ជាតិ
សៀវភៅ​អេឡិចត្រូនិក មិន​អាច​ជំនួស​​​​សៀវ​ភៅធម្មតា​​​បាន​ឡើយ​​​ ​
14, Jan 2023 , 5:59 pm        
រូបភាព
ភ្នំពេញ​៖ សៀវ​ភៅ​អេឡិច​ត្រូនិក​ មិន​អាច​ជំនួស​សៀវ​ភៅ​ធម្មតា​បាន​ឡើយ បើ​ទោះ​បី​ជា​សៀវ​ភៅ​ទាំង​ពីរ​ប្រភេទនេះ​ មាន​ចំណុច​ខ្សោយ និង​ចំណុច​ខ្លាំង​រៀង​ខ្លួន​ក្ដី​។​ ប៉ុន្តែ​វត្តមាន​សៀវ​ភៅ​អេឡិចត្រូនិក​ បាន​នឹង​កំពុង​ជួយ​បង្រ្គប់​ចំណុច​ខ្វះ​ខាត​របស់​សៀវ​ភៅ​ធម្មតា​ សម្រាប់​បំពេញ​តម្រូវ​ការ​អ្នក​អាន​។


លោក ហុក សុទ្ធិ ប្រធាន​អង្គការ​ស៊ីប៉ា បាន​លើក​ឡើង​ថា សៀវ​ភៅ​អេឡិច​ត្រូនិក​ ​មិន​អាច​ជំនួស​សៀវ​ភៅ​ធម្មតា​បាន​ឡើយ​ ប៉ុន្តែសៀវ​ភៅ​ទាំង​ពីរ​ប្រភេទ​នេះ បាន​​ជួយ​បំពេញចំណុច​ខ្វះ​ខាត ​​​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​​​​។ លោក​ថា​​ប្រសិន​បើ​សៀវ​ភៅ​អេឡិច​ត្រូនិក ​អាច​ជំនួស​សៀវ​ភៅ​ធម្មតា​បាន​មែន​ នោះ​សៀវ​ភៅ​គោល​របស់​ក្រសួងអប់រំ នឹង​ត្រូវ​ឈប់​បោះ​ដែរ​​។
 
ប្រធាន​អង្គការ​ស៊ីប៉ា​រូប​នេះ​​​​សង្កត់ធ្ងន់​ ដោយ​លើក​​បទ​ពិសោធ​ផ្ទាល់​ខ្លួន​​ និង​ការ​សង្កេត​ជា​ទូទៅថា​ អ្វី​ដែល​ធ្វើ​ឱ្យ​មនុស្ស​ចេះ​ពិត​ប្រាកដ​ ​គឺ​​​​សៀវ​ភៅ​សរសេរ​​ធម្មតា​។ លោក​ថា​​​សៀវ​ភៅ​អេឡិច​ត្រូនិក​ ​គ្រាន់​តែ​មក​ជួយ​បន្ថែម​ចំណុច​ខ្វះ​ខាត ​របស់​សៀវ​ភៅ​ធម្មតា​​ប៉ុណ្ណោះ​​ ដោយ​វា​មិន​ធ្ងន់​ និងមិន​​រឹង​មាំ ​​ដូច​ជា​សៀវ​ភៅ​សរសេរ​ឡើយ​។ 
 
«សៀវ​ភៅ​អេឡិច​ត្រូនិក​ និង​សៀវ​ភៅ​ធម្មតា ពួក​វាបាន​ជួយ​បង្រ្គប់​គ្នា​ ប៉ុន្តែ​មិន​អាច​ជំនួស​គ្នា​បាន​ទេ។​ ដូច្នេះ​សៀវ​ភៅ​ធម្មតា​មិន​បាត់​ទេ​។ ប្រហែល​ជា​ខួរ​ក្បាល​មនុស្ស ​ត្រូវ​បាន​បង្កើត​ឡើង​មក​ ជា​មួយ​នឹង​ឧបករណ៍​ឬ​ក៏​អ្វី​មួយ ​ដែល​អាច​ចាប់​កាន់​បាន​ ប្រសើរ​ជាង​អ្វី​ដែល​យើង​មិន​អាច​ចាប់​កាន់​បាន​ ពិសេស​ពាក់​ព័ន្ធ​នឹង​ការ​រៀន​សូត្រ​។ ទៅ​មុខ​មាន​ការ​វិវឌ្ឍ​យ៉ាង​ណា​ទៀត​​ខ្ញុំ​​មិ​នដឹង​​ទេ​​ ប៉ុន្តែ​បច្ចុប្បន្ន​​សៀវ​ភៅ​​ធម្មតា​មិន​អាច​បាត់​បង់​ឡើយ​»។ នេះ​ជា​ការ​មើល​ឃើញ​របស់​លោក ហុក សុទ្ធិ​។


