កីឡាអន្តរជាតិ
អន្តរជាតិ
Haaland ធ្វើបាន Hat-Trick លើកទី៤ កើនគ្រាប់ស៊ុតទី២៥ លើសម្ចាស់ស្បែកជើងមាសរដូវមុន
23, Jan 2023 , 10:59 am        
រូបភាព
Erling Haaland ធ្វើបាន Hat-Trick ជាលើកទី៤រដូវកាលនេះ បំបែកកំណត់ Ruud van Nistelrooy ក្នុងនាមកីឡាកររកបាន៣គ្រាប់ក្នុងមួយប្រកួតចំនួន៤លើកលឿនបំផុតនៅ Premier League។ គិតត្រឹមពេលសប្តាហ៍ទី២០ Haaland កើនចំនួនគ្រាប់ស៊ុតដល់២៥គ្រាប់ ពោលគឺលើសម្ចាស់ស្បែកជើងមាសរដូវកាលមុន ខណៈការប្រកួតទើបបានពាក់កណ្តាលរដូវកាល។


នាជំនួបក្របខណ្ឌលីគកំពូលអង់គ្លេសសប្តាហ៍ទី២០ នៅថ្ងៃទី២២ ខែមករា ខ្សែប្រយុទ្ធសញ្ជាតិន័រវែសបន្តធ្វើបាន៣គ្រាប់ម្នាក់ឯងជាថ្មី និងជាលើកទី៤ ក្រោយបង្ហាញខ្លួនឱ្យ Man City ១៩ប្រកួតរដូវកាលនេះ។ ៣គ្រាប់បន្ថែមបស់ Haaland ជួយ ម្ចាស់ការពារជើងឯក Manchester City ឈ្នះ Wolverhampton Wanderers ៣-០។
 
រកបាន៣គ្រាប់ម្នាក់ជាលើកទី៤ Haaland បានបំបែកកំណត់ត្រាអតីតខ្សែប្រយុទ្ធឆ្នើម Manchester United កីឡាករ Ruud van Nistelrooy ដែលធ្វើបាន hat-trick ចំនួន៤លើក លឿនជាងគេបំផុត។
 
មុនវត្តមានរបស់ Haaland នៅទឹកដីអង់គ្លេស Nistelrooy ធ្លាប់ធ្វើបាន hat-trick ឱ្យបិសាចក្រហមចំនួន៤លើក ក្នុងការបង្ហាញខ្លួន៦៥ប្រកួត លឿនជាងគេដោយនាំមុខ Luis Suarez ៨១ប្រកួត Alan Shearer ៨៦ប្រកួត និង Robbie Fowloer ៨៩ប្រកួត។ ប៉ុន្តែនៅរដូវកាល២០២២-២៣នេះ Haaland បានបំបែកកំណត់ត្រានេះហើយ ដោយធ្វើបាន hat-trick ៤លើក ត្រឹមការបង្ហាញខ្លួនតែ១៩ប្រកួតប៉ុណ្ណោះ។
 
មិនត្រឹមជួយក្រុមមេឃខៀវកើន៣ពិន្ទុបន្ថែម ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ សញ្ជាតិន័រវែស កើនចំនួនគ្រាប់ស៊ុតរហូតដល់២៥គ្រាប់ហើយ ខណៈការប្រកួតលីគកំពូលអង់គ្លេសទើបឈានដល់សប្តាហ៍ទី២០។ ២៥គ្រាប់របស់ Haaland ជាចំនួនច្រើនជាងម្ចាស់ស្បែកជើងមាស Premier League រដូវកាលមុនរបស់ Heung-min Son និង Mohamad Salah ដែលធ្វើបាន២៣គ្រាប់ដូចគ្នា។
 
ឆ្លងកាត់ការប្រកួត២០លើក Man City ក្រុមការពារជើងឯករកបាន៤៥ពិន្ទុ ឈរចំណាត់ថ្នាក់ទី២ តាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន៥ពិន្ទុ។ កាំភ្លើងធំយកឈ្នះ Man Utd ៣-២ នៅចំនួបសប្តាហ៍ទី១៩របស់ពួកគេ។ Man Utd ធ្លាក់ទៅលេខ៤ មាន៣៩ពិន្ទុពីការប្រកួត២០លើក ស្មើពិន្ទុគ្នាជាមួយ Newcastle United ដែលដណ្តើមបានលេខ៣ក្នុងតារាងលីគកំពូលអង់គ្លេសវិញ៕
 

Tag:
 Premier League
  Erling Haaland
© រក្សាសិទ្ធិដោយ thmeythmey.com