កីឡាជាតិ
អន្តរជាតិ
វិបត្តិបាល់ទាត់នៅប្រទេសចិន នាអំឡុងពេលកូវីដ-១៩
23, Jan 2023 , 10:00 am        
រូបភាព
វិស័យបាល់ទាត់នៅលើពិភពលោក ក្រោយពេលធូរស្រាលពីជំងឺកូវីដ-១៩ បានចាប់ផ្តើមងើបមុខមាត់សារជាថ្មី សម្រាប់ការប្រកួតប្រជែងទាំងក្នុងក្របខណ្ឌលីគ និងការប្រកួតអន្តរជាតិនានា។ តែរឿងមួយខុសប្លែកពីវិស័យបាល់ទាត់តំបន់ទាំងអស់នោះ វិស័យបាល់ទាត់ក្នុងប្រទេសចិននៅតែបន្តរងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩ ជាពិសេសក្របខណ្ឌ Chinese Super League តែម្តង។

 
ប្រទេសចិនជាប្រទេសមួយ ដែលបន្តរក្សាការរឹតបន្តឹងនៅលើជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋជាង១,៤ពាន់លាននាក់ យូរជាងប្រទេសណាផ្សេងទាំងអស់ នៅលើពិភពលោក ហើយក៏ជាប្រទេសចុងក្រោយគេ ដែលបានបន្តបង្រ្កាបជំងឺកូវីដ-១៩។ កាលពីពេលថ្មីៗនេះ ប្រទេសចិនបានប្រកាសបើកប្រទេសឡើងវិញ ហើយក៏អាចជាដំណឹងដ៏ល្អ សម្រាប់វិស័យឧស្សាហកម្មនានា ជាពិសេសវិស័យបាល់ទាត់នៃប្រទេសចិន។
 
ការរាតត្បាតកើតឡើងពីឆ្នាំ ២០១៩ ផ្តល់ផលប៉ះពាល់ដល់វិស័យបាល់ទាត់លើពិភពលោក
ឆ្នាំ ២០១៩ ជាពេលវេលានៃជំងឺរាតត្បាតកូវីដ-១៩ ចាប់ផ្តើមបង្ហាញឥទ្ធិពលនៃការចម្លងនៅទូទាំងពិភពលោក។ មិនត្រឹមតែប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃនោះទេ ជាក់ស្តែងក្នុងវិស័យបាល់ទាត់ មិនថានៅតាមប្រទេសតំបន់អឺរ៉ុប ដែលមានលីគធំៗល្បីៗនោះទេ ក៏រងផលប៉ះពាល់ខ្លាំងពីជំងឺឆ្លងនេះដែរ។ លីគបាល់ទាត់ទាំងនោះចាប់ផ្តើមបាត់បង់ចំណូលបន្តិចម្តងៗ ដោយសារតែការប្រកួតត្រូវហាមឃាត់មិនអនុញ្ញាតឱ្យមានមនុស្សចូលទស្សនា ដើម្បីជាសុវត្ថិភាពដល់កត្តាសុខភាពទូទៅសម្រាប់ក្លិប មន្ត្រីក្លិប និងក្រុមកីឡាករ។ 



មិនខុសពីប្រទេសតំបន់អឺរ៉ុបនោះទេ លីគបាល់ទាត់កំពូលរបស់ប្រទេសចិន រួមទាំងក្របខណ្ឌបាល់ទាត់ផ្សេងក៏បានរងផលប៉ះពាល់ខ្លាំង ហើយការប្រកួតត្រូវបានហាមឃាត់មិនឱ្យមានមនុស្សចូលទស្សនាដែរ។  មូលហេតុនេះ បានធ្វើឱ្យវិស័យបាល់ទាត់ចិនជួបភាពលំបាក រហូតធ្វើឱ្យក្លិបមួយចំនួន ដែលធ្លាប់មានឈ្មោះល្បីក្នុងការប្រកួតប្រជែង បានដាំក្បាលចុះក្លាយជាក្លិបដែលទន់ខ្សោយទៅវិញ។ ​មួយវិញទៀតប្រទេសចិន គឺជាប្រទេសមួយនៅតំបន់អាស៊ី ដែលបានចំណាយប្រាក់ថ្លៃពលកម្មថ្លៃខ្លាំង សម្រាប់កីឡាករបរទេស ដែលបានប្រកបអាជីពក្នុងលីគកំពូលរបស់ពួកគេ​ ។ ប៉ុន្តែភាពល្បីល្បាញ ដែលធ្លាប់ជាលីគបាល់ទាត់តំបន់អាស៊ីសម្បូរទៅដោយមនុស្សតាមដានទស្សនា ចាប់ផ្ដើមរសាត់បាត់បន្តិចម្តងៗ ដោយសារកូវីដ-១៩។
 
