ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហាត់ប្រាណ​​ទៀងទាត់​អាច​កាត់បន្ថយជំងឺ​សរសៃឈាម​បេះដូង​បាន​ជាង៥០ភាគរយ
24, Jan 2023 , 6:59 am        
រូបភាព
បើ​អ្នក​មិនទាន់​ដែល​ហាត់ប្រាណ​ទេ ចូរ​ចាប់ផ្តើម​ពី​ពេល​នេះ​ទៅ​ដើម្បី​សុខភាព​និង​រាងកាយ​មាំមួន​។​ចូរ​សម្លឹង​មើល​ប្រយោជន៍​លំ​ហាត់ប្រាណ​ដូចខាងក្រោម​នេះ​។​
 
រាងកាយ​ដែល​សកម្ម (​ការ​ហាត់ប្រាណ​) អាច​ជួយ​ពង្រឹង​, បង្កើន​សុខុមាលភាព​ខាង​ផ្លូវកាយ (physical wellbeing), សុខុមាលភាព​ខាង​ផ្លូវចិត្ត (mental wellbeing) និង ផ្លាស់ប្តូរ​រូបរាងកាយ​របស់​អ្នក​មាន​សោភ័ណភាព​គួរ​អោយ​គយគន់​ទៀតផង ។ ការ​ហាត់ប្រាណ​អោយបាន​ត្រឹមត្រូវ និង ទៀងទាត់​អាចជួយ​ការពារ​ហេតុភេទ​អាក្រក់ ឬ ជំងឺ​មួយ​ចំនួន​ដែល​ចង់​មក​យារ​យី​លើ​រាងកាយ​របស់​អ្នក ។ តាម​ដែល​យើង​បានដឹង​ពី​បទ​ពិសោធន៍​របស់​ប្រជាជន​ជាច្រើន​, ការ​ហាត់ប្រាណ​បាន​ទៀងទាត់​អាច​លើក​កំពស់​ស្មារតី , ជួយ​អោយ​អ្នក​អាច​គ្រប់គ្រង ឬ ដោះស្រាយ​ជាមួយ​អារម្មណ៍​អវិជ្ជមាន​, មួរ​ម៉ៅ​, ខឹងក្រេវក្រោធ ព្រមទាំង​ជួយ​អោយ​អ្នក​មាន​សុខុមាលភាព​ផ្លូវចិត្ត​ល្អ (mental wellbeing) ។​
 
​បទពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់​គឺ​, ការ​ជិះ​កង់​ហាត់ប្រាណ​កំសាន្ត​លេង​ត្រឹមតែ ៣០ នាទី​អាចជួយ​បំបាត់​ភាព​អផ្សុក និង ភាព​ស្រងូតស្រងាត់​បាន​យ៉ាង​ល្អ ។ នេះ​ប្រហែលជា​មកពី​លំ​ហាត់ប្រាណ​បាន​ហូរ​ចាក់​ជ្រាប​ពេញ​ក្នុង​រាងកាយ​របស់ខ្ញុំ រួមជាមួយ​នឹង​អ័រម៉ូន​ដែល​កាត់បន្ថយ​កំរិត​ភាព​តានតឹង និង អារម្មណ៍​ថា​ស្ត្រេ​ស ឬ អស់កំលាំង ។ អ្វីៗ​រឹតតែ​ប្រសើរ​ឡើង​ថែម​ទៀត​នៅពេល​ដែល​ខ្ញុំ​បាន​សាកល្បង​ការ​ហាត់ប្រាណ​មួយ​បែប​ទៀត គឺ​ការហាត់​ឡើង​លេង​លើ​ភ្នំ​តូចៗ ។ ឥឡូវនេះ​, វា​គ្មាន​ចម្ងល់​អ្វី​ទាំងអស់ គឺ​ខ្ញុំ​បាន​ញៀន​ទៅ​នឹង​សកម្មភាព​ទាំងនេះ​ទៅ​ហើយ ហើយ​ខ្ញុំ​មិន​អាច​ខាន​ហាត់ប្រាណ​បាន​នោះទេ ពីព្រោះ​វា​បាន​ធ្វើអោយ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​, មាន​អារម្មណ៍ល្អ និង ហាក់ដូចជា​ស្រាល ហើយ​ស្រួល​ក្នុង​ខ្លួន​ជាង​ធម្មតា ។ ការ​ហាត់ប្រាណ​បែបនេះ​អាច​ព្យាល​បាល ឬ ជួយ​បំបាត់​អាការៈរោគ​ខុសគ្នាៗ​ទៅតាម​ស្ថានភាព​របស់​មនុស្ស ដូចជា​អាច​បំបាត់ ភាព​អផ្សុក​, ភាព​តានតឹង​, ស្ត្រេ​ស​, ការ​ថប់​អារម្មណ៍​, ធ្លាក់​ទឹកចិត្ត​, ភាពខ្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង ហើយ​វា​គ្មាន​ផលប៉ះពាល់​អាក្រក់​អ្វី​ទាំងអស់​មក​លើ​រាងកាយ​របស់​យើង (​ដែល​ខុស​គ្នា​ស្រលះ​ទៅនឹង​ការព្យាបាល​បញ្ហា​ខាងលើ​នេះ​ដោយ​ប្រើប្រាស់​ថ្នាំពេទ្យ​) ។​
 
