អន្តរជាតិ
ហេតុអ្វីអ្នកការទូតចិនជាប់រហស្សនាម «ចចកចម្បាំង» ?
22, Jan 2023 , 7:30 pm        
រូបភាព
លោក ចាវ លីជៀន និងលោកស្រី ហួ ឈុនអ៊ីង អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន ដែលត្រូវបានចាត់ទុកអ្នកការទូតចចកចម្បាំង។ រូបថតពីក្រសួងការបរទេសចិន
លោក ចាវ លីជៀន និងលោកស្រី ហួ ឈុនអ៊ីង អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន ដែលត្រូវបានចាត់ទុកអ្នកការទូតចចកចម្បាំង។ រូបថតពីក្រសួងការបរទេសចិន
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានផ្លាស់ប្តូរឥរិយាបថការទូតខ្លួន។ ផ្ទុយស្រឡះពីគោលនយោបាយការបរទេសជាច្រើនទសវត្សរ៍កន្លងមកដែលតែងរក្សាភាពស្ងៀតស្ងាត់មិននិយាយវាយប្រហារ ឬតបតនឹងពាក្យរិះគន់ផ្សេងៗ អ្នកការទូតចិនបានបង្ហាញប្រតិកម្មឥតឈប់ឈរ និងនិយាយឆ្លើយឆ្លងដែលពេលខ្លះបង្កើតឱ្យមានចម្រូង​ចម្រាសដោយបើកចំហរជាញឹកញាប់ជាមួយប្រទេសដទៃដែលរិះគន់ខ្លួន។ ការធ្វើបែបនេះចិន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយហៅថា «ការទូតចចកចម្បាំង»។

 
ពាក្យការទូតចចកចម្បាំង បានចាប់ផ្តើមលេចឡើងដំ​បូងតាំងពីឆ្នាំ២០១៧ ក្រោយពេលប្រធានាធិបតីចិន ស៊ី ជិនភីង ឡើងកាន់តំណែង៤ឆ្នាំ ហើយដាក់មហិច្ឆិតានយោបាយខ្ពស់ និងចង់ឱ្យចិនដើរតួរនាទីសកម្មជាងមុននៅលើឆាកពិភពលោក រួមទាំងចូលរួមតស៊ូប្រកួតប្រជែងមនោគមវិជ្ជាដោយបើកចំហជាមួយលោកខាងលិច។ ចាប់តាំងពីជំងឺកូវីដ-១៩ បានរីករាលដាលនៅចិន ក្នុងឆ្នាំ២០១៩ ពាក្យការទូតចចកចម្បាំង ក៏ផ្ដើមល្បីល្បាញយ៉ាងខ្លាំងទូទាំងពិភពលោក។
 
ការទូតចចកចម្បាំងបានក្លាយទៅជាពាក្យសម្គាល់ឥរិយាបថការទូតថ្មីមួយរបស់ចិន ដែលផ្ទុយស្រឡះពីគោលនយោបាយការទូតចិនក្រោមការដឹកនាំរបស់អតីតមេដឹកនាំ Deng Xiaoping ដែលមានទំនោររក្សាអាកប្បកិរិយាឱនលំទោន ប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើពាក្យសម្ដី ជួនស្ងាត់ស្ងៀម មិនឆ្លើយតប និងថ្លឹងថ្លែងយ៉ាងហ្មត់ចត់ចំពោះរបៀបបង្កើតទំនាក់ទំនងជាមួយបណ្ដាប្រទេសដទៃក្នុងពិភពលោក។ 
 
ចំណែកចិនក្រោមការដឹកនាំរបស់លោក ស៊ី ជិនភីង ពេលអនុវត្តការទូតចចកចម្បាំងបានបង្ហាញភាព​រឹង​មាំនិងសម្ញែងអំណាច​កាន់​តែ​ខ្លាំង ក៏ដូចជា​បង្ហាញ​​អាកប្បកិរិយាក្រអឺតក្រទមក៏មានចាប់​តាំង​ពី​ការងើបចេញ​ពី​កិច្ច​ប្រជុំ​អន្តរជាតិ រហូត​ដល់​ការ​និយាយខ្លាំង​ដាក់​សមភាគី​បរទេសថែមទៀត។ 
 
