ជាតិ
STC ប្រកាសរើសយុវជន៣០០នាក់ដើម្បីចូលរៀនវគ្គបណ្ដុះបណ្ដាលវិស័យសណ្ឋាគារ
16, Jan 2023 , 8:59 pm        
រូបភាព
ប្រធានក្លឹបទេសចរណ៍សៀមរាប លោក ហ្វីលីព កៅ
ប្រធានក្លឹបទេសចរណ៍សៀមរាប លោក ហ្វីលីព កៅ
សៀមរាប៖ សមាគមក្លឹបទេសចរណ៍សៀមរាប ហៅកាត់ថា STC បានប្រកាសជ្រើសរើសយុវជន ពិសេសយុវជនមិនទាន់មានការងារធ្វើ ឬទើបរៀនចប់ថ្នាក់វិទ្យាល័យ​ ឬធ្លាក់បាក់ឌុប សរុប ៣០០នាក់ ដើម្បីចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលជំនាញវិស័យសណ្ឋាគារដោយឥតគិតថ្លៃ។
 
ប្រធាន STC លោក ហ្វីលីព សែត កៅ បានប្រាប់សារព័ត៌មានថ្មីៗថា សព្វថ្ងៃបុគ្គលិកបម្រើការក្នុងវិស័យ ទេសចរណ៍ ពិសេសផ្នែកសណ្ឋាគារកំពុងខ្វះខាត។ លោកពន្យល់ថា វិបត្តិកូវីដ១៩រយៈពេល៣ឆ្នាំ ធ្វើឱ្យអ្នកធ្វើការក្នុងវិស័យនេះ បានងាកទៅចាប់អាជីពផ្សេង និងភាគច្រើនមិនបានវិលត្រឡប់វិញឡើយ។ 
 
លោក ហ្វីលីព ពន្យល់បន្ថែមយ៉ាងដូច្នេះថា៖« បញ្ហាកូវីដ១៩ ២០១៩ ធ្វើឱ្យវិស័យទេសចរណ៍ ពិសេសវិស័យសណ្ឋាគារ បានបាត់បង់បុគ្គលិកយ៉ាងច្រើន ដោយសារពួកគាត់មិនមានភ្ញៀវចេញចូល ប្រទេសកម្ពុជា ឬខេត្តសៀមរាប ពួកគាត់ក៏បានទៅចាប់យកអាជីពផ្សេងៗ អ្នកខ្លះបានចេញពីសៀមរាប​ដើម្បីទៅធ្វើការខេត្តផ្សេង»។ 
 
កង្វះបុគ្គលិកផ្នែកវិស័យសណ្ឋាគារបានកើតឡើង ក្រោយពេលរាជរដ្ឋាភិបាលប្រកាសបើកប្រទេស និងទទួលទេសចរឡើងវិញនៅចុងឆ្នាំ២០២១។ ម្ចាស់សណ្ឋាគារបានជួបបញ្ហាមិនមានបុគ្គលិកធ្វើការ ដូច្នេះពួកគេត្រូវប្រកាសរកបុគ្គលិកថ្មី។ យ៉ាងណា លោក ហ្វីលីព បញ្ជាក់ថា នេះជាបញ្ហាដែលកើតឡើង មិនមែនតែនៅកម្ពុជា តែជាបញ្ហាកំពុងកើតឡើងជាសកល។ 
 
កាលពីពេលថ្មីៗនេះ សមាគមក្លឹបទេសចរណ៍សៀមរាប ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពី មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការគាំទ្រកម្មវិធីបណ្ដុះបណ្ដាល ពីគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ដើម្បីផ្តល់បណ្ដុះបណ្ដាលលើ​ផ្នែកបដិសណ្ឋារកិច្ច។ ជំនាញទាំងនោះរួមមាន ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ ភេសជ្ជៈ ជំនាញក្រឡុកស្រា និងជំនាញគេហកិច្ច។ ការទទួលពាក្យចូលរៀន គឺចាប់ពីខែមករា តទៅ។
 
លោក ហ្វីលីព បន្តថា គម្រោងបណ្ដុះបណ្ដាលនេះ នឹងផ្តល់ឱកាសម្រាប់យុវជននៅស្រុកចំនួន៥ រួមមាន ជីក្រែង ក្រឡាញ់ បាគង អង្គរជុំ និងស្រុកវ៉ារិន។ ពួកគេនឹងមានឱកាសិក្សារយៈពេល៦ខែ ដោយសិក្សា ទាំងទឹ្រស្ដី ការអនុវត្ត និងការចុះហ្វឹកហាត់ផ្ទាល់តាមមូលដ្ឋានអាជីវកម្មនានាក្នុងខេត្តសៀមរាប។ ក្រៅពីនោះ សិក្ខាកាមនឹងទទួលបានប្រាក់ឧបត្ថម្ភ ១៥០ដុល្លារក្នុងមួយខែ អាហារកំឡុងពេលរៀន សម្ភារសិក្សា ឯកសណ្ឋាន ការប្រឹក្សាការងារ និងជួយស្វែងរកការងារបន្ទាប់ពីបញ្ចប់វគ្គសិក្សា។ 
 
មានការរំពឹងខ្ពស់ថា កម្ពុជាក៏ដូចជាខេត្តសៀមរាប នឹងទទួលច្រើនត្រឡប់មកវិញ ពិសេសទេសចរ​ជនជាតិចិន ​បន្ទាប់ពីរដ្ឋាភិបាលចិន ប្រកាសបើកឱ្យប្រជាជនខ្លួន ចេញក្រៅប្រទេសឡើងវិញ កាលពីថ្ងៃទី៨ មករា។  លោក ហ្វីលីព បញ្ជាក់ថា ប្រសិនដូច្នោះមែន អ្នកបម្រើលើវិស័យនេះ នឹងខ្វះខាត ខណៈសព្វថ្ងៃនេះ មានត្រឹម១ភាគ៣​នៃវិស័យ​ទាំងមូលប៉ុណ្ណោះ។
 
សូមបញ្ជាក់ថា គម្រោងបណ្ដុះបណ្ដាលខាងលើ អាចនឹងចាប់ផ្តើមនៅអំឡុងខែ មីនា ខណៈដែលសព្វថ្ងៃមានយុវជនមួយចំនួនហើយ បានចុះឈ្មោះ និងទទួលពាក្យជាបន្តបន្ទាប់៕
 
 
 
 

Tag:
 STC
  សមាគមក្លឹបទេសចរណ៍សៀមរាប
  ទេសចរណ៍សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com