កីឡាអន្តរជាតិ
អន្តរជាតិ
អាស៊ាន
ផ្អាកលីគ២ ឥណ្ឌូណេស៊ី៖ អ្នកគាំទ្រ ថាវិស័យបាល់ទាត់ឥណ្ឌូណេស៊ីចាប់ផ្តើមដើរថយក្រោយ
19, Jan 2023 , 4:41 pm        
រូបភាព
ក្រុមអ្នកគាំទ្រចាំ ចូលក្នុងទីលានបាល់ទាត់ នៅកីឡដ្ឋាន Kanjuruhan រូបពី BBC
ក្រុមអ្នកគាំទ្រចាំ ចូលក្នុងទីលានបាល់ទាត់ នៅកីឡដ្ឋាន Kanjuruhan រូបពី BBC
អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ជាច្រើនចាត់ទុក វិស័យបាល់ទាត់ឥណ្ឌូណេស៊ី ចាប់ផ្ដើមដើរថយក្រោយ និងជារឿងគួរឲ្យខ្មាសអៀនដល់ប្រទេសជិតខាង។ ការរិះគន់នេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានបញ្ជាក់ជាផ្លូវការថា ការប្រកួតជើងឯងលីគ២ ឆ្នាំ២០២៣ នឹងមិនធ្វើទេ ដោយលើកយកហេតុផល ៣យ៉ាងដូចជា ខ្វះហេដ្ឋារចនាសម្ព័ន្ធកីឡា, ក្លិបខ្វះថវិកា និងបញ្ហារដ្ឋបាល។


អ្នកគាំទ្រជាច្រើន យល់ថាការផ្អាកការប្រកួតជើងឯកលីគ២ ឆ្នាំ២០២៣ របស់ប្រទេសឥណ្ឌូណេស៊ី គឺជារឿងគួរឲ្យខ្មាសប្រទេសជិតខាងខ្លួន ហើយក៏បញ្ជាក់ថា វិស័យកីឡាបាល់ទាត់នៅឥណ្ឌូណេស៊ី កំពុងដើរថយក្រោយ។ ចំណែក អ្នកគាំទ្រមួយចំនួនទៀត រិះគន់ថា ការដើរថយក្រោយនៃវិស័យកីឡាបាល់ទាត់នៅ ឥណ្ឌូណេស៊ី ព្រោះបញ្ហាចាត់ចែងមិនបានល្អ របស់គណៈកម្មការប្រតិបត្តិរបស់ PSSI។
 

លោកស្រី Rink Hanifah កាន់រូបថតកូនប្រុសខ្លួន  Agus Riansyah ដែលស្លាប់ក្នុងសោកនាដកម្ម Kanjuruhan រូបពី The Jarkata Post

យោងតាមការផ្សាយបញ្ជាក់របស់ PSSI កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការប្រតិបត្តិ (Exco) បានសម្រេចបញ្ឈប់ការប្រកួតជើងឯកលីគ២។ លោក Yunus Nusi អគ្គលេខាធិការ PSSI បានបញ្ជាក់ថាការសម្រេចបែបនេះ គឺផ្អែកលើកត្តាធំៗ ៣យ៉ាង។
 
កត្តាទីមួយ គឺធនធានរបស់ក្លិបមួយចំនួនធំក្នុងលីគ២ មិនអាចទ្រទ្រង់បាន ទៅលើការចំណាយផ្សេងៗ ដូចជាការធ្វើដំណើរ ការរៀបចំការប្រកួត និងហ្វឹកហាត់ ជាពិសេសទៀតនោះ ក្លិបមួយចំនួនធំមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធកីឡាបានត្រឹមត្រូវនៅឡើយ។ មួយវិញទៀត ការបញ្ឈប់ការប្រកួតជើងឯកលីគ២ មិនមែនជាគំនិត ឬការសម្រេចរបស់ Exco តែម្ខាងទេ ប៉ុន្ដែការបញ្ឈប់ គឺទទួលបានការស្នើរសុំ និងយល់ព្រមពីក្លិបមួយចំនួន នៅលីគ២ ផងដែរ។ 