ការទូតចចកចម្បាំងជាយុទ្ធសាស្ត្រការទូតដ៏រឹងមាំដែលសំដៅដល់ការមិនប្រើភាសាកាទូតបែបទន់ភ្លន់ តែជំនួសមកប្រើសម្ដីគំរាមកំហែងតបតផាំងទៅផាំងមកចំពោះអ្នកបំពានផលប្រយោជន៍របស់ចិន។ ចំណែកសេចក្ដីថ្លែងការណ៍វែងអន្លាយដែលប្រើកាលពីមុនត្រូវជំនួសមកជាការបង្ហោះសារខ្លីៗនិយាយចំៗ តាមបណ្ដាញសង្គមវិញ។ ជារួម អ្នកការទូតចិន មិនរារែកក្នុងការចេញមុខការពារផលប្រយោជន៍ជាតិឡើយ។
 
បន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩  ចិនរងការវាយប្រហារពីបណ្ដាប្រទេសលោកខាងលិច ខណៈមានមោទនភាពចំពោះដោះស្រាយវិបត្តិរបស់ខ្លួន។ ការលាយឡំគ្នានៃទំនុកចិត្តលើភាពខ្លាំងរបស់ខ្លួន បូករួមនឹងការរិះគន់ពីប្រទេសលោកខាងលិចពិសេសអាម៉េរិក បានបង្កើតឱ្យមានការទូតចចកចម្បាំងនេះ។ 
 
ជាក់ស្ដែង អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងមន្ត្រី បានទម្លាក់កំហុស និងការទទួលខុសត្រូវជុំវិញការធ្វើឱ្យផ្ទុះឡើងវីរុសបង្កជំងឺកូវីដ-១៩ រហូតហៅវីរុសនោះថាជា វីរុសរបស់ចិន។ ពេលនោះ ចិនមិនបាននៅស្ងៀមឡើយ។ អ្នកនាំពាក្យក្រសួងការប្រទេសចិន ចាវ លីជៀន ដែលជាអ្នកការទូតចចកចម្បាំង ក៏ឆ្លើយតបបែបចោទអាម៉េរិកវិញថា ទាហានអាម៉េរិក​ជា​អ្នកនាំយកវីរុសនោះចូលមកចិន ពេលពួកគេធ្វើដំណើរមកចូលរួមការប្រកួតកីឡាកងទ័ពនៅវូហានក្នុងអំឡុងពេលផ្ទុះជំងឺនោះ។
 
អ្នកការទូតចិនជឿថា វាជាពេលដែលពួកគេអាចងើបតបតជាមួយបណ្ដាប្រទេសលោកខាងលិច ពិសេសអាម៉េរិកដែលបានមើលងាយ ដាក់សម្ពាធ និងរិះគន់ខ្លួនជាច្រើនឆ្នាំ អំពីបញ្ហាផ្សេងៗ ពិសេសសិទ្ធិមនុស្ស និងបញ្ហាមនោគមន៍វិជ្ជាកុម្មុយនិស្តផងដែរ។ ជុំវិញរឿងសិទ្ធិមនុស្ស​ ចិនបានរងការរិះគន់ពីអាម៉េរិកលើស្ថានភាពសិទ្ធិមនុស្សនៅស៊ីនជាំង។ ត្រង់ចំណុចនេះ ចិនក៏បានរិះគន់តបវិញដោយលើកឡើងពីហេតុការណ៍បាញ់រះសម្លាប់មនុស្សជារឿយៗ ពាក់ព័ន្ធព្រឹត្តិការណ៍បាតុកម្មតវ៉ាការរើសអើងចំពោះជនជាតិស្បែកខ្មៅ និងហិង្សាពីសំណាក់ក្រុមប៉ូលិសអាម៉េរិកជាដើម។
 
នៅពេលអាម៉េរិករិះគន់ចិនជុំវិញការប្រើកម្លាំងពលកម្មដោយបង្ខំ នៅស៊ីនជាំង ចិនក៏បានតបទៅវិញដោយបង្ហាញពីការប្រើជនជាតិស្បែកខ្មៅជាទាសកររបស់អាម៉េរិក។
 
អាណត្តិលោក ត្រាំ ជាពេលដែលចិនរងការវាយប្រហារយ៉ាងចាស់ដៃ ទើបចិនឆ្លើយតបវិញដោយមិនញញើត។ តែទោះអាណត្តិលោកត្រាំ ត្រូវបានបញ្ចប់ក្ដី ចិននៅតែបន្តប្រើការទូតចចកចម្បាំងដូចមុនដដែល ទៅលើរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន តាំងពីជំនួបលើកដំបូងម៉្លេះ។ ក្រៅពីអាម៉េរិក ចិនក៏បានប្រើប្រាស់ការទូតប្រភេទនេះចំពោះប្រទេសដទៃទៀតដែរដូចជាអូស្ត្រាលី កាណាដា និងប្រទេសអឺរ៉ុបផ្សេងទៀតដែលបានរិះគន់ខ្លួន៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com