អន្តរជាតិ
អង្គការ​សហប្រជាជាតិ​ជំរុញ​ក្រិក​ឱ្យ​ទម្លាក់​បទចោទ​ប្រឆាំង​នឹង​អ្នកការពារ​សិទ្ធិ​មនុស្ស
23, Jan 2023 , 7:29 pm        
រូបភាព
រូបឯកសារ៖ ទង់ជាតិ​នៃ​ប្រទេស​ក្រិក​គ្រវី​នៅ​ខាង​ក្រៅ​ផ្សារ​ហ៊ុន​ក្នុង​ក្រុង​អាថែន កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០១៤។
រូបឯកសារ៖ ទង់ជាតិ​នៃ​ប្រទេស​ក្រិក​គ្រវី​នៅ​ខាង​ក្រៅ​ផ្សារ​ហ៊ុន​ក្នុង​ក្រុង​អាថែន កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០១៤។
ដោយ: VOA
ជន​ជាប់​ចោទ​បាន​ឡើង​សវនាការ​នៅ​កោះ Lesvos ប្រទេស​ក្រិក ជាង៤ឆ្នាំ​ក្រោយ​មាន​បទ​ចោទ​កាលពី​ឆ្នាំ២០១៨។ អ្នក​ដែល​ប្រឈម​មុខ​នឹង​សវនាការ​សុទ្ធ​តែ​ជា​សមាជិក​ ឬ​អ្នក​ស្ម័គ្រចិត្ត​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ក្រិក​មួយ​ឈ្មោះ​ថា មជ្ឈមណ្ឌល​អន្តរជាតិ​ឆ្លើយតប​គ្រាអាសន្ន ឬ ERCI។


អ្នកស្រី Liz Throssell អ្នក​នាំ​ពាក្យ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា សកម្មជន​ទាំង២៤នាក់​បាន​ស្ថិត​ក្នុង​ច្បាប់​ស្រពិច​ស្រពិល​ជាច្រើន​ឆ្នាំ។ អ្នកស្រី​បាន​ថ្លែង​បន្ត​ថា សកម្មជន​ ២ នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​មុន​សវនាការ​អស់​រយៈពេល​១០៦​ថ្ងៃ។ អ្នកស្រី​ថា ពួកគេ​ប្រឈម​នឹង​បទចោទ​ផ្សេងៗ​ដូច​ជា​បទ​មជ្ឈឹម ​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចារកិច្ច​ និង​ការ​ផ្ទេរ​ព័ត៌មាន​រដ្ឋ។ អ្នកស្រី​ថា ពួកគេក៏​ជាប់​ចោទ​ពី​បទ​ជួយ​និង​ញុះញង់​ឱ្យ​មាន​ការ​រៀបចំ​បទល្មើស​ព្រហ្មទណ្ឌ​ផង​ដែរ។
 
អ្នកស្រី Liz Throssell បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «សវនាការ​ដូច​នេះ​មាន​ការ​បារម្ភ​ខ្លាំង​ ដោយសារ​ពួកគេ​ដាក់​ទោស​ព្រហ្មទណ្ឌ​លើ​កិច្ចការ​ជួយ​សង្គ្រោះ​អាយុជីវិត និង​បង្កើត​ទម្លាប់​ដ៏​គ្រោះថ្នាក់​មួយ។ តាមពិត វា​មាន​ផលប៉ះពាល់​ដល់​ការ​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​រួច​ទៅ​ហើយ ដោយ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​មនុស្សធម៌​ត្រូវ​បាន​បង្ខំ​ឱ្យ​ផ្អាក​ការងារ​សិទ្ធិ​មនុស្ស​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ក្រិក និង​ប្រទេស​ផ្សេង​ទៀត​ក្នុ​ងសហភាព​អឺរ៉ុប។ យើង​សូម​ធ្វើ​ការ​អំពាវនាវ​ម្តង​ទៀត​ឱ្យ​មាន​ការ​ទម្លាក់​បទចោទ​ប្រឆាំង​នឹង​សកម្មជន​ទាំង ២៤ នាក់»។​
 
