ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្ទឹងត្រែង៖ វត្តមានអនុវិទ្យាល័យកាំងចាម បានជួយឱ្យ​សិស្សបន្តការសិក្សា
16, Jan 2023 , 7:59 pm        
រូបភាព
 យុវជន ផយ កក្កដា (ពាក់ម៉ាស់ និងកាន់ប៊ិចពណ៌ក្រហម) អង្គុយរៀននៅសាលាអនុវិទ្យាល័យកាំងចាម។ រូបដោយ វតី
យុវជន ផយ កក្កដា (ពាក់ម៉ាស់ និងកាន់ប៊ិចពណ៌ក្រហម) អង្គុយរៀននៅសាលាអនុវិទ្យាល័យកាំងចាម។ រូបដោយ វតី
ស្ទឹងត្រែង៖ ក្រោយអនុវិទ្យាល័យកាំងចាម បង្កើតឡើង២ឆ្នាំ អត្រាសិស្សកើនឡើង ។ សិស្សានុសិស្សនៅទីនោះ មានបំណងបន្តការសិក្សាឲ្យបានខ្ពងខ្ពស់។
 
ក្រុមប្រឹក្សាឃុំកាំងចាម និងគណៈគ្រប់គ្រងអនុវិទ្យាល័យកាំងចាម កត់សម្គាល់ឃើញចំនួនសិស្ស កើនឡើង ជាពិសេសចំនួនសិស្សស្រី ក្រោយមានថ្នាក់អនុវិទ្យាល័យ ។ 
ឈរក្បែរដងទង់ជាតិ នៅខាងមុខអគារសិក្សា មាន៣បន្ទប់ នៃអនុវិទ្យាល័យកាំងចាម លោក លោក ពៅ ជាង ថ្លែងទាំងទឹកមុខស្រស់ស្រាយថា ចំនួនសិស្សនៅថ្នាក់អនុវិទ្យាល័យនេះ មានការកើនឡើងដល់១២០នាក់ នៅឆ្នាំ២០២២ បើធៀបឆ្នាំ២០២១ មានសិស្សត្រឹមតែ៩០នាក់ប៉ុណ្ណោះ។ 
 

លោក ពៅ ជាង ជាគណគ្រប់គ្រងអនុវិទ្យាល័យកាំងចាម ឈរជជែឪឮកជាមួយក្រុមសារព័ត៌មាន។ រូបដោយ ភ្លែនអន្តរជាតិកម្ពុជា

គណៈគ្រប់គ្រងអនុវិទ្យាល័យកាំងចាមរូបនេះ សន្និដ្ឋានថា៖ «ការបង្កើតអនុវិទ្យាល័យនៅតំបន់ដាច់ស្រយាលបែបនេះ  ដែលជាផ្តួតផ្ដើមរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានជួយឲ្យសិស្សមានឱកាសបន្តការសិក្សាកាន់តែច្រើន និងកាត់បន្ថយការបោះបង់ការសិក្សា»។
 
អនុវិទ្យាល័យកាំងចាម ទើបតែបង្កើតឡើងរយៈពេល២ឆ្នាំប៉ុណ្ណោះ ចាប់ពីឆ្នាំ២០២១មក។ កាលពីមិនទាន់មានថ្នាក់អនុវិទ្យាល័យនោះ សិស្សដែលរៀនចប់ថ្នាក់បឋម នៅក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់នេះ ត្រូវទៅបន្តសិក្សាថ្នាក់អនុវិទ្យាល័យនៅស្រុកសៀមបូក ដែលត្រូវជិះទូក ឬសាឡង់ ឆ្លងទន្លេ ដើម្បីទៅដល់សាលារៀន។ ជម្រើសមួយទៀត គឺពួកគេត្រូវបន្តការសិក្សានៅទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយជាង២០គីឡូម៉ែត្រ ទៅ៤០គីឡូម៉ែត្រ ពីផ្ទះ។ 
 
ជុំវិញករណីនេះ លោក អោម បេន ជំទប់ទីមួយ នៃក្រុមប្រឹក្សាឃុំកាំងចាម ក៏បានចូលរួមតាមដានវឌ្ឍនភាពការអប់រំក្នុងឃុំដែរ។ បើតាមលោក បេន កន្លងមកដោយសារកត្តាជីវភាព ចម្ងាយផ្លូវ និងការព្រួយបារម្ភសុវត្ថិភាពផ្ទាល់ខ្លួន បានធ្វើឲ្យសិស្សជាច្រើនពុំបានបន្តការសិក្សា ពិសេសសិស្សស្រី។ 


