ជាតិ
ផ្ទះ៧ខ្នង បានបាក់ស្រុតចូលព្រែកនៅសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ
17, Jan 2023 , 4:17 pm        
រូបភាព
ផ្ទះពលរដ្ឋបាក់ចូលព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ផ្ទះពលរដ្ឋបាក់ចូលព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ភ្នំពេញ៖ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានឲ្យដឹងថា គិតត្រឹមថ្ងៃរសៀលថ្ងៃទី១៧មករានេះ មានផ្ទះពលរដ្ឋចំនួន៧ខ្នង បាក់ចូលព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
 
អភិបាលរងខេត្តកណ្ដាល បានឲ្យដឹងថា ផ្ទះពលរដ្ឋដែលនឹងត្រូវរុះរើចេញពីដងព្រែកថី មានចំនួន៧០ខ្នង។ ការរើចេញនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងការបាក់ស្រុតចូលព្រែកជាបន្តបន្ទាប់។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនៅរសៀលនេះ លោក ច័ន្ទតារា បានលើកឡើងយ៉ាងដូច្នេះ៖ «ផ្ទះពលរដ្ឋ៧ខ្នង បាក់ធ្លាក់ចូលព្រែកទាំងស្រុង»។ 
 
ផ្ទះពលរដ្ឋបាក់ចូលព្រែកថី នៅក្រុងតាខ្មៅ។ រូបពី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល
 
មូលហេតុចម្បងនាំឲ្យបាក់ស្រុតនេះ លោក ច័ន្ទតារា បញ្ជាក់ថា ដោយសារកត្តាធម្មជាតិ ជំនន់ទឹកភ្លៀង បង្កឲ្យទឹកហូរខ្លាំង ខណៈពលរដ្ឋនាំគ្នាសង់ផ្ទះតាមជាប់ដងព្រែក។ 
 
បច្ចុប្បន្ននេះ កងកម្លាំងជាច្រើនផ្នែក បាននាំគ្នាចុះជួយរុះរើផ្ទះពលរដ្ឋ ដែលមានលំនៅដ្ឋានសង់នៅជាប់មាត់ព្រែក។ ចំពោះ ស្ថានភាពទឹក ពុំទាន់មានសភាពថមថយឡើយ ព្រោះនៅតំបន់ព្រែកថី ជាច្រកទឹកហូរទៅកាន់ទន្លេ ទើបសភាពទឹកហូរខ្លាំង ខណៈទឹកនៅតំបន់ខាងលើ ឬតំបន់ទៀតបានថមថយក៏ដោយ។ នេះជាការបញ្ជាក់បន្ថែមរបស់ អភិបាលរងខេត្តកណ្ដាល៕ 
 
 

Tag:
 ទឹកជន់
  កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com