កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករដែលទទួលបានថ្លៃពលកម្មខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រលីគបាល់ទាត់កំពូលចិន
22, Jan 2023 , 12:00 pm        
រូបភាព
ទ្វីបអឺរ៉ុបគឺជាទីកន្លែងដ៏ពិសេសមួយដែលប្រមូលផ្តុំទៅដោយកីឡាករបាល់ទាត់លំដាប់ពិភពលោកមានសមត្ថភាពជាច្រើនប្រកបអាជីព ប៉ុន្តែនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ កីឡាករដែលលេងនៅតំបន់អឺរ៉ុបមួយចំនួនក៏បានផ្លាស់ប្តូរ ទៅកាន់លីគផ្សេងពិសេសលីគនៅចិន  Chinese Super League ដើម្បីចាប់ស្រវ៉ាប្រាក់ថ្លៃពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់រួមទាំងជាតារាបាល់ទាត់ប្រចាំលីគកំពូលផង។

 
កីឡាករដែលបានផ្លាស់ទៅប្រកបអាជីពនៅទឹកដីចិនទទួលបានប្រាក់ឈ្នួលខ្ពស់ទាំងនោះសុទ្ធសឹងតែជាកីឡាករមានឈ្មោះល្បីៗនៅតំបន់អឺរ៉ុប ហើយជាពិសេសខណៈដែលអាជីពរបស់ពួកគេហៀបនឹងបញ្ចប់។ ក៏ ប៉ុន្តែក៏មានកីឡាករមួយចំនួនបានផ្លាស់ចេញពីលីគកំពូលចិន ក្រោយពេលដែលប្រាក់ពលកម្មរបស់ពួកគេត្រូវបានកាត់បន្ថយនៅក្នុងឆ្នាំ ២០២១ ផងដែរ។
 
មនុស្សជាច្រើនបានចោទប្រកាន់កីឡាករដែលបានផ្លាស់ប្តូរួទៅកាន់លីគកំពូលចិន ថាជាកីឡាករដែលខ្វះមហិច្ឆតាដើម្បីប្រកួតប្រជែងនៅក្របខណ្ឌបាល់ទាត់កម្រិតកំពូលពិភពលោក ប៉ុន្តែដោយសារតែកត្តាប្រាក់បៀវត្សរ៍ដែលផ្តល់ទៅកីឡាករ ស្ទើរតែមិនអាចស្តីបន្ទោសទៅកាន់កីឡាករទាំងនោះបានដែលពួកគេសម្រេចចិត្តផ្លាស់ចេញពីក្លិបយក្សអឺរ៉ុបទៅកាន់ទឹកដីចិន។
 
នេះជាកីឡាករទាំង ១០ ដែលរកបានប្រាក់ចំណូលខ្ពស់បំផុតនៅលីគបាល់ទាត់កំពូលចិន៖

១. Ezequiel Lavezzi 
Lavezzi បានចេញផ្លូវពីក្លិប Paris Saint Germain ផ្លាស់ទៅកាន់ក្លិប Hebei China Fortune ក្នុងឆ្នាំ ២០១៦។ មូលហេតុនៃការផ្ទេរដោយរូបគេទទួលបានប្រាក់ពលកម្មប្រមាណ ៧៩៨,០០០អឺរ៉ូ ក្នុងសប្តាហ៍ ហើយរូបគេបានចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ ២០១៩។ 



២. Carlos Tevez 
អតីតខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានផ្លាស់ទៅលេងនៅលីគកំពូលចិនក្នុងឆ្នាំ ២០១៦ ចូលរួមក្រុម Shanghai Shenhua ក្នុងឆ្នាំ ២០១៦។ Tevez ទទួលបានប្រាក់ក្នុងមួយសប្តាហ៍ប្រមាណ ៦៣៥​,០០០អឺរ៉ូ ក្នុងមួយសប្តាហ៍ក្រោយផ្លាស់ពីក្លិប Boca Juniors ហើយនៅពេលដែលកើបលុយបានយ៉ាងច្រើនរួចហើយ Tevez បានវិលទៅកាន់ទឹកដីអាហ្សង់ទីនវិញ



៣. Oscar
កីឡាករសញ្ជាតិប្រេស៊ីលធ្លាប់ឈ្នះបានរង្វាន់ជាច្រើនជាមួយក្រុមតោខៀវ Chelsea ការផ្លាស់ទៅទឹកដីចិនបានកើតមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលនៃការដោះដូរនេះ។ Oscar ផ្លាស់ទៅចិនក្នុងឆ្នាំ ២០១៧ ចូលរួមក្រុម Shanghai SIPG ក្នុងឆ្នាំ ២០១៧​ ទទួលបានប្រាក់ឈ្នួល ៥០០,០០០អឺរ៉ូមួយសប្តាហ៍ជាប្រាក់ឈ្នួលគុណនឹង ២ពីតំបន់អឺរ៉ុប។