លោក ហុក សុទ្ធិ ប្រធាន​អង្គការស៊ីប៉ា (Credit)

ទោះ​ជា​យ៉ាង​ណា លោក សុទ្ធិ បាន​សង្កេត​ពី​ចរន្ត​ពិភព​លោក​ ដែល​ធ្លាប់កើត​មាន​កន្លង​មក​ ឃើញ​ថា​សៀវ​ភៅ​អេឡិច​ត្រូនិក​ ហាក់​មាន​សន្ទុះ​ខ្លាំង លុប​ការ​អាន​សៀវ​ភៅ​ធម្មតា​ ​នៅ​​ពេល​​ដាក់​ឱ្យ​ប្រើប្រាស់​​ដំបូង​ៗ។​ ប៉ុន្តែ​ក្រោយ​មក​​ប្រមាណ​១០​ទៅ​២០​ឆ្នាំ ចរន្ត​នោះ​ប្រែ​ទៅ​រក​ការ​អាន​សៀវ​ភៅ​ធម្មតា​វិញ ដែល​វា​កើត​ឡើង ​ ក្នុង​ប្រទេ​ស​​អភិវឌ្ឍន៍ ​ដូច​ជា​សហរដ្ឋ​អាមេរិក​ ប្រទេស​នៅ​ប៉ែក​អ៊ឺរ៉ុប​ និង​ជប៉ុន​ជា​ដើម​។ 
 
«តាម​ខ្ញុំ​ចាំ​នៅ​ដើម​ឆ្នាំ​២០០០​ជាង សៀវ​ភៅ​អេឡិចត្រូនិក បាន​កើន​ដល់​​៦០​ភាគរយ​ ហើយ​ការ​ប្រើប្រាស់​សៀវ​ភៅ​សរសេរ​ មាន​តែ​ប្រហែល​៤០​ភាគ​រយ​ទេ​។ ឥឡូវ​នៅ​សហរដ្ឋ​អាមេរិក​ និន្នាការ​នោះ​ដើរ​ផ្ទុយ​វិញ​ បាន​ន័យ​ថា​ការ​លក់​សៀវ​ភៅ​អេឡិច​ត្រូនិក​មាន​តែ​៤០​ភាគ​រយ ការ​ប្រើប្រាស់​សៀវ​ភៅ​ធម្មតា​កើន​ដល់​៦០​ភាគ​រយ​វិញ។ ​​ហើយ​នៅ​អ៊ឺរ៉ុប​និង​ជប៉ុន សៀវ​ភៅ​អេឡិចត្រូនិក ​កើន​ដល់​៦០​ភាគរយ​ដូច​គ្នា​ ប៉ុន្តែ​​​បច្ចុប្បន្ន​នៅ​សល់​តែ​២០​ភាគរយ​ ហើយ​សៀវ​ភៅ​សរសេរ​កើន​ដល់​៨០​ភាគរយវិញ​»។ នេះ​ជា​ការ​​ស្រាវ​ជ្រាវ​​របស់​លោក ហុក សុទ្ធិ​។   
 
លោក គឹម ពិនន់ អនុរដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏​យល់​ស្រប​គំនិត​ខាង​លើ​ ដែល​ថា​សៀវ​ភៅ​អេឡិច​ត្រូនិក​ មិន​អាច​ជំនួស​សៀវ​ភៅ​ធម្មតា​បាន​ដែរ​។ ​លោក​ថា​បើសៀវ​ភៅ​​អេឡិច​ត្រូនិក ​វាយ​លុក​សៀវ​ភៅ​ធម្មតា​​ខ្លាំង​​មែន​ នោះ​ការ​បោះពុម្ព​សៀវ​ភៅ​ធម្មតា​ ​ក៏​មិន​អាច​បន្ត​។ ទោះ​ជា​យ៉ាង​ណា ​លោក​នៅ​តែ​ជឿ​ថា ​មនុស្ស​នៅ​តែ​មិន​អាច​ខ្វះ​សៀវ​ភៅធម្មតា​​បាន​ឡើយ​​ ព្រោះសៀវ​ភៅ​​អេឡិចត្រូនិក​ ក៏​មាន​ចំណុច​ខ្សោយ ​និង​ភាព​អវិជ្ជមាន​ដែរ​។


