ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនម៉េងលី ជេគួច អេឌ្យូខេសិន គ្រោងនឹងពង្រីកសាលា ១៦០សាខាទៀតទូទាំងប្រទេសកម្ពុជា និងបោះផ្សាយភាគហ៊ុនទៅកាន់វិនិយោគិន
16, Jan 2023 , 4:25 pm        
រូបភាព
ត្រឹមឆ្នាំ២០១៩ ក្រុមហ៊ុនម៉េងលី ជេ គួច អេឌ្យូខេសិន បានពង្រីកសាខារហូតដល់ទៅ៣ ទីតាំងក្នុងពេលតែមួយ ជាលទ្ធផល ប្រាក់ចំណេញ ក៏ធ្លាក់ចុះតាមនោះ។ បើសិនជាក្រុមហ៊ុនចេញ IPO ភាគហ៊ុននឹងមានតម្លៃថោក ទាំងនោះហើយជាហេតុផលដែលរារាំងដំណើរការ។ ដោយឡែក ហេតុផលមួយទៀតនោះ គឺ SERC មិនទាន់រួចរាល់សម្រាប់ការចុះបញ្ជីភាគហ៊ុននៅពេលនោះ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា៖ មកទាល់ពេលនេះ គឺជាពេលវេលាដ៏ត្រឹមត្រូវ មុនការបោះឆ្នោត។ ទី១ គឺពួកយើងជឿជាក់លើការរីកចម្រើន ទី២ គឺពួកយើងជឿជាក់លើការគាំទ្រពីអតិថិជន មាតាបិតា​ និងអ្នកវិនិយោគ ហើយទី៣ គឺជាការបង្ហាញការគាំទ្រជាមួយរដ្ឋាភិបាលថា ប្រទេសកម្ពុជាបច្ចុប្បន្នមានស្ថិរភាព។ ក្រុមហ៊ុនរបស់ពួកយើងបានធ្វើសវនកម្ម៥-៧ឆ្នាំរួចហើយ​ចាប់ពីឆ្នាំ ២០១៦ យើងធ្វើតាមតម្រូវការរបស់សវនកម្ម និងតម្រូវការរបស់រដ្ឋាភិបាល។ ពួកយើងកំពុងអនុវត្តតាមតម្រូវការរបស់រដ្ឋាភិបាលសម្រាប់ចុះបញ្ជីក្រុមហ៊ុនចូលក្នុងទីផ្សារភាគហ៊ុន ហើយនៅពេលដែលយើងសម្រេចចិត្តចុះហត្ថលេខាសម្រាប់ទទួលការធានា (Underwriter) ពី RHB Securities ពួកគេក៏ត្រូវការផ្នែកច្បាប់ រួមទាំងក្រុមហ៊ុនសវនកម្មដែរ។ ក្រៅពី RHB Securities ពួកយើងមានផ្នែកច្បាប់ និងសវនកម្ម ដើម្បីជួយនាំផ្លូវទៅរកអ្វីដែលត្រូវការ។ ពិតណាស់ ពួកយើងទទួលបានក្រុមហ៊ុនសវនកម្មឯករាជ្យមួយ ដោយពួកយើងបានជ្រើសយក BDO។ 


 
ប៉ុន្តែអ្វីដែល ត្រូវការបន្ថែមទៀតនោះ គឺពេលវេលា ពីព្រោះថាការចេញ IPO គឺត្រូវការរយៈពេល១ឆ្នាំ។ ទោះជាយ៉ាងណា ដោយសារតែក្រុមហ៊ុនពួកយើងបានត្រៀមខ្លួនរួចរាល់ ពួកយើងចំណាយពេលតែ៣ខែកន្លះតែប៉ុណ្ណោះ។ ចាប់ពីចុងខែ១២ ឆ្នាំ២០២២ ពួកយើងសង្ឃឹមថា នឹងអាចដាក់ចេញនៅចុងខែ៣ ឆ្នាំ២០២៣នេះ។ ពួកយើងមានគណៈគ្រប់គ្រងដែលខ្លាំង ដូច្នេះពួកយើងគិតថា នឹងអាចដំណើរការទៅមុខ។
 