លោក អោម បេន ជំទប់ទីមួយ នៃក្រុមប្រឹក្សាឃុំកាំងចាម ។ រូបដោយ វតី 

«សិស្សស្រីជួបការលំបាកច្រើន ជាងសិស្សប្រុស។ ពួកគេ(សិស្សស្រី)ត្រូវ ធ្វើដំណើរតាមផ្លូវលំបាកនិងឆ្ងាយ ជីវភាពក៏ពុំមែនជាអ្នកធូរធាណាស់ណា បូករួមការងារផ្ទះទៀត។ ហើយគ្រួសារមួយចំនួនពុំបានយកចិត្តទុកដាក់ការរៀនសូត្ររបស់កូនឲ្យខ្ជាប់ខ្ជួនឡើយ»។ នេះជាការលើឡើងរបស់ ជំទប់ទីមួយនៃឃុំកាំងចាម ដោយបញ្ជាក់ថា នៅឃុំកាំងចាមមានពលរដ្ឋជាង១២០០គ្រួសារ ក្នុងនោះមានប្រជាជនប្រមាណជិត៣ពាន់នាក់។ 
 
យុវជន និងអាណាព្យាបាល នៅស្រុកថាឡាបរិវ៉ាត់ ស្នើឲ្យបង្កើតវិទ្យាល័យ
 
យុវជន ផយ កក្កដា ដែលរស់នៅក្នុងស្រុកថាឡាបរិវ៉ាត់ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ ពីអារម្មណ៍រីករាយថា វត្តមានអនុវិទ្យាល័យកាំងចាម បានជួយឲ្យក្មេងៗជាច្រើន រួមទាំងខ្លួនផ្ទាល់ផង បានបន្តការសិក្សា។ សព្វថ្ងៃនេះ កក្កដា ដែលមានវ័យ១៣ឆ្នាំ មានបំណងចង់ធ្វើជាគ្រូបង្រៀន ដើម្បីចែកចាយចំណេះដឹង ដល់ពលរដ្ឋក្នុងស្រុក ខណៈដែលខ្លួនបានកត់សម្គាល់ឃើញថា នៅជនបទខ្វះគ្រូបង្រៀន ហើយពិបាកក្នុងបន្តការសិក្សា ព្រោះកត្តាគួបផ្សំជាច្រើន។ 
 
កំពុងឈរមុខថ្នាក់រៀន ជជែកជាមួយក្រុមអ្នកសារព័ត៌មាន ភ្លាមៗនោះ កក្កដា ក៏បន្តថា៖ «ចប់អនុវិទ្យាល័យទៅ ខ្ញុំមានបំណងរៀនវិទ្យាល័យបន្តទៀត ហើយក៏ដើម្បីធ្វើគ្រូបង្រៀន ប៉ុន្តែមិនច្បាស់ថា អាចបន្តបានឬអត់ទេ ព្រោះនៅតំបន់នេះ ឥតមានវិទ្យាល័យឡើយ មានតែនៅទីរួមខេត្ត។ បើមានលទ្ធភាព ឪពុកម្ដាយឲ្យបន្ត ខ្ញុំនឹងខិតខំរៀន»។ 
 
ដូចគ្នា នឹងយុវជន កក្កដា ដែរ យុវតី សាន ស្រីឡាក់ សុទ្ធតែមានបំណងចង់បន្តការសិក្សាឲ្យបានវែងឆ្ងាយ ដើម្បីត្រឡប់ទៅជួយសហគមន៍របស់ពួកគេវិញ។ ស្រីឡាក់ ក៏ជាអ្នករស់នៅស្រុកថាឡាបរិវ៉ាត់នេះ រីករាយដែលបានបន្តការសិក្សា នៅសាលារៀនដែលកាន់តែជិតជាងមុននេះ។ 
 
«បើមិនមានសាលានេះ ខ្ញុំប្រហែលឈប់បាត់ហើយ! ព្រោះម៉ែ ខ្ញុំអត់លុយគ្រប់គ្រាន់ឲ្យខ្ញុំទៅរៀនបន្ត នៅស្រុកផ្សេង ព្រោះឆ្ងាយ»។ នេះជាការលើកឡើងរបស់ យុវតីវ័យ១៦ឆ្នាំ ដែលមានបំណងរៀនឲ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយជាគ្រូពេទ្យ។ 
 
រាល់ថ្ងៃ យុវតីរូបនេះ និងមិត្តរបស់ខ្លួនបានចំណាយពេលជិះម៉ូតូប្រមាណ១ម៉ោងទើបដល់សាលារៀន។ បញ្ហាប្រឈមរបស់ពួកគេ គឺផ្លូវធ្វើដំណើរឆ្ងាយ ហើយផ្លូវមានការលំបាក។ ជួនកាល បើស្រីឡាក់ និងមិត្តភក្តិ មាននរណាម្នាក់អាក់ខានពុំបានទៅរៀន គឺឪពុកម្ដាយរបស់ពួកគេជាអ្នកជូនទៅសាលា។ ស្រីឡាក់ បានលើកឡើងបែបនេះ៖ «ពេលរដូវវស្សា ផ្លូវលំដីក្រហមកាន់តែពិបាកធ្វើដំណើរ រអិល ពិបាកជិះម៉ូតូ ហើយពេលខ្លះអត់បានទៅរៀនទេ ហើយគ្រូក៏យោគយល់។ អ្វីដែលបារម្ភ ពីបញ្ហាធ្វើដំណើរមួយទៀត គឺខូចម៉ូតូពេលធ្វើដំណើរ»។ 
 