  កីឡាករ និងមន្ដ្រីបច្ចេកទេសក្លិប Arema FC បួសសួង នៅខាងក្រៅកីឡដ្ឋាន Kanjuruhan រូបពី The Diplomat

 
សម្រាប់ PSSI នេះ គឺជារឿងដែលពិបាកមួយ ក្នុងការរៀបចំ និងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ប្រកួត 2023 FIFA U-20 World Cup ដែលនឹងធ្វើនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ កីឡាករជម្រើសជាតិអាយុក្រោម២០ឆ្នាំ មួយចំនួននៅក្នុងក្របខណ្ឌលីគ២ អាចប្រឈមមុខនូវរឿងអវិជ្ជមាន ព្រោះពួកគេ មិនមានការប្រកួត ឬការហ្វឹកហាត់គ្រប់គ្រាន់។
 
កត្តាទី២ គឺជាអនុសាសន៍ ស្ដីពីករណីសោកនាដកម្ម នៅកីឡដ្ឋាន Kanjuruhan ដែលទាក់ទងនិងបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធ ដែលមិនបំពេញតាមតម្រូវការ។ រឿងដ៏គួរឲ្យរន្ធត់បំផុតក្នុងវិស័យបាល់ទាត់នេះ កើតឡើង បន្ទាប់ពីក្រុមម្ចាស់ផ្ទះ Arema ចាញ់ក្រុមភ្ញៀវ Persebaya លទ្ធផល ៣-២ នៅកីឡដ្ឋាន Kanjuruhan កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។ លទ្ធផលនេះ ធ្វើឲ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ប្រមាណជិត ៣០០០នាក់ចូលទៅក្នុងទីលានទាំងខឹងសម្បារ។ ប៉ូលីសក្នុងហេតុការណ៍ បាននិយាយថាអ្នកគាំទ្របានបង្កររបួសស្នាម ដល់កីឡាករ និងមន្ដ្រីបច្ចេកទេសនៅក្នុងទីលាន។ ហេតុការណ៍ដដែរនេះ បានធ្វើឲ្យមនុស្ស ១៣៥នាក់ស្លាប់ និង៥៨៣នាក់ រងរបួស។ 
  

ការជួយជនរងគ្រោះក្នុងសោកនាដកម្ម Kanjuruhan រូបពី BBC

យោងតាមកាសែត The Jakarta Post កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ តុលាការស្រុក Surabaya ក្នុង East Java បានចាប់ផ្តើមកាត់ក្តីលើមន្ត្រីប៉ូលីស និងអ្នករៀបចំការប្រកួតបាល់ទាត់ចំនួន៥ ក្រោមបទចោទធ្វេសប្រហែសព្រហ្មទណ្ឌចំពោះ ការបំពេញតួនាទីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។ មនុស្ស៥រូបនោះ មានប៉ូលីស ៣រូបដែលគប់ឧស្ម័នបង្ហូរទឹកផ្នែក, សន្ដិសុខម្នាក់ និងស្នងការមួយរូប។
 
កត្តាទី៣ គឺនិយាយអំពីការរៀបចំសន្ដិសុខ សុវត្ថិភាព នៃការរៀបចំការប្រកួតកីឡានានា។
 
គួរបញ្ជាក់ថា បើទោះជាលីគ២ របស់ឥណ្ឌូណេស៊ី ត្រូវបានផ្អាក ប៉ុន្ដែសម្រាប់លីគកំពូល នឹងនៅបន្ដជាធម្មតា ដោយមិនមានការប្រកួតជម្រុះ ឬកាត់ក្រុមនៅបាតតារាងចោលទេ។ រីឯសមាសភាពក្រុមចូលរួមប្រកួត AFC ឆ្នាំ២០២៣-២០២៤ គឺតម្រូវឲ្យជើងឯកឆ្នាំ២០២១ និងជើងឯកឆ្នាំ២០២២ នៃលីគ១ ប្រកួតជម្រុះ។ ដោយឡែកការប្រកួតជើងឯកបាល់ទាត់ថ្នាក់ជាតិលើកទី៣ ក៏ត្រូវបានបញ្ឈប់ជាផ្លូវការផងដែរ៕
 

Tag:
 បាល់ទាត់
  PSSI
© រក្សាសិទ្ធិដោយ thmeythmey.com