គោលបំណងដែលដាក់ចេញ IPO គឺដើម្បីផ្សព្វផ្សាយសាលារបស់ក្រុមហ៊ុនម៉េងលី ជេ គួច អេឌ្យូខេសិន និងអនុញ្ញាតវិនិយោគិនមានឱកាសក្លាយជាផ្នែកមួយរបស់ក្រុមហ៊ុន ហើយជឿជាក់ថា វិនិយោគិនភាគច្រើន គឺជាមាតាបិតាសិស្ស និងប្រជាជនកម្ពុជាដែលមានកូនៗរៀននៅសាលានេះ។
 
ដូច្នេះក្រុមហ៊ុនគិតថា ការដែលចូលរួមជាមួយ IPO នឹងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង គួបផ្សំនឹងកម្ចីធនាគារ យើងនឹងពង្រីកសាខា ២០ទៀត ដែលបានកក់ដី និងអគាររួចហើយ និងអាចពង្រីកដល់តំបន់ដែលអ្នកគាំទ្រស្នើសុំឱ្យក្រុមហ៊ុនទៅ ហើយពេលនេះ យើងមានកន្លែងរាប់រយដែលយើងចង់ពង្រីកនៅគ្រប់ជ្រុងជ្រោយនៃប្រទេសកម្ពុជា។ ពួកយើងមិនបារម្ភលើតម្លៃសិក្សានោះទេ ដោយសារតម្លៃនោះមានឡើងចុះទៅតាមទីតាំងសាលា និងតាមប្រាក់ចំណូលរបស់មាតាបិតាសិស្ស។


 
ក្រុមហ៊ុនម៉េងលី ជេ គួច អេឌ្យូខេសិន នៅមានសាលា ១៦០ កន្លែងទៀត ដែលចង់ពង្រីក ខណៈបច្ចុប្បន្ន ក្រុមហ៊ុនទើបតែមាន១៥សាខាទេ ដូច្នេះនៅមានដំណើរវែងឆ្ងាយទៀត។
ពេលជាមួយគ្នាដែរ ក្រុមហ៊ុនចង់ឱ្យវិនិយោគិនចូលរួម ហើយវិនិយោគលើក្រុមហ៊ុនម៉េងលី ជេគួច និងអាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment, FDI)។ ក្រុមហ៊ុនដាក់ចេញតែ​ ៤-៦ភាគរយ​ នៃភាគហ៊ុនតែប៉ុណ្ណោះ ដែលមានតម្លៃប្រហែល ១០លានដុល្លារ អាស្រ័យលើការអនុញ្ញាតរបស់ SERC។ ជាអតិបរមា ក្រុមហ៊ុនដាក់ចេញ២០ភាគរយបើមានតម្រូវការបន្ថែម។ 
 
ក្រុមហ៊ុន មានគម្រោងទទួលបានតម្លៃចុងក្រោយនៅសប្តាហ៍ទី៣នៃខែមករា ហើយគិតថា នឹងមានមនុស្សជាច្រើនចូលរួមជាមួយដំណើរការនេះ។ ក្រុមហ៊ុនមានតម្រូវការច្រើនពីក្រៅប្រទេស ដូចជាសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ដូច្នេះសង្ឃឹមថា អាចឆ្លើយតបតម្រូវការបានដល់ពួកគេទាំងអស់ ដូច្នេះសង្ឃឹមថាការកំណត់តម្លៃចុងក្រោយនឹងត្រូវបានសម្រេចនៅសប្តាហ៍ទី៣នៃខែមករា៕












 

Tag:
 AIS
© រក្សាសិទ្ធិដោយ thmeythmey.com