​ការមើលឃើញ​ចំពោះ​ខ្លួនឯង​
 
តាមរយៈ​ការសិក្សា​ជាច្រើន​បាន​បង្ហាញថា មនុស្ស​នឹង​មាន​អារម្មណ៍​ប្រសើរឡើង ឬ គិត​វិជ្ជមាន​ចំ​ពោះ​ខ្លួនឯង នៅពេលដែល​ពួកគេ​ចាប់ផ្តើម​ចាប់យក​ការ​ហាត់ប្រាណ​បែប​ណាមួយ​ក៏ដោយ ។ ការផ្លាស់ប្តូរ​រូបរាងកាយ ដូចជា​ស្រក់​ទំងន់​បន្តិច​, រាង​ស្វែល​ស្អាត​បន្តិច​, សាច់ដុំ​កាន់តែ​មាំមួន អាច​ធ្វើអោយ​ពេញចិត្ត​ទៅ​រូបរាងកាយ​របស់​ខ្លួន​ឯង​ច្រើន​ជាង​មុន​ពេល​ទទួល​ការ​ហាត់ប្រាណ (​ជួយ​ជំរុញ​អោយមាន​សុខុមាលភាព​ផ្នែក​ផ្លូវចិត្ត​) ។​
 
ការ​ហាត់ប្រាណ​ជួយ​អោយ​អ្នក​អាច​ដឹង​ថា​តើ​អ្នក​អាច​មាន​សមត្ថភាព​ធ្វើ​អ្វី​បាន​ខ្លះ​, មាន​អារម្មណ៍​ថា​ខ្លួនឯង​បាន​សំរេច​កិច្ចការ​អ្វី​មួយ​បាន​ចប់សព្វគ្រប់ ។ ការរៀន​ចេះដឹង​នូវ​ជំនាញ​ថ្មីៗ​, ការឈាន​ទៅ​ដល់​គោលដៅ​ដែល​ខ្លួន​ចង់​សំរេច​, ទោះបីជា​ការងារ​នោះ​តូច​តាចក្តី ក៏​អាច​ធ្វើអោយ​យើង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​, គោរព​ខ្លួនឯង​, អោយ​តំលៃ​ខ្លួនឯង និង ជំរុញ​ទឹកចិត្ត​អោយ​ចាប់ផ្តើម​ធ្វើ​ការងារ​ធំៗ​ផ្សេងៗ​បន្តបន្ទាប់​គ្នា​ថែម​ទៀត ។​
 
ឆាកជីវិត​ក្នុង​សង្គម​ជាតិ​
 
ចូលរួម​ក្នុង​ការងារ​ក្រុម​សង្គម​មនុស្ស​, ការ​ចូល​ក្នុង​ក្លឹប​ជួបជុំ​គ្នា​ដើម្បី​ហាត់ប្រាណ បាន​បង្កើន​ឳ​កាស​អោយ​មនុស្ស​អាច​ជជែក​លេង​, បង្កើន​មិត្តភាព និង ភាពស្និទ្ឋស្នាល ព្រមទាំង​ប្រាសចាក​ក្នុង​ការ​យក​ពេលវេលា​ដ៏​មាន​តំលៃ​ទៅ​លេង​ល្បែង ឬ ប្រើប្រាស់​គ្រឿងញៀន​ជាដើម ។ ប្រសិនបើ​អ្នក​មិន​ចង់​ជួប​មនុស្ស​ច្រើន ឬ ចង់​ធ្វើ​អ្វី​តែឯង​, អ្នក​ក៏​នៅ​មាន​ជំរើស​ជាច្រើន​ផ្សេងៗ​ទៀត​ក្នុង​ការ​ហាត់ប្រាណ ដូចជា កីឡា​ហែល​ទឹក​, ដើរ​, រត់​ត្រឹកៗ​ជាដើម ។​
 
