អន្តរជាតិ
អូស្រ្តាលី នឹងពន្លឿនទិញមីនសម្រាប់ពង្រាយលើសមុទ្រដើម្បីការពារដែនទឹក
23, Jan 2023 , 8:29 pm        
រូបភាព
លោក អាន់ថូនី អាល់បានីស នាយករដ្ឋមន្រ្តីអូស្រ្តាលី។ រូបភាព៖ AFP
លោក អាន់ថូនី អាល់បានីស នាយករដ្ឋមន្រ្តីអូស្រ្តាលី។ រូបភាព៖ AFP
អូស្រ្តាលី នៅថ្ងៃទី២៣ ខែមករា បានអះអាងថា នឹងពន្លឿនគម្រោងទិញមីនសម្រាប់ពង្រាយនៅសមុទ្រដើម្បីការពារផ្លូវសមុទ្រ និងកំពង់ផែនានា។


 
 
នាពេលកន្លងមក អូស្រ្តាលី បានថ្កោលទោសនាវាយកការណ៍សម្ងាត់ចិន ដែលបានធ្វើប្រតិបត្តិការនៅក្បែរឆ្នេរភាគខាងលិចរបស់ខ្លួន។ ឆ្នេរភាគខាងលិចអូស្រ្តាលី ជាតំបន់ប្រមូលផ្តុំដោយមូលដ្ឋានយោធា។ ស្របពេលមានការគំរាមកំហែង និងការកើនឡើងនៃអំណាចយោធាចិន អូស្រ្តាលី នឹងពន្លឿនការទិញមីនសម្រាប់ពង្រាយនៅសមុទ្រដើម្បីការពារពីសកម្មភាពឈ្លានពានណាមួយ។ 
 
«អូស្រ្តាលី កំពុងពន្លឿនការទទួលបានមីនពង្រាយសមុទ្រដែលមានភាពវៃឆ្លាត»។ អ្នកនាំពាក្យក្រសួងការពារជាតិអូស្រ្តាលីមួយរូប បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញនៅថ្ងៃទី២៣ ខែមករា ដោយបន្តថា មីនទាំងនោះ នឹងជួយអូស្រ្តាលី ក្នុងការការពារដែនទឹករបស់ខ្លួន។ 
 
ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការពារជាតិអូស្រ្តាលី បានពន្យល់ថា មីនវៃឆ្លាតទាំងនោះ នឹងបែងចែកលក្ខណៈខុសគ្នារវាងគោលដៅយោធា និងនាវាប្រភេទផ្សេងទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
បើទោះរដ្ឋាភិបាលអូស្រ្តាលីមិនបានលម្អិតពីមីនសម្រាប់ពង្រាយនៅសមុទ្រ ប៉ុន្តែកាសែត Sydney Morning Herald បានចុះផ្សាយថា រដ្ឋាភិបាលក្រុងកង់បេរ៉ានឹងចំណាយរហូតដល់ ៦៩៨លានដុល្លារ ដើម្បីទិញអាវុធសម្រាប់ដាក់ពង្រាយនៅដែនសមុទ្រ។ កាសែតដដែលបានបន្ថែមថា រដ្ឋាភិបាលសហព័ន្ធនឹងប្រកាសពីកុងត្រា លើការទិញមីនទាំងនោះឆាប់ៗជាមួយក្រុមហ៊ុនផ្គត់ផ្គង់អាវុធរបស់អឺរ៉ុប។ 
 
ជុំវិញការពង្រឹងសមត្ថភាពការពារខ្លួនេះ លោក អាន់ថូនី អាល់បានីស នាយករដ្ឋមន្រ្តីអូស្រ្តាលី បានប្រាប់ទូរទស្សន៍ ABC ថា អ្វីដែលអូស្រ្តាលីត្រូវការជាចាំបាច់ គឺលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារខ្លួន ហើយអូស្រ្តាលី នឹងពិនិត្យលើប្រព័ន្ធការពារពីការវាយប្រហារមីស៊ីល សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងបញ្ហាផ្សេងទៀត។ 
 
សូមបញ្ជាក់ថា មួយរយៈចុងក្រោយ អូស្រ្តាលី បានចំណាយថវិកាជាច្រើនលានដុល្លារលើអាវុធ ក្នុងការពង្រឹងសមត្ថភាពការពារខ្លួនយ៉ាងខ្លាំង។ នៅដើមខែមករា រដ្ឋាភិបាលប្រទេសមួយនេះ បានប្រកាសចំណាយ៧០០លានដុល្លារ លើប្រព័ន្ធការពារ ក្នុងនោះមានប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតអាម៉េរិក HIMARS ហើយនៅថ្ងៃទី១៧ ខែមករា ក្រុងកង់បេរ៉ា បានប្រកាសចំណាយ ប្រមាណ១,៩៦ពាន់លានដុល្លារ ដើម្បីទិញឧទ្ធម្ភាគចក្រអាម៉េរិក Black Hawk ចំនួន៤០គ្រឿងថែមទៀត៕ 
 

Tag:
 អូស្រ្តាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com