អន្តរជាតិ
ដូនជីបារាំង Lucile ស្លាប់ក្នុងអាយុ​១១៨ឆ្នាំ, លោកយាយអេស្ប៉ាញ​ Maria ក្លាយជាមនុស្សចាស់ជាងគេលើកលោក
18, Jan 2023 , 10:59 am        
រូបភាព
ដោយ: ធីតា
ស្ត្រីអេស្ប៉ាញដើមកំណើតអាម៉េរិក Maria Branyas បាន​ក្លាយជាម្ចាស់​កំណត់ត្រា​ Guinness World Records ក្នុងនាមជា​បុគ្គលដែល​កំពុង​រស់នៅ​ ហើយមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​លើ​ពិភពលោក។ គិតត្រឹមថ្ងៃទី​១៧ ខែ​មករា លោក​យាយ​មាន​អាយុ​១១៥​ឆ្នាំ និង​៣២០​ថ្ងៃ។ ការទទួល​ស្គាល់នេះ គឺ​បន្ទាប់ពី​មរណភាព​របស់​ដូន​ជី​បារាំង Lucile Randon (ឬ Sister Andre) ក្នុង​វ័យ​១១៨​ឆ្នាំ។
 
 
កើត​នៅ​ថ្ងៃទី​៤ ខែមិនា ឆ្នាំ​១៩០៧ នៅ​ក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាម៉េរិក ពោល​គឺ១ឆ្នាំ​ បន្ទាប់​ពី​ឪពុកម្តាយ​របស់​គាត់ប្តូរទីលំនៅពីតំបន់កាតាឡាំង ប្រទេសអេស្ប៉ាញ។ រៀបការនៅ​ឆ្នាំ​១៩៣១ លោកយាយ​មាន​កូន​បីនាក់ ចៅជាង១០នាក់ និង​ចៅទួតជាង​១០នាក់។
 
លោកយាយ Maria មាន​បញ្ហា​ត្រចៀក តាំងពីជួបគ្រោះថ្នាក់​នាពេល​ធ្វើ​ដំណើរ​ត្រឡប់ទៅ​រស់នៅ​អេស្ប៉ាញ​វិញ កាលពី​ឆ្នាំ​១៩១៥។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គេនៅ​តែអាច​សន្ទនា​ជាមួយ​លោកយាយ​បាន​តាមរយៈបច្ចេកវិទ្យា Voice-to-Text។
 
ស្ត្រីអេស្ប៉ាញ​រូបនេះ មាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង កាលពី​ឆ្នាំ​២០២០ ក្នុងនាមជាមនុស្ស​វ័យ​ចាស់ជាងគេដែល​បាន​ជាសះស្បើយពី​ជំងឺកូវីដ-១៩ ក្នុងវ័យ​១១៣​ឆ្នាំ​ ដែលនេះជាដំណាក់​កាល​ដ៏គួរឲ្យកត់សម្គាល់មួយ​ថែមទៀត​ក្នុងជីវិត​របស់គាត់ ក្រោយ​ឆ្លងផុតពី​ការរាតត្បាតនៃផ្តាសាយ​អេស្ប៉ាញឆ្នាំ១៩១៨-១៩១៩។
 
ដូនជី​បារាំង Lucile Randon ដែលមានរហស្សនាម​ថា Sister Andre បាន​ទទួលមរណភាព​កាលពីថ្ងៃទី១៧ ខែមករា ក្នុង​វ័យ​១១៨​ឆ្នាំ។ 
 
សម្រាប់ម្ចាស់​កំណត់ត្រា​ដែល​មានអាយុ​ច្រើនជាងគេលើពិភពលោក គឺ​ស្ត្រីបារាំងឈ្មោះ Jeanne Louise Clament ដែលបានទទួលមរណភាពកាលពីឆ្នាំ១៩៩៧ ក្នុងអាយុ​១២២ឆ្នាំ និង១៦៤ថ្ងៃ។ រីឯ​បុរសដែលមានអាយុ​វែងជាងគេ​គឺ​លោកតាជប៉ុន Jiroemon Kimura ដែលបានទទួលមរណភាពនៅឆ្នាំ២០១៣​ក្នុងអាយុ​១១៦​ឆ្នាំ និង​៥៤ថ្ងៃ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com