ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រមុខទូតកម្ពុជា នឹងទៅធ្វើទស្សនកិច្ចនៅជប៉ុន ដើម្បីបន្តពង្រឹងទំនាក់ទំនង
20, Jan 2023 , 12:29 pm        
រូបភាព
លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា ចូលជួបលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា ចូលជួបលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅជប៉ុនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលចេញនៅថ្ងៃទី២០ ខែមករា។


ក្រសួងការបរទេស បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះ បង្ហាញពីការបន្តប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រដ្ឋាភិបាលទាំង២ ក្នុងការពង្រឹងទំនាក់ទំនងល្អប្រពៃ ដែលមានស្រាប់ និងភាពជាដៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានបង្កើតឡើងនាពេលថ្មីៗនេះ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
 
ផ្អែកតាមសេចក្តីប្រកាសព័ត៌មានដដែល លោករដ្ឋមន្រ្តីបរទេសកម្ពុជា នឹងជួបលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន ហើយនឹងមានជួបដាច់ដោយឡែកមួយទៀត ជាមួយសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា និងសមាគមជប៉ុន-កម្ពុជា។ ក្រៅពីជំនួបទាំងនេះ លោកប្រមុខការទូតកម្ពុជា នឹងចូលរួមក្នុងពិធីជប់លៀងរម្លឹកខួបលើកទី៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន៕   
 

Tag:
 ប្រាក់ សុខុន
  កម្ពុជា-ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com