លោក គឹម ពិនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

«​នៅ​ពេល​ទូរសព្ទ​អស់​ថ្ម ឬ​គ្មាន​អ៊ីធឺណិត​ ក៏យើង​​មិន​អាច​មើល​សៀវ​ភៅ​អេឡិច​ត្រូនិ​ក​​បាន​ដែរ​​។ ដូច្នេះ​កុំ​បារម្ភ​ថា​​សៀវ​ភៅ​ធម្មតា​និង​បាត់​បង់​»។ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់​លោក គឹម​ ពិនន់​។
 
អនុរដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឆ្លៀត​សរសើរ​គុណ​តម្លៃ​អក្សរ​សិល្ប៍​ថា បានជួយ​បង្ហាញ​ផ្លូវ​អ្នក​វិទ្យា​សាស្ត្រ​ផង​ដែរ​។ លោក​បាន​ស្រង់​សម្ដី​អ្នក​ប្រាជ្ញ​មួយ​រូប ដែល​មិន​បា​ន​បញ្ចេញ​ឈ្មោះ​​ថា  “អ្នក​វិទ្យាសាស្ត្រ ​ដើរ​តាម​ក្រោយ​អ្នក​សិល្បៈ​​ និង​អ្នក​អក្សរ​សិល្ប៍​”។
 
«មើល​​រឿង​ ”ហង្សយន្ត​” របស់​ខ្មែរយើង​​ កើត​មា​ន​យូរ​មក​ហើយ​ នោះ​គឺ​​ជា​ការ​ស្រមើរស្រម៉ៃ​របស់​អ្នក​និពន្ធ​។ យន្ត​ហោះ​កើតក្រោយ​រឿង​ព្រេ​ង​នេះ​ទេ​។ ជ្រែក​ទឹក​ជ្រែកដី ​ត្រចៀក​ទិព្វ​មាត់​ទិព្វ​ ពេល​នេះកើ​ត​ឡើង​ទាំង​អស់។​ ​​អក្សរ​សិល្ប៍​ស្រមើស្រម៉ៃ​ ហើយ​បង្កើត​វា​​តាំង​ពី​យូរ តាំង​ពី​អ្នក​វិទ្យា​សាស្ត្រ ​មិន​ទាន់​បង្កើត​វា​ឡើង​មក​»​។ នេះ​ជា​ការ​អះ​អាង​របស់​លោក គឹម​ ពិនន់​។
ចំណែក​អ្នក​ស្រី ខ្លូត វិបុលឡា ប្រធាន​បណ្ណាល័យ​ជាតិ​ បាន​លើក​ឡើង​ថា​​សៀវ​ភៅ​អេឡិច​ត្រូនិក​ ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ទុក​ឯក​សារ​ ពិសេស​ឯក​សារ​កម្រ​ ឯកសារ​ចាស់​ៗ និង​ឯក​សារ​ដែល​អ្នក​និពន្ធ​ បោះ​ពុម្ភ​មិន​សម្រាប់​លក់​។ អ្នក​ស្រី​ថា ស្រប​ពេល​​ដែល​​ការ​និពន្ធ​មាន​ការ​រីក​ចម្រើ​ន ក៏​ដូច​ជា​អ្នក​និពន្ធ​មាន​ការ​កើន​ឡើង​ ការ​បោះ​ពុម្ព​ជា​អេឡិច​​ត្រូនិក​ ក៏​​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ App ជា​ច្រើនដែរ​ ​​ដើម្បី​ឱ្យ​សាធារណជន​​ អាច​ចូល​ទៅ​អាន​សៀវ​ភៅ​ ឬ​ស្រាវ​ជ្រាវ​ឯកសារ​ផ្សេង​ៗ​បាន​គ្រប់​ពេល​។ 


អ្នក​ស្រី ខ្លូត វិបុលឡា ប្រធាន​បណ្ណាល័យជាតិ

បន្ថែម​ពី​នោះ ​សៀវ​ភៅ​អេឡិច​ត្រូ​និក​មាន​ច្រើន​ភាសា ដែល​ងាយ​ស្រួល​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​​។ ប្រធាន​បណ្ណាល័យ​ជា​តិ​ លើក​ឡើង​ថា គុណ​ប្រយោជន៍របស់​​សៀវ​ភៅ​អេឡិច​ត្រូនិក​ គឺ​ជួយ​ថែរក្សា​ឯក​សារ​បាន​យូរ​អង្វែង ទាំង​ឯក​សារ​ច្បាប់​ដើម​ និង​ច្បាប់​ចម្លង​។ 
 