ចាប់តាំងពីជំងឺរាតត្បាតកូវីដមក លីគបាល់ទាត់ចិន ក៏អស់ប្រជាប្រិយភាព ខណៈការប្រកួតក្នុងកីឡដ្ឋាន គ្មានមនុស្សចូលទស្សនា។ ចំណែកការប្រកួតខ្លះ បានពន្យាពេលពីសប្តាហ៍មួយទៅសប្តាហ៍មួយ ហើយការប្រកួតខ្លះទៀត ពន្យាពេលដល់ទៅមួយខែ។ 
 
ភាពជាប់គាំងនៃវិស័យបាល់ទាត់ប្រទេសចិននេះ បានធ្វើឱ្យកីឡាករបាល់ទាត់ក៏ជួបបញ្ហាដូចគ្នា ដោយកីឡាករភាគច្រើនត្រូវជាប់ក្នុងសណ្ឋាគារ ហើយខ្លះទៀត បានផុតកិច្ចសន្យាជាមួយក្លិប ក៏ត្រូវជាប់គាំងមិនអាចចេញស្វែងរកក្លិបថ្មី សម្រាប់បន្តអាជីពលេងបាន ឬក៏វិលត្រលប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។​​​​
 
លីគបាល់ទាត់លើពិភពលោកងើបឡើងវិញ ក្រោយកូវីដ-១៩ ធូរស្រាលខ្លាំង លើកលែងតែចិន 
ការតស៊ូរើបម្រាសចេញពីវិបត្តិកូវីដ-១៩ ពីបណ្តាក្លិបនៅលើពិភពលោកទទួលបានលទ្ធផលផ្លែផ្កា និងភាពរីកចម្រើនមកវិញ។ ក្លិបធំៗនៅតំបន់អឺរ៉ុប ចាប់ផ្តើមបើកឱ្យអ្នកគាំទ្រខ្លួន ចូលទស្សនាវិញ  ដែលជាសញ្ញាវិជ្ជមាន សម្រាប់វិស័យបាល់ទាត់ ចាប់តាំងពីឆ្នាំ២០២១មក។ 
 
ទោះជាយ៉ាងនេះក្តីបាល់ទាត់ចិន នៅតែមិនអាចរកឃើញពន្លឺភ្លាមៗបាននៅឡើយ ។ ខុសពីប្រទេសដទៃនៅពិភពលោក ប្រទេសចិននៅតែបន្តប្រយុទ្ធជាមួយនឹងជំងឺកូវីដ​-១៩ ។ ខណៈពេលដែលបាល់ទាត់ចិនកំពុងជួបបញ្ហាខ្លាំង ស្រាប់តែវិស័យបាល់នៅតាមប្រទេសផ្សេង ដូចជាតំបន់អារ៉ាប់ផ្តើមងើបមុខមាត់យ៉ាងខ្លាំង ។ មិនត្រឹមតែប៉ុណ្ណោះទេ លីគបាល់ទាត់នៅប្រទេសតំបន់អារ៉ាប់ បានក្លាយជាទីកន្លែងដែលទាក់ទាញចំណាប់អារម្មណ៍ របស់កីឡាករបរទេសយ៉ាងខ្លាំង។ 
 
ជាក់ស្តែងកាលពីពេលថ្មីៗនេះក្លិប Al Nassr ដែលស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីត ទើបតែបានចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធល្បីប្រចាំពិភពលោក Cristiano Ronaldo មកចូលរួមក្រុម។ ដូច្នេះបង្ហាញវាថា ក្លិបដែលស្ថិតនៅលីគកំពូលចិន Chinses Super league ដែលចំណាយប្រាក់ច្រើននោះ មិនមែនជាជម្រើសសម្រាប់កីឡាករបរទេសនោះទេ ។ 
  


បច្ចុប្បន្នការប្រកួតក្របខណ្ឌលីគកំពូលនៃប្រទេសចិន ក៏ឈានដល់បញ្ចប់នៃរដូវកាលដែរ។ ចំណែកក្លិប ដែលធ្លាប់មានឈ្មោះល្បីខ្លាំងដូចជាក្លិប Hebei FC និងក្លិប Guangzhou FC ដែលធ្លាប់នាំចូលកីឡាករបរទេសល្បីៗ ពីបាល់ទាត់តំបន់អឺរ៉ុប កំពុងរងវិបត្តិ និងធ្លាក់ចេញពីលីគកំពូលសម្រាប់រដូវកាលថ្មីថែមទៀត។ 
 
