កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo នឹងបង្ហាញខ្លួន ឱ្យក្រុមតារាអារ៉ាប៊ីសាអូឌីតលើកដំបូងទល់ PSG
17, Jan 2023 , 1:59 pm        
រូបភាព
​Cristiano Ronaldo នឹងត្រូវបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតមិត្តភាព ឱ្យក្រុមតារានៃក្លិបនៅអារ៉ាប៊ីសាអូឌីតទល់ក្រុមយក្សបារាំង ​Paris Saint Germain គិតចាប់តាំងពីចូលរួមជាមួយក្រុម ​Al Nassr នៅដើមឆ្នាំ ២០២៣ មក។ ក្រុមតារាបាល់ទាត់ Riyadh ST XI ដែលបានបូកបញ្ចូលគ្នានឹងដឹកនាំដោយ Ronaldo ជាប្រធានក្រុម ដើម្បីតទល់ PSG ដែលមាន Lionel Messi, Neymar និង Kylian Mbappe ជាដើម។


កីឡាករវ័យ ៣៧ឆ្នាំ សញ្ជាតិព័រទុយហ្កាល់នឹងដឹកនាំក្រុមដែល​​រួមបញ្ចូលគ្នារវាងក្រុម Al Nassr ជាមួយ Al Hilal នៃលីគកំពូលអារ៉ាប់ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់​ ​Riyadh Season Cup 2023។ ការប្រកួតមិត្តភាពដណ្តើមពានរង្វាន់នេះ ក៏នឹងក្លាយជាការជួបគ្នាលើកចុងក្រោយបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់រវាង ​Ronaldo និង Messi ផងដែរ។
 
ចំណោមកីឡាករ​ដែលបង្ហាញខ្លួនប្រកួត ក៏មានកីឡាករមកពីក្រុមជម្រើសជាតិ​អារ៉ាប៊ីសាអូឌីត Salem Al-Dawsari ដែលជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះលើអាហ្សង់ទីអំឡុងវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup 2022 ហើយក៏មានកីឡាករ Saud Abdulhamid ដែរ។ 
 
សម្រាប់ការប្រកួតដែលជាការជួបគ្នារវាងតារាបាល់ទាត់ឆ្នើមលើពិភពលោកទាំងពីរដែលធ្វើឡើងក្នុងទីក្រុង ​Riyahd ត្រូវបានខាងអ្នករៀបចំការប្រកួតរាយការណ៍ថា មានការស្នើសុំទិញសំបុត្រតាមបណ្តាញអ៊ិនធឺណិតច្រើនជាង ២លានដង។
 
បច្ចុប្បន្នសម្រាប់ការដេញថ្លៃសំបុត្រមាសដែលមានឈ្មោះថា «Beyond Imagination» សម្រាប់ទស្សនាការប្រកួត បូករួមជាមួយលក្ខខណ្ឌពិសេសជាច្រើនដែលនឹងបានជួបកីឡាករសំខាន់ក្នុងការប្រកួតទាំងពីរ និងចូលរួមអបអរពានរង្វាន់ជាមួយក្រុមឈ្នះ។ សំបុត្រមួយនេះកំពុងតែស្ថិតក្នុងការដេញថ្លៃក្នុងតម្លៃ ២,៦៦លានដុល្លារ ដោយម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ AqarOne លោក ​Mushref Al-Ghamdi​ ហើយការដេញថ្លៃនេះនឹងបញ្ចប់នៅថ្ងៃទី១៧ ខែមករា។
 
ចំណែក ​Ronaldo វិញ ការប្រកួតទល់ PSG និងក្លាយជាការបង្ហាញវត្តមានដំបូងរបស់គេលេងឱ្យក្លិបនៅអារ៉ាប៊ីសាអូឌីត ចាប់តាំងពីគេបានផ្លាស់ទៅទឹកដីតំបន់អារ៉ាប់មួយនេះ។ ចូលរួមជាមួយ Al Nassr ដែលប៉ាន់ស្មានថា Ronaldo នឹងទទួលបានថ្លៃពលកម្ម ២១៣លានដុល្លារក្នុងមួយឆ្នាំ បានខកខាន ២ប្រកួតសម្រាប់ ​Al Nassr ដោយសារលើសកូតាកីឡាករបរទេស។
 
បន្ទាប់តែពីការប្រកួតរបស់ Ronaldo ទល់នឹងក្រុម PSG បានបញ្ចប់រួចទៅម្ចាស់ពានរង្វាន់ ​Ballon d’Or ៥សម័យរូបនេះនឹងបង្ហាញខ្លួនលេងឱ្យ Al Nassr សម្រាប់ការប្រកួតប្រជែងលីគកំពូល ​Saudi Pro League វិញម្តងនៅថ្ងៃទី២២ ខែមករា ដោយលេងទល់ក្រុម Al Ettifaq៕
 
 
 
 

Tag:
 Cristiano Ronaldo
  PSG
© រក្សាសិទ្ធិដោយ thmeythmey.com