កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូអាហ្សង់ទីនថា Messi ល្អនិងអស្ចារ្យជាងលោក Maradona
18, Jan 2023 , 2:45 pm        
រូបភាព
តារាបាល់ទាត់ឆ្នើម Lionel Messi បានវ៉ាដាច់លោក Diego Maradona ដែលជាវីរបុរសអាហ្សង់ទីន ក្នុងនាមជាកីឡាករដ៏អស្ចារ្យបំផុតប្រចាំពិភពលោក និងពិភពលោកបាល់ទាត់។ នេះបើតាមលោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន ដែលទើបឈ្នះពានរង្វាន់ ​World Cup 2022។


Messi ត្រូវបានគេលើកឡើងថា ជាកីឡាករល្អបំផុតប្រចាំប្រវត្តិសាស្រ្តចាប់តាំងពីលើកពាន World Cup។ សម្រាប់លោក Scaloni ដែលជាគ្រូបង្វឹកអាហ្សង់ទីន តាំងពីឆ្នាំ២០១៨នោះ ក៏បានបង្ហើបថា លោកធ្លាប់និយាយលើកទឹកចិត្ត Messi ឱ្យបន្តដំណើរជាមួយក្រុមជម្រើស ក្រោយពេលខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ រូបនេះ បានសម្រាកពីភារកិច្ចជួយក្រុមជម្រើសជាតិ​ ក្រោយក្រុមធ្លាក់ចេញពីការប្រកួត World Cup 2018 ត្រឹមវគ្គ ១៦ក្រុម។
 
និយាយទៅកាន់វិទ្យុអេស្ប៉ាញ Spanish Radio នៅថ្ងៃទី១៧​ ខែមករា គ្រូបង្វឹកក្រុមអាហ្សង់ទីន បាននិយាយថា លោកជ្រើសរើស ​Messi ជាកីឡាករដ៏អស្ចារ្យបំផុតជាងលោក Maradona។
«ប្រសិនបើខ្ញុំត្រូវរើស ខ្ញុំនឹងរើសយក Leo ខ្ញុំមានរឿងដ៏ពិសេសជាមួយគេ។ គាត់គឺជាកីឡាករដ៏ល្អបំផុតប្រចាំប្រវត្តិសាស្ត្រ បើទោះ Maradona ធ្លាប់ជាកីឡាករដ៏អស្ចារ្យកាលពីមុនក៏ដោយ។

រឿងដំបូងដែលយើងបានធ្វើកាលពីឆ្នាំ ២០១៨ យើងបានទាក់ទងទៅ Messi ហើយពេលនោះគេនិយាយដោយក្តីគោរព ដូច្នេះយើងក៏បានហៅគេឱ្យត្រលប់មកក្រុមវិញ យើងរង់ចាំរបស់គេ ហើយពិតជាក់ស្តែងយើងបានកសាងក្រុមដ៏អស្ចារ្យមួយដែលមានគេជួយដឹកនាំ។ ការបង្វឹក Messi មិនពិបាកនោះទេ អ្នកមិនអាចកែប្រែតិចនិចរបស់គេបានទេ តែយើងអាចផ្តល់យោបល់​​​​​​​​​​​​​​​​​សម្រាបគាត់ថាត្រូវលេងដោយដាក់សម្ពាធ ឬក៏ប្រយុទ្ធតាមវិធីណាតែប៉ុណ្ណោះ។»។​ លោក Scaloni បាននិយាយបែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះលោក Scaloni ក៏បានការពារកីឡាករចាំទី Emiliano Martinez របស់ក្រុមជម្រើសជាតិ បន្ទាប់ពីគេរងការិះគន់ខ្លាំងចំពោះអាកប្បកិរិយាអបអរការឈ្នះពានរបស់អាហ្សង់ទីន ដូចដែលរូបគេបានបង្ហាញអាកប្បកិរិយាមិនសមរម្យពេលទទួលស្រោមដៃមាស និងលេងសើចជាមួយតុកតា្ត ដែលមានបិទរូបរបស់ Kylian Mbappe ពេលដែលអបអរជ័យជម្នះនៅក្នុងទីក្រុង Buenos Aires៕
 
 

Tag:
 Lionel Messi
  Lionel Scaloni
© រក្សាសិទ្ធិដោយ thmeythmey.com