៤. Cedric Bakambu
កីឡាករក្រុមជម្រើសជាតិកុងហ្គោ ធ្លាប់បានលេងនៅលីគកំពូល La Liga ដែលជាតារាបាល់ទាត់មួយរូបលេងនៅ Villarreal ហើយគេជួយក្រុមអេស្ប៉ាញមួយនេះលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League។ កីឡាកររូបនេះបានផ្លាស់ទៅចូលរួមក្រុម Beijing Guoan ហើយដែលគេក្លាយជាកីឡាករអាហ្រ្វិកដំបូងប្រចាំប្រវត្តិសាស្ត្រដែលបានផ្លាស់ទៅចិនក្នុងឆ្នាំ ២០១៨ ដោយរកបានប្រាក់ឈ្នួល ៣៤១,០០០អឺរ៉ូក្នុងមួយសប្តាហ៍។ រូបគេបានវិលទៅកាន់តំបន់អឺរ៉ុបវិញក្នុងឆ្នាំ ២០២២ ដោយបានចូលរួមលេងឱ្យក្រុម ​Olympique Marseille។
 


៥. ​​Hulk
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល រូបគេមិនដែលលេងនៅក្នុងលីគកំពូលអឺរ៉ុបទាំង ៥ឡើយ ហើយបន្ទាប់ពីរូបគេលេងនៅក្រុម FC Porto និង Zenit Saint-Peterburg រូបគេបានសម្រេចចិត្តទៅកើបលុយធំនៅប្រទេសចិនជាមួយក្លិប Shanghai SIPG។ Hulk រកបានប្រាក់ចំនួន ៣២០,០០០ក្នុងមួយសប្តាហ៍ ហើយកីឡាករវ័យ ៣៦ឆ្នាំ បានវិលត្រលប់ទៅកាន់ប្រេស៊ីលក្នុង ២០២១​ បន្ទាប់ពីឈ្នះពានរង្វាន់ចំនួន ២នៅចិន។
 


​៦. Graziano Pelle 
កីឡាករសញ្ជាតិអ៊ីតាលីរូបនេះធ្លាប់លេងនៅក្រុម Southampton ហើយបង្ហាញខ្លួនបានយ៉ាងល្អ និងក្នុងឆ្នាំ ២០១៥-១៦ រូបគេធ្លាប់លេងក្រោមការដឹកនាំរបស់លោក Ronald Koeman។ កីឡាករ Sadio Mane និង Vergil van Dijk សុទ្ធសឹងតែជាមិត្តរួមក្រុមរបស់គេ។ Pelle បានផ្លាស់ទៅកាន់ក្លិ​ប Shandong Luneng ក្នុងឆ្នាំ ២០១៦ រូបគេរកបានប្រាក់ក្នុងមួយសប្តាហ៍ ២៦៣,០០០អឺរ៉ូ។ 
 


៧. Stephan El-Shaarawy
កីឡាករសញ្ជាតិអ៊ីតាលីរូបគេជាកីឡាករដ៏ល្បីមួយរូបលេងនៅ AC Milan រូបគេក៏ធ្លាប់ជាកីឡាករម្នាក់ដ៏ល្បីលើពិភពលោក។ ប៉ុន្តែចាប់តាំងពីផ្លាស់ទៅ Roma រូបគេតែងជួបបញ្ហារបួសជារឿយៗ បន្ទាប់មកគេបានផ្លាស់ទៅក្រុមនៅលីគចិន Shanghai Shenhua ក្នុងឆ្នាំ ២០១៩​ ដោយទទួលបានប្រាក់ឈ្នួល ២៤៧,០០០អឺរ៉ូក្នុងមួយសប្តាហ៍។
 


៨. Paulinho
កីឡាករសញ្ជាតិប្រេស៊ីលធ្លាប់ជាអតីតកីឡាករក្រុម Tottenham Hotspur និង Barcelona រូបគេបានផ្លាស់ទៅកាន់ក្លិប Guangzhou Evergrande ដោយទទួលបានប្រាក់ឈ្នួល ២៣០,០០០អឺរ៉ូក្នុងមួយសប្តាហ៍។​ បច្ចុប្បន្នកីឡាករវ័យ ៣៣ឆ្នាំរូបនេះបានផ្លាស់ទៅលេងនៅប្រេស៊ីលលេងឱ្យក្រុម Corinthians។
 


៩. Eder Citadin Martins
អតីតកីឡាករក្រុមជម្រើសជាតិអ៊ីតាលីដែលធ្លាប់បានលេងក្នុងពានរង្វាន់ Euro 2016 កីឡាករក្រុម Inter រូបនេះបានផ្លាស់ទៅក្រុង Jiangsu Suning ក្នុងឆ្នាំ ២០១៨ ទទួលបានប្រាក់ពលកម្ម ២១៣,០០០អឺរ៉ូមួយសប្តាហ៍។
 


១០. Marouane Fellaini 
កីឡាករសញ្ជាតិបែលហ្ស៊ិកធ្លាប់លេងឱ្យក្រុមបិសាចក្រហម Manchester United ហើយនៅក្នុងឆ្នាំ ២០១៩ រូបកេបានផ្លាស់ទៅកាន់លីគចិន ក្រោយចំណាយពេលជិត ៦ឆ្នាំជាមួយក្រុមយក្សអង់គ្លេស។ នៅចិនរូបគេទទួលបានប្រាក់ ២០៥,០០០អឺរ៉ូដែលវាប្រហាក់ប្រហែលដែលរូបគេទទួលបាននៅក្រុមបិសាចក្រហម តែយ៉ាងណាវ័យរបស់គេក្លាយជាបញ្ហាសម្រាប់ក្រុមអង់គ្លេសហើយរូបគេក៏ទៅលេងនៅចិនតែម្តង៕
 


Tag:
 China
  Chinese Super League
© រក្សាសិទ្ធិដោយ thmeythmey.com