ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ អាជ្ញាធរសង្កាត់បន្សាយរាក់ត្រៀមដី២ហិកតា សម្រាប់ធ្វើជាលានចាក់សំរាម 15, Jan 2023 , 2:59 pm
លោក ពីស ពីរ៉ាពឿង ចៅសង្កាត់រងបន្សាយរាក់។
× ក្រុងសំរោង, ឧត្ដរមានជ័យ៖ សំរាម ត្រូវបានពលរដ្ឋមួយចំនួនបោះចោលពាសវាលពាសកាល ទៅតាមប្រភពទឹក វាលស្រែ ផ្លូវសាធារណៈ និងលំនៅដ្ឋានពួកគេជាដើម។ ការណ៍នេះត្រូវបាន លោក ពី រ៉ាពឿង មើលឃើញជាបញ្ហាមួយ ដែលឃុំកំពុងជួបប្រទះនាពេលបច្ចប្បន្ន។
នាកិច្ចសម្ភាសន៍ជាមួយយុវជនសង្កាត់បន្សាយរាក់ កាលពីខែធ្នូកន្លងទៅ លោក ពីស ពីរ៉ាពឿង លើកឡើងថា បើទោះជាសង្កាត់ស្ថិតក្នុងក្រុងសំរោងក៏ដោយ ប៉ុន្តែនៅសង្កាត់ខ្លួនមិនមានសេវាប្រមូលសំរាម និងមិនមានទីលានចាក់សំរាមនោះដែរ។ «រឿងសំរាមនេះប្រជាជនមូលដ្ឋានយើង មិនដូចបរទេសទេ នៅតែរាយប៉ាយ ប្រជាយើង(ការយល់ដឹង)នៅមានកម្រិតនៅមូលដ្ឋាន»។ នេះជាការលើកឡើងរបស់ លោក ពីស ពីរ៉ាពឿង ដោយបន្ថែមថា បញ្ហាសំរាមឥតសណ្ដាប់ធ្នាប់នេះ ជារឿងមួយដែលអាជ្ញាធរកំពុងគិតគូរ និងរកដំណោះស្រាយ។
បើតាមសម្ដីរបស់ចៅសង្កាត់រងទី១នេះ អាជ្ញាធរបានត្រៀមដីចំនួន២ហិកតារួចហើយ នៅក្នុងភូមិភូមិ កសិ-ទេពពោធិវង្ស ធ្វើជាទីលានចាក់សំរាម សម្រាប់ប្រើប្រាស់ក្នុងសង្កាត់។ នេះជាការអះអាងរបស់ ចៅសង្កាត់រងទី១ លើផែនការបញ្ហាបរិស្ថានក្នុងសង្កាត់បន្សាយរាក់។
ចៅសង្កាត់រូបនេះបញ្ជាក់ទៀតថា កន្លងមកអាជ្ញាធរតែងរៀបចំកម្មវិធីចុះអប់រំ ផ្សព្វផ្សាយ ពីការគ្រប់គ្រងសំណល់ បរិស្ថាន ជាដើម ប៉ុន្តែពលរដ្ឋហាក់មិនសូវអាចធ្វើបាននៅឡើយ។ លោកសង្ឃឹមផងដែរថា ប្រសិនបើគម្រោងទីលានចាក់សំរាមចេញជារូបរាង នឹងជួយដល់ការកាត់បន្ថយការចោលសំរាមពាសវាលពាសកាល និងលើកកម្ពស់សុខភាពពលរដ្ឋ៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
ThmeyThmey
បន្សាយរាក់
ឧត្ដរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com