នៅ​ចន្លោះ​ឆ្នាំ២០១៦ និង​២០១៨ ​អង្គការ ERCI បាន​ជួយ​មនុស្ស​ជាង ១.០០០ នាក់​ដែល​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​នៅ​សមុទ្រ​ដើម្បី​ស្វែងរក​កន្លែង​សុវត្ថិភាព​និង​ជំនួយ​នៅ​លើ​កោះ Lesvos ប្រទេស​ក្រិក។ រដ្ឋាភិបាល​ក្រិក​បាន​បង្ខំ​ឱ្យ​អង្គការ​នេះ​បិទ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ២០១៩។
 
អ្នកស្រី Throssell បាន​ថ្លែង​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល ​ជាច្រើន​ផ្សេង​ទៀតក៏​បាន​បញ្ឈប់​ប្រតិបត្តិការ​ស្វែងរក ​និង​ជួយ​សង្គ្រោះ​ចាប់​ពី​ខែឧសភា ​ឆ្នាំ២០១៩​ មក​ផង​ដែរ។ នោះ​កើត​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​ឡើង​កាន់​អំណាច ​និង​បាន​ចេញ​វិធានការ​ច្បាប់​តឹងរ៉ឹង​ជាច្រើន។
 
ចាប់​តាំង​ពី​ពេល​បេសកកម្ម​ស្វែងរក​ និង​ជួយ​សង្គ្រោះ​ជន​ស៊ីវិល​នៅ​ក្រៅ​ប្រទេស​ក្រិក​ត្រូវ​បាន​បញ្ចប់ អ្នកស្រី​បាន​ថ្លែង​ថា អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​បាន​កត់ត្រា​ជន​ទេសន្តរប្រវេសន៍​ចំនួន ៤៩២ នាក់​ដែល​បាន​ស្លាប់ ឬ​បាត់​ខ្លួន​នៅ​សមុទ្រ។ អ្នកស្រី​ថា វា​ពិបាក​នឹង​ស្វែងរក​ហេតុផល​ទូទៅ​នៃ​ការ​ស្លាប់​ទាំង​នោះ​ណាស់។ អ្នកស្រី Throssell បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖
 
«ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ច្បាស់​ណាស់​ថា លោក​អ្នកឃើញ​មាន​មនុស្ស​ជាប់​នៅ​សមុទ្រ មនុស្ស​ដែល​នៅ​លើ​ទូក​ដែល​អាច​នឹង​ក្រឡាប់ និង​អាច​លិច​បាត់។ ពួកគេ​នៅ​ក្នុង​ទឹក ហើយ​គ្មាន​មនុស្ស​ទៅ​ជួយ​សង្គ្រោះ​ពួកគេ។ ដូច្នេះ នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​និយាយ​ថា សវនាការ​នេះ និង​សវនាការ​ប្រហាក់​ប្រហែល​នេះ​ជា​ក្តី​បារម្ភ​ខ្លាំង​មួយ ដោយសារ​ពួកគេ​បាន​ដាក់​ទោស​ព្រហ្មទណ្ឌ​លើ​សកម្មភាព​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស»។
 
អ្នកស្រី Throssell បាន​កត់សម្គាល់​ថា កាលពី​ថ្ងៃទី១៣ ខែមករា​ រដ្ឋអាជ្ញា​បាន​ស្នើ​ឱ្យ​ទម្លាក់​បទចោទ​មួយ​ចំនួន​ប្រឆាំង​នឹង​ជន​ជាប់​ចោទ។ ខណៈ​ដែលស្វាគមន៍​ការ​វិវឌ្ឍ​ថ្មី​នេះ អ្នកស្រី​នៅ​តែ​លើក​ឡើង​ម្តង​ទៀត​ពី​ការ​អំពាវនាវ​របស់​ក្រុម​មន្ត្រី​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ឱ្យ​ទម្លាក់​បទ​ចោទ​ទាំង​អស់​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ២៤ នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com