ជាឧទាហរណ៍នៃការធ្លាក់ចុះនៃវិស័យបាល់ទាត់ចិន ក្រុម Hebai China Fortune ចាប់ផ្តើមជួបវិបត្តិបន្តិចម្តងៗ ដោយក្រុមបានធ្លាក់់ចុះនូវប្រាក់ចំណូលរួមទាំងប្រជាប្រិយភាពពីអ្នកគាំទ្រ ។ ក្លិបធ្លាប់ល្បីឈ្មោះមួយនេះចាប់ផ្តើមដាំក្បាលចុះ រហូតគ្មានថវិកាបង់ថ្លៃអត្តពលិកកីឡាករ និងថ្លៃអគ្គិសនីទៀតផង។ ជាមួយគ្នានេះ ក្លិបជើងខ្លាំងចិនដូចជា Guangzhou Evergrande ដែលជាម្ចាស់ពានលីគចិន ៨សម័យ រួមទាំង AFC Champions League ២សម័យរដូវកាលថ្មី ក៏បានក្លាយជាក្រុមត្រូវកាត់ចេញពីលីគកំពូល ដោយក្រុមស្ថិតនៅចំណាត់ថ្នាក់បាតតារាង។ ក្លិបដ៏ធំមួយនេះដាំក្បាលចុះដោយសារតែវិបត្តិហិរញ្ញវត្ថុ ដោយសារការចំណាយលើសទំហំប្រាក់ចំណូល ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗនានា ក្លិបមួយនេះមានជាប់បំណុលប្រមាណជាង ៣០០ពាន់លានដុល្លារទៀតផង។
 
ការប្រកាសបើកប្រទេសចិនឡើងវិញជាសញ្ញាល្អដល់បាល់ទាត់ចិន? 
កាលពីពេលថ្មីៗប្រទេសចិនបានសម្រេចប្រកាសបើកប្រទេសឡើងវិញ ដែលជាក្តីសង្ឃឹមថ្មីសម្រាប់ក្លិបបាល់ទាត់នានា ។ ការបើកប្រទេសវិញ ប្រៀបបាននឹងការបើកច្រកសេដ្ឋកិច្ចក្រុមបាល់ទាត់ក្នុងប្រទេសចិន ដែលអាចនាំយកការប្រកួតខ្ពស់ ដោយមានអ្នកគាំទ្រចូលទស្សនាឡើងវិញ។ ក្លិបអាចលក់សំបុត្រ និងមានឱកាសខ្ពស់ក្នុងការទទួលបានការឧបត្ថម្ភផ្សេងៗ ពីសំណាក់ដៃគូសហការ។ ចំណែកកីឡាករបរទេស ជាពិសេសកីឡាករជិតដល់វ័យចូលនិវត្តន៍ ដែលនៅចង់បន្តអាជីព ហើយអាចរកប្រាក់អត្តពលកម្មបានច្រើននោះ ក៏អាចមានទីផ្សារឡើងវិញ។
 
ក្លិបបាល់ទាត់នៅប្រទេសចិន ហ៊ានចំណាយប្រាក់អត្តពលកម្មខ្ពស់លើកីឡាករបរទេសល្បីៗមួយចំនួនមកហើយរួមមាន៖ Ezequiel Lavezzi, Carlos Tevez, Oscar, ​​Hulk, Stephan El-Shaarawy, Paulinho និងកីឡាករល្បីៗដែលធ្លាប់លេងនៅតំបន់អឺរ៉ុបដទៃផ្សេងទៀត បានផ្លាស់ទៅលេងនៅចិន ក្រោយពួកគេមានវ័យហៀបចូលនិវត្តន៍​។ ជាក់ស្តែងមុនពេលផ្ទុះជំងឺកូវីដ-១៩ នៅឆ្នាំ ២០១៩ លីគបាល់ទាត់ចិនសម្បូរទៅដោយកីឡាករបរទេសនិយមទៅលេង ប៉ុន្តែបច្ចុប្បន្នកីឡាករភាគច្រើនបានចាកចេញពីលីគចិន ទៅប្រកបអាជីពនៅលីគទឹកដីអារ៉ាប់។ តែកីឡាករមួយចំនួនដូចជា Oscar និង Marouane Fellaini នៅតែបន្តលេងនៅចិនដដែល។
 
ពេលនេះអ្នកគាំទ្របាល់ទាត់ក្នុងប្រទេសចិន អាចវិលត្រលប់ទៅទស្សនាការប្រកួតក្នុងកីឡដ្ឋាន ទាំងនៅក្នុងទឹកដី និងក្រៅទឹកដីវិញបានហើយ ក្រោយអាក់ខានចាប់តាំងពីឆ្នាំ ២០១៩ មក។ ក្រោយបើកប្រទេសឡើងវិញ តើវិស័យបាល់ទាត់នៃប្រទេសចិន នឹងអាចវិលត្រលប់មកវិញល្អ ដល់កម្រិតណា? 

Tag:
 (បាល់ទាត់
  ចិន)
© រក្សាសិទ្ធិដោយ thmeythmey.com