អន្តរជាតិ
៨ព្រឹកលឿនពេក សាលាមួយចំនួននៅឌូបៃ ប្តូរម៉ោងចូលរៀនដើម្បីឲ្យ​សិស្ស​គេង​បានស្កប់ស្កល់​
15, Jan 2023 , 8:29 pm        
រូបភាព
ដោយ: ធីតា
សាលារៀនមួយចំនួន​នៅ​ក្រុងឌូបៃ ប្រទេស​អេមីរ៉ាតអារ៉ាប់រួម បាន​សម្រេចម៉ោង​សិក្សា​ក្រោយម៉ោង​៨ព្រឹក ជាពិសេស​ថ្នាក់​សិស្ស​តូចៗ និងកម្រិត​វិទ្យាល័យ​ ដើម្បីឲ្យពួក​គេ​បាន​គេង​លក់​គ្រប់គ្រាន់។ នេះ​បើតាម​ការផ្សាយ​របស់ The National UEA។
 
សិស្សនៅអេមីរ៉ាតអារ៉ាប់រួម ត្រូវទៅ​ដល់សាលា​ចន្លោះពីម៉ោង​៧ ទៅមក​ម៉ោង​៧ និង​កន្លះព្រឹក ដែលមានន័យ​ថា ពួក​គេ​ត្រូវ​ក្រោកពី​ដំណេកចន្លោះពីម៉ោង​​៥កន្លះដល់ម៉ោង​៦កន្លះព្រឹក អាស្រ័យ​លើ​ចម្ងាយ​រវាងផ្ទះ និងសាលារៀន។
 
ថ្នាក់ដឹកនាំ​នៃបណ្តា​សាលា​ជាច្រើននៅឌូបៃ បាន​អះអាងថា ការសម្រេចពន្យាម៉ោង​ចូល​រៀន ក្រោយម៉ោង​៨ព្រឹកនេះ គឺ​ដើម្បីឲ្យ​សិស្ស​គេ​ង​លក់​បាន​ស្កប់ស្កល់មុនធ្វើ​ដំណើរទៅសាលា ហើយ​ពួក​គេ​អាចមាន​វត្តមាន និង​ផ្តោត​លើ​ការ​សិក្សា​បាន​ច្រើន ជាជាងការអង្គុយ​ស្ងាប។
 
សាលា Bloom World Academy ចាប់ដំណើរ​ការ​នៅ​ខែសីហា ឆ្នាំ២០២២ ដែល​ជា​សាលា​ដំបូង ផ្តើម​ការ​សិក្សាពីម៉ោង៩ព្រឹក​ ដល់ម៉ោង​៤ល្ងាច ពោល​គឺ​មួយ​ម៉ោង​ក្រោយ​សាលារៀន​ទូទៅ​នៅ​ក្នុង​ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ រីឯសាលា Dubai British School Jumeriah Park បាន​ប្តូរពីម៉ោង​៧កន្លះ ទៅម៉ោង​៨ និង​១៥នាទីវិញ។
 
អ្នក​ស្រី Rebecca Coulter នាយិកា​សាលា Dubai British បានអះអាងថា ថ្នាក់ដឹកនាំ​សាលា​ទទួលបាន​មតិយោបល់ជាច្រើនពីអាណាព្យាបាលសិស្ស លើ​ការ​ចាប់​ផ្តើម​ចូលរៀន​យឺត។ អ្នក​ស្រី​បានបញ្ជាក់ថា៖ «ទាំងអស់គ្នា​សុទ្ធតែមាន​បញ្ហាជាមួយ​នឹង​ការ​ចាប់ផ្តើម​ចូល​រៀន​លឿនពេក។ យើង​បាន​ឃើញ​សកម្មភាព​ចូលរួម​ខ្លាំងក្លា​របស់​សិស្ស បើ​គិតចាប់តាំងពី​ការ​អនុវត្ត​ម៉ោង​ចូល​រៀន​យឺត»។ 
 
មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​និង​បង្កា​ជំងឺ​ឆ្លងអាម៉េរិក (CDC) បាន​បញ្ជាក់ថា ការគេងលក់មិន​ស្កប់ស្កល់​របស់​សិស្សវិទ្យាល័យ បង្ក​ឲ្យមាន​បញ្ហា​សុខភាពមួយចំនួន ដូចជាជំងឺលើ​សទម្ងន់ ការជំរុញឲ្យមាន​ការប្រើ​ប្រាស់​សារធាតុអាល់កុល ថ្នាំជក់ និងថ្នាំញៀន ហើយរួម​ទាំងរាំងស្ទះ​ដល់​សកម្មសិក្សា។
 
អ្នកជំនាញ​ផ្នែក​កុមារនៅ​សហរដ្ឋអាម៉េរិក បាន​ផ្តល់យោបល់​ឲ្យសាលាថ្នាក់មធ្យម​សិក្សា​ចាប់ផ្តើមម៉ោង​រៀន​នៅម៉ោង​៨កន្លះ ឬយូរជាងនេះ ដើម្បី​ធានា​ថា ក្មេងៗគេងលក់​បាន​គ្រប់គ្រាន់៕
 
 

Tag:
 អប់រំ
  ឌូបៃ
© រក្សាសិទ្ធិដោយ thmeythmey.com