«ពេល​នេះ​បណ្ណាល័យ​ជាតិ​ មិន​អនុញ្ញាត​ឱ្យ​មាន​ការ​បើក​មើល​សៀវ​ភៅ​ចាស់​ៗ​ទៀត​ទេ ព្រោះ​វា​មាន​ការ​ពុក​ផុយ។ ​ក្នុង​បណ្ណាល័យ​ជាតិ មាន​ឯកសារ​ចាស់​ៗ​ជា​​​ច្រើន​ ដូច្នេះ​ដើម្បី​រក្សា​ឯកសារ​ច្បាប់​ដើម​ ដែល​​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ បណ្ណាល័យ​ជាតិ​បាន​រៀប​ចំ​ស្កេន​ឯកសារ​ទាំង​នោះ​ ចូល​ក្នុង​ប្រព័ន្ធ​ឌីជីថល ហើយ​បញ្ចេញ​ទៅ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក»។ នេះ​ជា​ការ​ពន្យល់​របស់​អ្នក​ស្រី​ ខ្លូត វិបុល​ឡា​។ 
 
អ្នក​ស្រី​ ខ្លូត​ វិបុលឡា​ ក៏​បាន​លើក​ឡើង​ដែរ​​ថា ​បណ្ណាល័យ​ជាតិ ​គឺ​ជា​កន្លែង​ប្រមូល​ផ្ដុំ​រាល់​ការ​បោះ​ពុម្ព​គ្រប់​ប្រភេទ។ អ្នក​ស្រី​បន្ថែម​ថា​ ​​បណ្ណាល័យ​ជាតិ​កម្ពុជា ដើរ​តួជា​បណ្ណាល័យ​ជាតិ​ផង ជា​​​បណ្ណាល័យ​សាធារណៈ​ផង​ និង​ជា​បណ្ណាល័យ​សម្រាប់​កុមារ​ផង​។ ទាំង​នេះ​ដើម្បី​ជំរុញឱ្យ​​កូន​ខ្មែរ​ ស្រឡាញ់​ការ​អាន​​។ បណ្ណាល័យ​ជាតិ​ ក៏​បាន​ទាក់​ទង​ទៅ​អ្នក​និពន្ធ ឬ​អ្នក​បោះ​ពុម្ព​ឯកសារ​មួយ​ចំនួន​ ដែល​​​បោះ​ពុម្ព​សៀវ​ភៅ​​​​មិន​សម្រាប់​​លក់ ដើម្បី​យកសៀវ​ភៅ​ទាំង​នោះ​ ​ទៅ​ថត​ទុក​ជា​ឯកសារ​ តម្កល់​នៅ​ក្នុង​បណ្ណាល័យ​ជាតិ​ផង​ដែរ​​។ 
 
លោក ហុក សុទ្ធិ ប្រធាន​អង្គការ​ស៊ីប៉ា បាន​លើក​ឡើង​ថា​ ដើម្បី​​បង្កើត​​ទម្លាប់​អាន អ្នក​អាន​គួរ​តែ​​រក​សៀវ​ភៅ​ណា​ ដែល​​ងាយ​ស្រួល​អាន​ ងាយ​ស្រួល​យល់​ ដែល​ធ្វើ​ឱ្យ​អារម្មណ៍​សប្បាយ​រីក​រាយ​​នឹង​ការ​អាន​ជា​មុន​សិន​​។ ​លោក​​បន្ថែម​ថា សៀវ​ភៅ​ចែក​ជា​២​ប្រភេទ ១​ជា​ប្រភេទ​ឯកសារ គឺ​ពាក់​ព័ន្ធ​នឹង​ការ​ស្រាវ​ជ្រាវ​ និង​ការ​ពិត។​ ២​ជា​ប្រភេទប្រឌិត​កថា គឺ​ប្រលោម​លោក​ និង​ចម្រៀង​ជា​ដើម​ ដើម្បី​បំពេរ​និង​លួង​លោម​អារម្មណ៍​មនុស្ស​៕
 
 
 

Tag:
 សៀវ​ភៅ​
  អក្សរ​
  អក្សរ​សាស្ត្រ​
  អក្សរ​សិល្ប៍​
  បណ្ណាល័យ​
© រក្សាសិទ្ធិដោយ thmeythmey.com