កីឡាអន្តរជាតិ
អន្តរជាតិ
AFF Cup ផ្តាច់ព្រ័ត្រជើងទី២៖ គ្រូថៃ ថាមិនលេងទប់យកស្មើវៀតណាមទេ ទោះមានប្រៀបគ្រាប់ចំណេញក្រៅដី
16, Jan 2023 , 2:59 pm        
រូបភាព
ក្រុមការពារតំណែងជើងឯកថៃ ត្រូវស្វាគមន៍វៀតណាមក្នុងការប្រកួតពានរង្វាន់ AFF Cup វគ្គផ្តាច់ព្រ័ត្រជើងទី២ នៅថ្ងៃទី១៦ ខែមករា នៅកីឡដ្ឋាន Thammasat វេលាម៉ោង ៧:៣០នាទីយប់។ ទោះថៃជាក្រុមមានប្រៀប ក្រោយលទ្ធផលជើងទីមួយ ២-២ ប៉ុន្តែគ្រូថៃលោក Mano Polking នឹងមិនប្រើទម្រង់ទប់យកស្មើដើម្បីលើកពានឡើយ។ លោក Polking ថាលេងទប់ គ្រោះថ្នាក់ដល់ក្រុមទៅវិញទេ។


កាលពីជើងទី១នៅកីឡដ្ឋាន My Dinh ទឹកដីវៀតណាម ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផល ២-២។ លទ្ធផលនេះ បានធ្វើឱ្យថៃក្លាយជាក្រុមមានប្រៀប ដ្បិតមានគ្រាប់ចំណេញក្រៅដីដល់ទៅ២គ្រាប់ ជាទុនសម្រាប់ទទួលវៀតណាមនៅទឹកដីខ្លួនវគ្គផ្តាច់ព្រ័ត្រជើងទី២។​​ ថៃ ត្រូវការលទ្ធផលត្រឹម ០-០ ឬ ១-១ នឹងក្លាយជាម្ចាស់ពានតំបន់អាស៊ានឆ្នាំ២០២២នេះ។
  

 
ទោះជាក្រុមមានប្រៀប​ ប៉ុន្តែលោក Mano Polking គ្រូបង្វឹកក្រុមថៃ នឹងមិនប្រើទម្រង់ការពារទល់ក្រុមភ្ញៀវវៀតណាមនៅជំនួបជើងទី២នេះឡើយ។
ក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី១៥ ខែមករា លោក Polking និយាយចំពោះមុខអ្នកកាសែតថា ជាហានិភ័យសម្រាប់ក្រុមទៅវិញទេ បើសិនក្រុមលោកព្យាយាមប្រកួតប្រជែងដោយយកប្រៀបគ្រាប់បាល់នៅជើងទី១ធ្វើជាទុននៅជើងទី២នោះ។
 
«ខ្ញុំ​សូមប្រាប់អ្នកទាំងអស់គ្នា យើង (ថៃ) ​នឹង​មិន​ព្យាយាម​លេងការពារទេ ព្រោះ​យើង​ដឹង​ថា​ការ​លេងទប់យក​ស្មើ​មានគ្រោះថ្នាក់ណាស់»។ លោក Polking បញ្ជាក់ដូច្នេះ មុនបន្ថែមដោយជឿងជាក់ថា ថៃឈានមកដល់វគ្គនេះ គឺប្រកួតដើម្បីឈ្នះ និងដើម្បីលើកពាន។
 
ដោយឡែកគ្រូវៀតណាមលោក Park Hang-seo ក្នុងការកាន់តំណែងគ្រូវៀតណាមក្នុងប្រកួតចុងក្រោយ មិនគិតថាលទ្ធផលស្មើ ២-២ ជើងទី១ ជាគុណវិបត្តិសម្រាប់ក្រុមលោកឡើយ។


 
ក្នុងសន្និសីទមុនប្រកួតនាប្រទេសថៃជាមួយគ្នានោះដែរ គ្រូសញ្ជាតិកូរ៉េខាងត្បូង ថារវាងក្រុមថៃ និងវៀតណាមស្ថិតក្នុងភាគរយ ៥០/៥០ដូចគ្នា។
«មនុស្សមួយចំនួនប្រហែលជាគិតថាលទ្ធផលពីការប្រកួតជើងទី១ជាគុណវិបត្តិសម្រាប់វៀតណាម ប៉ុន្តែយើងមានទំនុកចិត្តដោយដឹងថាយើងត្រូវតែឈ្នះ ហើយតាមពិតយើងធ្លាប់លេងការប្រកួតក្រៅដីនៅប្រទេសថៃ ហើយបានផ្តួលពួកគេរួចហើយ»។ លោក Park Hang-seo រៀបរាប់ដូច្នេះ។
 
លោក Park Hang-seo ដឹងច្បាស់ដូចគ្នាថា​ ថៃ​ក៏​មិន​ចាត់​ទុក​ខ្លួន​ជាក្រុមមាន​ប្រៀប​ដែរ ដ្បិតពួកគេបានដឹកពីសមត្ថភាពរបស់វៀតណាមរួចហើយ។
 
ជំនួបសរុបទាំង៩ប្រកួតរវៀងថៃ និងវៀតណាមនៅ AFF Cup គិតចាប់តាំងពីឆ្នាំ២០០៧មក ថៃមានលទ្ធផលល្អជាង ដោយឈ្នះ៤លើក ស្មើ៤ និងចាញ់តែមួយប៉ុណ្ណោះ៕
 
 
 

Tag:
 AFF Cup
© រក្សាសិទ្ធិដោយ thmeythmey.com