ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី ដាក់សំណើសុំឲ្យដោះលែងលោក ថាច់ សេដ្ឋា
17, Jan 2023 , 10:59 am        
រូបភាព
លោក ថាច់ សេដ្ឋា ថ្លែងក្នុងពិធីប្រកាសសុពលភាពក្រុមការងារគណបក្សភ្លើងទៀនខេត្តកោះកុង កាលពីចុងខែធ្នូ ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។
លោក ថាច់ សេដ្ឋា ថ្លែងក្នុងពិធីប្រកាសសុពលភាពក្រុមការងារគណបក្សភ្លើងទៀនខេត្តកោះកុង កាលពីចុងខែធ្នូ ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។
មេធាវីការពារក្តី យកសំណើទៅដាក់ជូនចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីសុំឲ្យដោះលែងលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន នៅក្រៅឃុំជាបណ្តោះអាសន្ន។ នេះបើតាមការអះអាងរបស់លោក ជូង ជូងី មេធាវីម្នាក់របស់លោក ថាច់ សេដ្ឋា។


លោកមេធាវី ជូង ជូងី ផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ ក្រោយលោក ទើបចេញពីជួបលោក ថាច់ សេដ្ឋា នៅពន្ធនាគារព្រៃស នាព្រឹកថ្ងៃទី១៧មករានេះ។ លោកមេធាវី បញ្ជាក់ដូច្នេះថា៖«ចេញពីហ្នឹងទៅ ដាក់ [សំណើ] នៅឥឡូវហ្នឹងតែម្តង»។ 
 
លោក ជូង ជូងី បន្តថា កិច្ចការផ្សេងទៀត ដែលក្រុមមេធាវី ត្រូវធ្វើក្នុងដំណាក់កាលនេះ គឺសុំថតចម្លងឯកសារពាក់ព័ន្ធនឹងសំណុំរឿងរបស់កូនក្តីនៅតុលាការ ដើម្បីយកទៅសិក្សា។ 
 
សូមរម្លឹកថា កម្លាំងសមត្ថកិច្ច បានចាប់លោក ថាច់ សេដ្ឋា តាមបញ្ជារបស់ចៅក្រមស៊ើបសួរ នៅយប់ថ្ងៃទី១៦មករា ក្រោមការចោទប្រកាន់ថា លោក បានចេញសែកមិនមានសាច់ប្រាក់ ឬសែកស្អុយ តាំង២០១៩មក។ ក្រោយសាកសួររួច ចៅក្រមស៊ើបសួរ បានចេញបញ្ជាឲ្យនាំអនុប្រធានគណបក្សភ្លើងទៀនរូបនេះ ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ 
 
អ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញការចាប់លោក ថាច់ សេដ្ឋា ដោយអះអាងថា កន្លងមក ចៅក្រមស៊ើបសួរ ធ្លាប់ចេញដីកាដល់ទៅ២លើក បង្គាប់ឲ្យលោកចូលបំភ្លឺចំពោះការចោទប្រកាន់ខាងលើ តែលោក ពុំបានចូលបំភ្លឺ ទើបចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ទៅកម្លាំងសមត្ថកិច្ចឲ្យនាំខ្លួនលោកទៅសាកសួរ។ 
 
គណបក្សភ្លើងទៀនឯណោះវិញ ក៏ចេញសេចក្តីថ្លែងការណ៍ដែរ ដោយចាត់ទុកការចាប់អនុប្រធានខ្លួន ថាជារឿងនយោបាយ និងជារូបភាពគំរាមកំហែង។ គណបក្សជំទាស់មួយនេះ អំពាវនាវឲ្យតុលាការដោះលែងលោកវិញជាបន្ទាន់និងឥតលក្ខខណ្ឌ៕ 
 

Tag:
 ថាច់ សេដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com