​ប៉ាពូ បានរង​ការ​ចោទ​ប្រកាន់ពីគណៈកម្មាធិការ​លុប​បំបាត់អំពើពុក​រលួយ (KPK) ថាបាន​ទទួល​ប្រាក់ចំនួន​៦៤ ១៦៤ដុល្លារពីក្រុមហ៊ុន​សំណង់​មួយ​សម្រាប់​ការ​ផ្តល់​គម្រោង​សាង​សង់ផ្លូវ​ និងហេដ្ឋារចនាសម្ព័ន្ធនៅ​សាលារៀនមួយកន្លែង។
 
លោក Enembe គឺជាអ្នកនយោបាយ​ថ្នាក់តំបន់​មួយ​រូបដែល​តែងតែ​ប្រទាំង​ប្រទើស​ជាមួយ​រដ្ឋាភិបាល​ថ្នាក់​កណ្តាល ជាពិសេស​លើ​គោលនយោបាយ​គ្រប់​គ្រង​តំបន់​ស្វ័យតពិសេស។ 
 
អ្នក​នាំពាក្យអង្គភាព KPK បាន​ថ្លែងប្រាប់ Metro TV ថា អភិបាល​ខេត្ត​ប៉ាពូ​រូបនេះ ត្រូវបាន​នាំទៅ​ក្រុង​ហ្សាការតា ដើម្បី​សាក​សួរ។ លោក Enembe ​ក៏បាន​បដិសេធ​ផងដែរ​ចំពោះ​ការ​ចោទ​ប្រកាន់ទៅ​លើ​ខ្លួន។
 
សកម្មជន​មួយចំនួន​បានលើកឡើងថា ការចាប់ខ្លួននេះ គឺជាការគំរាម​កំហែង​លើ​មេដឹកនាំ​មូលដ្ឋាន​ដែល​បាន​ប្រឆាំងគម្រោង​បង្កើតខេត្តថ្មីនៅ​តំបន់ប៉ាពូ ជាពិសេស​ប៉ាពូដែលសម្បូរទៅ​ដោយធនធាន​ធម្មជាតិ ក៏ជាតំបន់​ទាមទារឯករាជ្យពីឥណ្ឌូណេស៊ី ផងដែរ។
 
លោក Mahfud MD រដ្ឋមន្ត្រី​សន្តិសុខឥណ្ឌូណេស៊ី បានអះអាងថា ការចាប់ខ្លួន​លោក Enembe មិន​ពាក់ព័ន្ធ​រឿងនយោបាយនោះឡើយ៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com