ផលប្រយោជន៍​ចំពោះ​សុខភាព​
 
មនុស្ស​ដែលមាន​សកម្មភាព​រាង​កាយ ឬ ការ​ហាត់ប្រាណ​បាន​សមរម្យ និង ទៀងទាត់​អាច​កាត់បន្ថយ​អត្រា​ប្រឈមមុខ​ទៅ​នឹង​ជំងឺ​សរសៃឈាម​បេះដូង​បាន​ទៅ​ដល់​ជាង ៥០ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ទាល់តែ​សោះ​ក្នុង​មួយ​ថ្ងៃ ។ ការ​ហាត់ប្រាណ​ធ្វើអោយ​សុខភាព​របស់​មនុស្ស​ប្រសើរឡើង ព្រមទាំង​អាច​ការពារ​ពួកគេ​ពី​ការប្រឈមមុខ​ទៅនឹង​គ្រោះថ្នាក់​ជា​ច្រើន​ដូចជា សំពាធ​ឈាម​លើស​, ការ​ធាត់​ដុះ​ក្បាលពោះ (​លើស​ទំងន់​ខ្លាំង​) និង កំរិត​កូលេ​សស្តេ​រ៉ុល​ខ្ពស់ ។ ល ។​
 
ការ​ហាត់ប្រាណ​ជួយ​ធ្វើអោយ​សុខភាព​របស់​ឆ្អឹង​, សន្លាក់ និង សាច់ដុំ​បាន​រឹងមាំ ព្រមទាំង​ពន្យា​ពេល ឬ កាត់បន្ថយ​ការកើត​ជំងឺ​ពុក​ឆ្អឹង (osteoporosis) និង ជំងឺ​រលាក​សន្លាក់ (arthritis) ។ មិនតែប៉ុណ្ណោះ​, ការ​ហាត់ប្រាណ​អាចជួយ​ពង្រឹង និង ថែរក្សា​កំលាំង និង ភាពបត់បែន​របស់​សាច់ដុំ​អោយ​មាន​ភាពរស់រវើក​, មិន​ជាប់គាំង​, មិន​ងាយ​នឹង​ទទួល​រងរបួស ឬ ការឈឺចាប់ ព្រមទាំង​អាច​អោយ​អ្នក​សប្បាយចិត្ត​នឹង​រស់​នៅក្នុង​សុខភាព​ល្អ​បរិបូរ​នៅពេល​អាយុ​កាន់តែ​ចាស់ជរា​ទៅ ។​
 
ការ​ហាត់ប្រាណ​អាចជួយ​គ្រប់គ្រង​ស្ថានភាព​ជំងឺ​ដែល​អ្នក​កំពុង​មាន​ក្នុង​ខ្លួន​ដូចជា ជំងឺ​ទឹកនោម​ផ្អែម​, ជំងឺលើសឈាម និង កាត់បន្ថយ​ការប្រឈមមុខ​ទៅ​នឹង​ជំងឺ​មហារីក ជាពិសេស​ជំងឺមហារីក​ពោះវៀន ។​
 
ធ្វើខ្លួន​អោយ​សកម្ម​
 
​ការសិក្សា​ចុងក្រោយ​ទៅលើ​អ្នក​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​នៅលើ​ពិភពលោក គឺ​លោក អូ​គី​ណា​វ៉ា​នស៍ (Okinawans) ដែល​កំពុង​រស់នៅ​លើ​កោះ​ចន្លោះ​ប្រទេស​ជប៉ុន និង តៃវ៉ាន់ បានបង្ហាញ​ថា ផលប្រយោជន៍​នៃ​សកម្មភាព​របស់​រាងកាយ​អាច​បាន​មក​ពី​ត្រឹមតែ​ការងារ​សាមញ្ញៗ​, ងាយៗ ដូចជា ការដើរ​, ការ​ដាំ​ដំណាំ​, មើលថែ​សួនច្បារ​, ហែល​ទឹក​, ដើរ​ទៅ​រង់ចាំ​ឡានក្រុង​, ការលេង​កីឡាបាល់ទាត់ ហ្កោល ប៉ុណ្ណោះ ។ នេះ​មានន័យ​ថា​អ្នក​អាច​ទទួលយក​ការ​ហាត់ប្រាណ ឬ សកម្មភាព​ណា​ងាយៗ​ដែល​អ្នក​អាច​ធ្វើ​វា​បានជា​ការកំសាន្ត​របស់​អ្នក​, មិនមែន​ជា​កាតព្វកិច្ច​ដែល​អ្នក​ត្រូវ​តែ​ធ្វើ ឬ ត្រូវតែ​ទៅ​ក្លឹប​ដើម្បី​ចំណាយពេល​អោយបាន​យ៉ាងតិច ៣០ ដើម្បី​ហាត់ប្រាណ​អោយ​ចប់​សព្វគ្រប់​នោះទេ ។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com