គណៈគ្រប់គ្រងអនុវិទ្យាល័យកាំងចាម ក៏ពិនិត្យឃើញពីស្ថានភាពលំបាករបស់សិស្សក្នុងការសិក្សាដែរ។ ចំណែក ស្ថានភាពក្នុងសាលាវិញ មានការខ្វះគ្រូបង្រៀន និងខ្វះថ្នាក់រៀន។ បើតាមលោក ពៅ ជាង គ្រូបង្រៀន នៅអនុវិទ្យាល័យកាំងចាម មានតែ៤នាក់ប៉ុណ្ណោះ ដែលតម្រូវឲ្យគ្រូខ្លះ បង្រៀនមុខវិជ្ជា ដែលមិនមែនជាជំនាញរបស់ពួកគេ ។
 
ទីធ្លាសាលាអនុវិទ្យាល័យកាំងចាមមានទំហំប្រមាណ២ហិកតា។ លោក ពៅ ជាង ដែលបានផ្អៀងភ្នែកសម្លឹងទៅកាន់ទីធ្លាសាលារៀននោះ បានសង្កត់ធន់ថា គ្រូ ,ថ្នាក់រៀន និងបញ្ហាផ្លូវ ជាចំណុចខ្វះខាត។ ប៉ុន្តែករណីនេះ អាចដោះស្រាយបានម្ដងបន្តិចៗ តាមការរៀបចំរបស់ក្រសួង មន្ទីរ និងអាជ្ញាធរ។ 
 
សម្រាប់លោក ពៅ ជាង បញ្ហាចម្បង គឺខ្វះវិទ្យាល័យ ដែលធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស ។ «អ៊ីចឹងបាន ខ្ញុំចង់សំណូមពរថ្នាក់ដឹកនាំ​ឲ្យបង្កើតថ្នាក់កម្រិតវិទ្យាល័យនៅទីនេះបន្ថែម ព្រោះពលរដ្ឋតំបន់នេះច្រើន ហើយឃុំក្បែរនេះ ក៏អាចបន្តការសិក្សានៅនេះបានផងដែរ។ សាលាជាផ្នែកមួយសំខាន់ជួយទប់ស្កាត់ការបោះបង់ការសិក្សាក្នុងកម្រិតវិទ្យាល័យនៅតាមជនបទ។ បើមិនមានទេ សិស្សដែលសិក្សានៅទីនេះ ខ្លះជិះមកប្រមាណ២០គីឡូម៉ែត្រទៅហើយ ចុះទម្រាំទៅរៀនវិទ្យាល័យនៅខេត្តគឺកាន់តែឆ្ងាយ ជាង៣០ទៅ៤០គីឡូម៉ែត្រហើយ»។ នេះបើតាមគណៈគ្រប់គ្រងវិទ្យាល័យកាំងចាម ដែលបារម្ភថា សិស្សអាចនឹងបោះបង់ការសិក្សាវិញ នៅពេលដល់កម្រិតវិទ្យាល័យ ព្រោះតែគ្មានសាលារៀន នៅទីនេះ។ 
 
ទាក់ទិននឹងការស្នើសុំឲ្យមានការសាងសង់វិទ្យាល័យនេះ លោក ម៉ែន គង់ អ្នកនាំពាក្យខេត្តស្ទឹងត្រែង បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទនៅរសៀលថ្ងៃទី៩ មករាថា ក្រុមការងារបានគិតគូរហើយ លើបញ្ហានេះ។ លោកថា កន្លងមកក៏មានការស្នើទៅអភិបាលខេត្ត និងប្រធានមន្ទីរ ឲ្យពិនិត្យទីតាំងសមរម្យដើម្បីរៀបចំសាងសង់នៅទីនោះដែរ។ 
 
«ពិតណាស់ តំបន់ឃុំកាំងចាមជាពលរដ្ឋច្រើន គួរតែមានវិទ្យាល័យ ដើម្បីសិស្សនៅតំបន់នោះ បន្ទាប់ពីបញ្ចប់កម្រិតអនុវិទ្យាល័យ ហើយឃុំផ្សេងៗក្បែរនោះ ក៏អាចនៅរៀនបន្ត​ទីនោះដែរ»។ ជាការលើកឡើងរបស់ លោក ម៉ែង គង់ ហើយបានឲ្យដឹងថា នៅស្រុក ថាឡាបរិវ៉ាត់ មានអនុវិទ្យាល័យគ្រប់ឃុំអស់ហើយ។ 
 
នៅឆ្នាំថ្មី២០២៣នេះ ចំនួនសិស្សនៅខេត្តស្ទឹងត្រែងមានការកើនឡើង ពិសេសកម្រិតបឋម និងអនុវិទ្យាល័យ។ ចំណែកនៅទូទាំងខេត្តស្ទឹងត្រែង មានវិទ្យាល័យត្រឹមតែ៨ទីតាំងប៉ុណ្ណោះ។ នេះបើតាមអ្នកនាំពាក្យខេត្តស្ទឹងត្រែង៕ 
 
 
 

Tag:
 បទយកការណ៍
  ស្ទឹងត្រែង
  ការសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com