ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ពលរដ្ឋឃុំអន្សាចំបក់ ស្នើឱ្យអាជ្ញាធរ ដាក់លូកាត់ប្រឡាយដើម្បីឆ្លងចូលផ្ទះពួកគេ
17, Jan 2023 , 7:59 am        
រូបភាព
ដោយ៖ ឃឿន លីហួរ (យុវជនឃុំអន្សាចំបក់) 

ស្រុកក្រគរ, ពោធិ៍សាត់៖ ពលរដ្ឋប្រមាណ១០គ្រួសារ នៅភូមិថ្កុលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មិនទាន់មានផ្លូវធ្វើដំណើរចេញ-ចូល លំនៅដ្ឋានរបស់ខ្លួនទេ។ សព្វថ្ងៃពលរដ្ឋទាំងនោះត្រូវដើរកាត់ភ្លឺស្រែ ឬហែលទឹកប្រឡាយ ដើម្បី​ទៅផ្ទះរបស់ខ្លួន។ ​ពួកគេស្នើឱ្យអាជ្ញាធរឃុំ ដាក់លូ កាត់ប្រឡាយ ដើម្បីអាចឱ្យពួកគេបានធ្វើដំណើរចេញ-ចូលផ្ទះងាយស្រួល។
អ្នកស្រី ឈឹម សារ៉ន ពលរដ្ឋរស់នៅភូមិថ្កុលតូច បានឱ្យដឹងថា បច្ចុប្បន្ននៅភូមិថ្កុលតូច មានពលរដ្ឋប្រហែល ១០គ្រួសារ មិនមានផ្លូវសម្រាប់ធ្វើដំណើរចេញ ឬចូលផ្ទះ​នោះទេ។ ​បញ្ហានេះកើតឡើងក្រោយអាជ្ញាធរ បានជីកប្រឡាយទាញយកប្រភពទឹក ដើម្បីសម្រួលដល់ការងារកសិកម្មរបស់ពលរដ្ឋ។ ប្រជាពលរដ្ឋខ្លះ ត្រូវហែលឆ្លងប្រឡាយ ដើរលើភ្លឺស្រែ ឬដើរកាត់ស្រែអ្នកភូមិ ដែលមធ្យោបាយតែមួយគត់ ដែលអាចនាំពួកគេទៅផ្ទះបាន។


លោក ផាន់ សំបូរ មេឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
អ្នកស្រី ឈឹម សារ៉ន អះអាងថា ការធ្វើបែបនេះ បានការលំបាក និងប៉ះពាល់ដល់សុវត្ថិភាព របស់ពលរដ្ឋ ដែលធ្វើដំណើរនៅពេលយប់។ ម្យ៉ាងទៀត ការជីកប្រឡាយនេះ ទំនងអាជ្ញាធរ ពុំបានសិក្សាឱ្យបានច្បាស់លាស់។ 
 
ចំពោះមុខ អ្នកស្រី ទាមទារឱ្យអាជ្ញាធរ ឃុំអន្សាចំបក់ ដាក់លូ កាត់ប្រឡាយ ដើម្បីផ្ដល់មធ្យោបាយធ្វើដំណើរប្រសើរមួយដល់ពលរដ្ឋទាំង១០គ្រួសារនោះ។ អ្នកស្រី ឈឹម សារ៉ន ប្រាប់ដូច្នេះថា៖«បច្ចុប្បន្ន គ្នា(ពលរដ្ឋ) ចង់ឆ្លងមកអីហ្នឹង ត្រូវហក់ទឹក ហក់ភក់ហើយ។ ប្រសិនបើ ដាក់លូ នៅចំក្បាលស្រែរបស់ខ្ញុំ ពួកគាត់អាចឆ្លងប្រឡាយទៅបាន។ បញ្ហាធំមួយ គឺនៅពេលពួកគាត់ឆ្លងកាត់ស្រែ អីហ្នឹងធ្វើឱ្យប៉ះពាល់ដល់ស្រូវ។ ម្យ៉ាងទៀត ប្រសិនមាននរណាស្រវឹង ឬខ្យល់គរអី ត្រូវដួលក្នុងស្រែ ឬប្រឡាយហ្នឹងហើយ។ អ៊ីចឹង បានខ្ញុំនិយាយថា វាពិបាកឆ្លង»។ 
 
ជុំវិញ ការស្នើសុំនេះ លោក ផាន សំបូរ មេឃុំអន្សាចំបក់ បានបញ្ជាក់ថា ឃុំមានផែនការដាក់លូ កាត់ប្រឡាយនេះរួចរាល់ហើយ ប៉ុន្តែដោយសារកង្វះថវិកា ទើបធ្វើឱ្យមានការរាំងស្ទះ។ ទន្ទឹមនេះ លោក អំពាវនាវដល់ពលរដ្ឋឱ្យចូលរួមជាមួយអាជ្ញាធរ ក្នុងដាក់លូ ឬការអភិវឌ្ឍនានាក្នុងឃុំបន្ថែមទៀត៕
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ការអភិវឌ្ឍន៍ឃុំ
  ហេដ្ឋារចនាសម្ព័ន្ធ
 ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com