អន្តរជាតិ
គ្រូចិនម្នាក់ឡើង​រាំ K-pop មុខ​សិស្សដើម្បីបង្ហាញថា ការសិក្សាភ្ជាប់ជាមួយក្តី​ស្រឡាញ់ និងសប្បាយ
14, Jan 2023 , 8:29 pm        
រូបភាព
ដោយ: ធីតា
ក្នុងសម្លៀក​បំពាក់​ដ៏ទាក់ទាញមួយ គ្រូ​បង្រៀន​ម្នាក់​នៅ​ប្រទេស​ចិន បាន​ឡើង​រាំតាម​កាយ​វិការ​តារា K-pop នារី នាពិធី​ជប់លៀងនៅ​សាលា។ ឃ្លីប​វីដេអូ​ពី​សកម្មភាព​របស់គ្រូ​រូបនេះ ទាក់ទាញចំណាប់អារម្មណ៍​ជាច្រើន​លើ​បណ្តាញ​សង្គម ដោយមួយចំនួន​ធំ​យល់ថា ជា​ការ​ភ្ជាប់ទំនាក់​ទំនង​ស្អិត​ល្មួត​ជាមួយ​សិស្ស។
 
ពិធី​ឆ្លងឆ្នាំ​នៅ​សាលា​ភាសាអន្តរជាតិ Guangzhou Haizhu ខេត្ត Guangdong ភាគ​ខាងត្បូង​ប្រទេស​ចិន បាន​បញ្ចប់​ដោយ​ភាព​សប្បាយ​រីករាយ ជាពិសេស​ឃ្លីបវីដេអូ ដែល​គួរ​បង្រៀនម្នាក់​ឡើង​រាំក្បាច់ K-pop តែម្នាក់ឯង នាំឲ្យមាន​ការជជែក​គ្នា​ពេញ​បណ្តាញសង្គម Weibo។
 
យោងតាម​ការផ្សាយ​របស់ South China Morning Post គ្រូបង្រៀន​ដែលមិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​រូបនេះ បាន​រាំយ៉ាងជំនាញ​ដូច​តារា K-pop កូរ៉េ ជាមួយ​នឹងកាយ​វិការល្វតល្វន់។ លោក​បាន​បញ្ជាក់​ប្រាប់​ទៅ​កាន់​សិស្ស​ៗ​របស់ខ្លួន​ថា «ការអប់រំ​ដ៏ល្អ គឺ​ភ្ជាប់ជាមួយ​នឹងក្តី​ស្រឡាញ់ និង​ភាព​សប្បាយ​រីករាយ។
 
ឆ្កួត? ប៉ុន្តែបើផ្អែក​តាម​ការបញ្ចេញមតិយោបល់នៅ​លើ​បណ្តាញ​សង្គម Weibo មិន​សូវមាន​ការយល់ឃើញ​បែបនោះឡើយ។ មួយចំនួន​ធំ យល់ថា គ្រូ​បង្រៀន​រូបនេះ ចេះ​ប្រើ​វិធី​សាស្ត្រទាក់ទាញ​សិស្ស។ អ្នកខ្លះថា នេះជាមធ្យោបាយ​ក្នុង​ការ​កាត់​បន្ថយ​សម្ពា​ធ​សិក្សា​របស់​សិស្ស ព្រោះ​ក្នុង​រូបភាព​វីដេអូ ក្រុម​សិស្ស​នាំគ្នា​ញញឹម​ និង​ទះដៃ ដោយ​ក្តី​រីករាយ។
 
តាមពិតទៅ វាក៏មិនមែន​ជាករណី​ថ្មីនោះដែរនៅ​ប្រទេស​ចិន ដោយ​កន្លងមក ក្រុមគ្រួសារ​បង្រៀន​នៅ​វិទ្យាល័យមួយ​ក្នុង​ខេត្ត Henan ក៏បាន​នាំគ្នា​ឡើង​រាំ ដើម្បី​ជួយសម្រាលភាព​តប់​ប្រម៉ល់​របស់​សិស្ស​ផងដែរ។ ដូចគ្នានេះ ផងដែរ នាយក​សាលា និង​គ្រូមយយចំនួន​នៅ​ខេត្ត Jiangsu បាន​រៀបចំ​ខារ៉ាអូខេ នៅអាហារដ្ឋាន​សាលា ដើម្បី​ច្រៀង​រួម​គ្នាជាមួយ​សិស្ស៕
 
 

Tag:
 អប់រំ
  K-pop
© រក្សាសិទ្ធិដោយ thmeythmey.com