អន្តរជាតិ
អ្នកនាំពាក្យវិមានក្រេមឡាំង៖ ជំនួយរថពាសដែកបញ្ជូនទៅអ៊ុយក្រែននឹងមិនផ្លាស់ប្តូរអ្វីនោះឡើយ
21, Jan 2023 , 3:30 pm        
រូបភាព
ជាថ្មីម្ដងទៀត អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov នៅថ្ងៃទី២០ ខែមករា បាន សង្កត់ធ្ងន់ថា ការបញ្ជូនរថពាសដែកបន្ថែមទៀតទៅអ៊ុយក្រែននឹងមិន ជួយផ្លាស់ប្ដូរស្ថានភាពជម្លោះ ហើយលោកខាងលិចនឹងសោកស្ដាយចំពោះភាពច្រឡំថា អ៊ុយក្រែនអាចឈ្នះសង្គ្រាម។
 
 
ខណៈរុស្ស៊ីនឹងបង្កើនការលុកលុយរបស់ខ្លួននៅអ៊ុយក្រែន អាម៉េរិក និងលោកខាងលិចបាន សម្រេចបញ្ជូនជំនួយយោធាបន្ថែមទៀតសម្រាប់ក្រុងកៀវ។ កាលពីថ្ងៃទី១៩ ខែមករា រដ្ឋាភិបាលស៊ុយអ៊ែតប្រកាសបញ្ជូនអាវុធ  ក្នុងទំហំទឹកប្រាក់៤១៩លានដុល្លារ។ 
 
ទន្ទឹមនេះ មុនកិច្ចប្រជុំមេដឹកនាំការពារជាតិមកពីប្រហែល៥០ប្រទេស និងសម្ព័ន្ធយោធាណាតូ នៅឯមូលដ្ឋានទ័ពអាកាស Ramstein អាម៉េរិក និងហ្វាំងឡង់ក៏បានប្រកាសបញ្ជូនរថក្រោះ បន្ថែមផងដែរ។ ចំណែក អាល្លឺម៉ង់នៅត្រូវការភ្លើងខៀវពីសម្ព័ន្ធមិត្ត។
 
ស្របពេលដែលលោកខាងលិចនៅតែបន្តផ្ដល់ជំនួយរថក្រោះបែបនេះ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Peskov លើកឡើងជាថ្មីម្ដងទៀតថា ការផ្គត់ផ្គង់សព្វាវុធដូចជារថក្រោះនឹងមិនធ្វើ 
ឱ្យមានការផ្តាស់ប្ដូរអ្វីឡើយ ប៉ុន្តែវានឹងធ្វើឱ្យមានបញ្ហាបន្ថែមទៀតសម្រាប់អ៊ុយក្រែនផ្ទាល់ ក៏ដូចជាប្រជាជនផងដែរ។
 
«យើងឃើញមានការភាន់ច្រឡំយ៉ាងខ្លាំងដែលគិតថាអ៊ុយក្រែនអាចទទួលបានជោគជ័យនៅលើសមរភូមិ។ នេះគឺជាការភ័ន្តច្រឡំយ៉ាងខ្លាំងរបស់សហគមន៍លោកខាងលិច ដែលនឹងត្រូវបង្ក ឱ្យមានការសោកស្ដាយច្រើនជាងមួយដង ហើយពួកយើងប្រាកដក្នុងចិត្តបែបនេះ»។ អ្នកនាំ ពាក្យវិមានក្រេមឡាំងសង្កត់ធ្ងន់បែបនេះរួចបន្ថែមថាមធ្យោបាយដើម្បីទប់ស្កាត់ភាពតានតឹងគឺត្រូវយកចិត្តទុកដាក់លើការព្រួយបារម្ភជាយុទ្ធសាស្រ្តដែលរុស្ស៊ីបានបញ្ជាក់នៅពីរបីសប្តាហ៍ មុនពេលបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចូលទៅអ៊ុយក្រែន។
 
ឆ្លើយទៅកាន់សំណួរក្នុងសន្និសីទកាសែតមួយពីការផ្គត់ផ្គង់​សព្វាវុធ​កាន់តែ​ទំនើប​ទៅ​កាន់​​អ៊ុយ​ក្រែ​ន​មាន​ន័យ​ថា​ជម្លោះ​កាន់តែ​កើនឡើង​ឬយ៉ាងណា លោក Peskov សង្កត់ធ្ងន់ថា ការណ៍នេះពិតជាបង្កឱ្យមានភាពតានតឹងកើនឡើង ព្រោះបណ្ដាលោកខាងលិចបង្កើនការ ចូលរួមដោយប្រយោលពេលខ្លះដោយផ្ទាល់ពីសំណាក់សមាជិកប្រទេសសម្ព័ន្ធយោធាណាតូក្នុងសង្គ្រាម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com