កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo-Messi បង្កើតទស្សនីយភាពដ៏អស្ចារ្យនៅអារ៉ាប៊ីសាអូឌីត ជាមួយគ្រាប់ស៊ុតបញ្ចូលទីគ្នា ៩គ្រាប់
20, Jan 2023 , 11:39 am        
រូបភាព
Cristiano Ronaldo និង ​Lionel Messi បានផ្តល់ជូនទស្សនិយភាពដ៏អស្ចារ្យដល់អ្នកគាំទ្រនាការប្រការប្រកួត Riyadh Season Cup 2023 រវាងក្រុមអារ៉ាប៊ីសាអូឌីត All Star ទល់ក្រុម  Paris Saint Germain។ កីឡាករឆ្នើមទាំងពីររកបានគ្រាប់បាល់រៀងៗខ្លួនក្នុងការប្រកួតដែលស៊ុតបញ្ចូលទីគ្នាដល់ទៅ ៩គ្រាប់ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត រាត្រីថ្ងៃទី១៩​ ខែមករា។


ក្រុមរហ័សនាមអ្នកមានបារាំង Paris Saint Germain បានយកឈ្នះលើក្រុមតារាបាល់ទាត់មកពីក្រុម Al Hilal និង Al Nassr All Star ដោយលទ្ធផល ៥-៤ ។ ក្នុងការប្រកួតនោះខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ រកបានគ្រាប់បាល់ដំបូងនៃការប្រកួតនិងជាគ្រាប់សម្រាប់ PSG តាំងពីនាទី៣ មកម្ល៉េះ ខណៈមិត្តរួមក្រុមរបស់គេ ៤រូបផ្សេងទៀតបានស៊ុតបញ្ចូលទី។ ចំណែកក្រុមនៃប្រទេសអារ៉ាប៊ីសាអូឌីត Ronaldo រកបាន ២គ្រាប់ក្នុងការប្រកួត មុនមិត្តរួមក្រុមរកបានគ្រាប់បាល់ ២គ្រាប់បន្ថែម ហើយតារាបាល់ទាត់វ័យ ៣៧ឆ្នាំ ក្លាយជាកីឡាករល្អប្រចាំការប្រកួត។
 
ខណៈកំពុងទស្សនាការប្រកួតដ៏អស្ចារ្យរវាងកីឡាករទាំងពីរដែលលេងឱ្យក្រុមរៀងៗខ្លួន អ្នកគាំទ្រទូទាំងពិភពបាល់ទាត់ទទួលបានអារម្មណ៍ភ្ញាក់ផ្អើល នឹងបានរំលឹកទិដ្ឋភាពដ៏អស្ចារ្យមួយកាលអំឡុងរតារាឆ្នើមទាំងពីរប្រជែងគ្នានៅទឹកដីអេស្ប៉ាញ។ ទាំងខាងក្រុម Riyadh All Star និង PSG សុទ្ធសឹងតែបញ្ចេញថាមពលអស់រៀងៗខ្លួនទាំងក្នុងវគ្គទីមួយ និងវគ្គទីពីររហូតធ្វើឱ្យការប្រកួតមានគ្រាប់ស៊ុតបញ្ចូលទីគ្នាដល់ទៅ ៩គ្រាប់។
 
មួយវិញទៀតរូបភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកគាំទ្រនៃតារាបាល់ទាត់ឆ្នើមទាំង នោះគឺ Ronaldo និង​ Messi បានជួបគ្នាបង្ហាញពីមិត្តភាពជាកីឡាករនៅលើទីលាន អំឡុងពេលការប្រកួត ដោយអ្នកទាំងពីរបានចាប់ដៃគ្នានិងឧបគ្នាបង្ហាញក្តីនឹករលឹក។ ក្រៅតែពីការប្រកួតរវាង Ronaldo និង Messi ដែលចាត់ទុកជាទំព័រថ្មីនៃការប៉ះគ្នាលើកចុងក្រោយ ក្នុងនោះក៏មានការជួបគ្នាម្តងទៀតនៃមិត្តរួមក្រុមចាស់ Ronaldo និង Sergio Ramos ដែលធ្លាប់ជាអតីតកីឡាករលេងនៅ Real Madrid ដូចគ្នា។ 
 
ដោយឡែក បើទោះបីជាការបើកទំព័រថ្មីនៃអាជីពថ្មីរបស់ Ronaldo ក្នុងទឹកដីអារ៉ាប៊ីសាអូឌីតមិនទទួលបានជ័យជម្នះក្តី ប៉ុន្តែកីឡាករវ័យ ៣៧ឆ្នាំ បានផ្តល់គ្រប់យ៉ាងនៅលើទីលានដោយបានបង្ហាញចេញពីសមត្ថភាពនិងបេះដូងរបស់គេសម្រាប់លេងទល់ PSG ដូចដែលរូបគេបានព្យាយាមហ្វឹកហាត់ត្រៀមខ្លួនបង្ហាញខ្លួនការប្រកួតដំបូងឱ្យក្រុម Al Nassr ប្រកួតទល់ក្រុម Al Ettifaq នៅថ្ងៃទី២២ ខែមករា៕
 

Tag:
 Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com