កីឡាអន្តរជាតិ
អន្តរជាតិ
ចាញ់២ប្រកួតក្រៅដីជាប់គ្នា គ្រូ PSG រំលឹកកូនក្រុមពង្រឹងភាពខ្លាំងឡើងវិញ ព្រោះ World Cup ចប់ហើយ​
16, Jan 2023 , 5:39 pm        
រូបភាព
លោក​​​ Christophe Galtier អ្នកចាត់ការទូទៅ Paris Saint Germain បង្ហាញការខកចិត្តចំពោះកូនក្រុមក្រោយប្រកួតចាញ់ក្រុម Rennes ក្នុងលទ្ធផល ១-០ នៃជំនួបក្របខណ្ឌលីគកំពូលបារាំង Ligue 1 នៅរាត្រីថ្ងៃទី១៥ ខែមករា។ ក្រោយបរាជ័យលោក Galtier បានផ្តាំកូនក្រុមឱ្យផ្តោត និងពង្រឹងភាពខ្លាំងឡើយវិញ​ ព្រោះ World Cup ចប់ហើយ។


ក្រុមរហ័សនាមអ្នកមានបារាំងចាប់ផ្តើមការប្រកួតក្នុងឆ្នាំ ២០២៣ ក្នុងនាមក្រុមស្ថិតនៅចំណាត់ថ្នាក់កំពូលតារាង ​Ligue 1 ដោយដាច់ពិន្ទុក្រុមលេខពីរ RC Lens ៧ពិន្ទុ។ ប៉ុន្តែឆ្លងកាត់ ៣ប្រកួតចុងក្រោយ PSG ហាក់មានទម្រង់មិនសូវល្អដោយរងបរាជ័យក្រៅដី ២លើកជាប់គ្នាតែម្តង ដែលធ្វើឱ្យពួកគេថយគម្លាតពិន្ទុពីក្រុម RC Lens មកត្រឹមតែ ៣ពិន្ទុ។ PSG ប្រកួតចាញ់ក្រុម RC Lens ក្រៅទឹកដីក្នុងលទ្ធផល ៣-១ និងចាញ់ Rennes កាលពីយប់មិញនេះដោយលទ្ធផល ១-០។
 
ក្រោយលទ្ធផលបរាជ័យជាលើកទីពីរក្រៅដីសម្រាប់ពានរង្វាន់ក្នុងស្រុក លោក Galtier ដែលជាគ្រូបង្វឹកប្រឈមមុខការរិះគន់ចំពោះបរាជ័យនេះ ខណៈកូនក្រុមសុទ្ធសឹងជាតារាបាល់ទាត់ដែលមានឈ្មោះលេងនៅព្រឹត្តិការណ៍ ​World Cup 2022។
 
 គ្រូបង្វឹកវ័យ ៥៦ឆ្នាំរូបនេហ បានបង្ហាញអារម្មណ៍ខកចិត្ត និងអះអាងថាកូនក្រុមរបស់លោកត្រូវការបង្ហាញភាពខ្លាំងដែលជាសមត្ថភាពរបស់ពួកគេត្រលប់មកកាន់ការប្រកួតឱ្យ PSG វិញដើម្បីជ័យជម្នះនាជំនួបក្រោយៗ។
 
«​ខ្ញុំពិតជាខកចិត្តខ្លាំងចំពោះការបង្ហាញទម្រង់លេងរបស់យើងនៅថ្ងៃនេះ យើងមិនបានបង្កើតឱកាសគ្រប់យ៉ាង ហើយយើងធ្វើបានឱកាសល្អស្តួចស្តើងបំផុតក្នុងការប្រកួត។ […] រឿងរ៉ាវដ៏សំខាន់យើងត្រូវការស្វែករកការយល់ចិត្តគ្នារវាងកីឡាករ ជាពិសេសទំនាក់ទំនងនិងបច្ចេកទេសល្អក្នុងក្រុមពីកីឡាករម្នាក់ទៅម្នាក់។ ​World Cup បានចប់ហើយ ពួកគេគួរតែប្រឹងប្រែង និងផ្លោជាមួយក្រុមវិញ។»។ លោក Galtier បាននិយាយបែបនេះទៅកាន់ទូរទស្សន៍ Prime Video។
 
ក្នុងការប្រកួតទល់ក្រុម​ Rennes នោះ PSG បង្កើត​ឱកាសស៊ុតលើគូប្រកួតបានត្រឹមតែ ៨លើកប៉ុណ្ណោះ ដែលជាការប្រកួតដែលមានកំណត់ត្រាស៊ុតសំដៅទីគូប្រកួតដ៏ទាបបំផុតក្នុងរដូវកាលនេះ ហើយការស៊ុតចំគោលដៅបានត្រឹមតែ ១លើកប៉ុណ្ណោះ។ នេះជាបរាជ័យលើកទី៣ សម្រាប់ PSG ពីការធ្វើដំណើរ ៤លើកទៅទឹកដីក្រុម Rennes ក្នុងការប្រកួត Ligue 1​។ 
 
លើសពីនេះទៅទៀតគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ក៏បានបង្ហាញពីបញ្ហាចំៗចំពោះការលេងរបស់តារាបាល់ទាត់ម្ចាស់ជើងឯក ​​World Cup ខ្សែប្រយុទ្ធវ័យ៣៥​ ឆ្នាំ Lionel Messi និង Neymar JR ថាគ្មានគោលដៅច្បាស់លាស់នៅពេលបណ្តើរបាល់ទៅតំបន់ប្រយុទ្ធ ហើយបញ្ហានៅតែបន្តពេលដែលក្រុមបានផ្លាស់ប្តូរ Kylian Mbappe ចូលប្រកួតក្នុងវគ្គទីពីរ។
 
ការប្រកួតបន្ទាប់របស់ PSG នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីតដើម្បីជួបប្រកួតក្នុងពានរង្វាន់ Riyadh Season Cup 2023 ទល់ក្រុមកីឡាករតារាបាល់ទាត់មកពីក្រុម Al Nassr និង Al Hilal ដោយក្នុងនោះក៏មានវត្តមានរបស់តារាឆ្នើមព័រទុយហ្កាល់ Cristiano Ronaldo ផងដែរ។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា វេលាម៉ោង ១១:៣០យប់(ម៉ោងនៅកម្ពុជា)៕
 

Tag:
 Paris Saint Germain
  Christophe Galtier
© រក្សាសិទ្ធិដោយ thmeythmey.com