ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សេដ្ឋកិច្ច
តំបន់វប្បធម៌ និងឆ្នេរសមុទ្រជាគោលដៅទេសចរចិន តែវត្តមានចិន ធ្វើឱ្យភ្ញៀវអឺរ៉ុប ថយចុះ
23, Jan 2023 , 8:59 pm        
រូបភាព
 លោកស្រី ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA..
លោកស្រី ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA..
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖  លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA ប្រាប់សារព័ត៌មានថ្មីៗថា ឆាប់ៗនេះទេសចរណ៍ចិន នឹងមកកម្សាន្តនៅតំបន់វប្បធម៌ខេត្តសៀមរាប និងឆ្នេរសមុទ្រកម្ពុជា ដែលជាគោលដៅទេសចរណ៍របស់ពួកគេ។ ប្រធាន CATA រូបនេះ ក៏ទទួលស្គាល់ថា ពេលមានវត្តមានទេសចរចិន បានធ្វើឱ្យទេសចរអឺរ៉ុប ធ្លាក់ចុះដែរ ប៉ុន្តែពួកគេឆ្លាស់ពេលវេលាគ្នា ដើរកម្សាន្ត។
 

លោកស្រី ឆាយ ស៊ីវលីន  ក្នុងបទសម្ភាសជាមួយ អ្នកសារព៍ត៌មានថ្មីៗ

ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាង លោកស្រី ឆាយ ស៊ីវលីន ប្រធាន CATA ជាមួយកញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 




 
កញ្ញា​ សុង សុធាវី៖ យើងឃើញថានៅប្រទេសកម្ពុជា មានតំបន់ទេសចរណ៍សម្បូរបែប ទាំងវប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ។ល។  សម្រាប់ទេសចរចិន តើលោកស្រី គិតថាគាត់ចាប់អារម្មណ៍តំបន់គោលដៅណាខ្លះ នៅពេលដែលពួកគាត់នឹងមកកម្សាន្តនៅកម្ពុជាឆាប់ៗនេះ? 
 
លោកស្រី ឆាយ ស៊ីវលីន៖ សម្រាប់ទីផ្សារចិន ឃើញថាតំបន់វប្បធម៌ខេត្តសៀមរាប នៅតែជាទីពេញនិយម ហើយតំបន់ឆ្នេរមាត់សមុទ្រកម្ពុជាយើង ក៏អ៊ីចឹងដែរ។ ក្រៅពីហ្នឹង យើងបានរៀបចំតំបន់អេកូទេសចរណ៍មួយចំនួនទៀតផងដែរ។ 
 
កញ្ញា សុង សុធាវី៖ នៅក្នុងប្រទេសកម្ពុជាយើងមានទេសចរជាច្រើនមកពីតំបន់ផ្សេងៗគ្នា ហើយមានការលើកឡើងថា ពេលដែលទេសចរចិនបានទៅដល់ទីនោះ ទេសចរដែលជាជនជាតិអឺរ៉ុបចាប់ផ្តើមថយចុះវិញ! តើលោកស្រី បារម្ភទេខ្លាចបាត់បង់អ្នកទេសចរទាំងនោះ ហើយមានវិធានការដូចម្តេចករណីនេះ?
លោកស្រី ឆាយ ស៊ីវលីន៖ ត្រង់ចំណុចនេះ យើងទទួលស្គាល់ថា  នៅពេលទេសចរចិនគាត់ទៅកម្សាន្តនៅតំបន់ណាទាំងក្រុមៗ នោះទេសចរប៉ែកអឺរ៉ុបគាត់ឆ្លាស់គ្នា ឬ ចង់ជៀសចេញ ព្រោះការចូលចិត្តគឺខុសគ្នា រវាងពួកគាត់។ ទេសចរចិន គាត់ចូលចិត្តធ្វើអីលឿនៗ និយាយឮៗ និងបង្ហាញពីអារម្មណ៍ដោយមិនសូវលាក់លៀម តែការបង្ហាញបែបហ្នឹងវាអាចរំខានដល់អារម្មណ៍ទេសចរផ្សេងទៀត ដែលពួកគាត់ចូលចិត្តបែបស្ងប់ស្ងាត់  និយាយសំឡេងតិចៗ ហើយលាក់ទុកក្នុងចិត្ត។ល។ តែជនជាតិចិនគាត់ចូលចិត្តនិយាយឮៗ ហើយប្រកូកប្រកាសហៅគ្នាឱ្យមកទិញរបស់នៅទីនេះថោក និងល្អ អ៊ីចឹងទៅ។ របៀបរបបនៃការដើលេងខុសគ្នានេះហើយ ទើបតំបន់ណាដែលជនជាតិចិនទៅដល់ ទីនោះគឺជនជាតិអឺរ៉ុបគាត់ជៀសចេញសិន។

ដោយឡែកសម្រាប់យើងដែលជាអ្នករៀបចំគឺ ដឹងច្បាស់ ស្គាល់ច្បាស់ ពីចរិតលក្ខណៈរបស់ភ្ញៀវ ទៅតាមទីផ្សារនីមួយៗ អ៊ីចឹងយើងនឹងធ្វើការបែងចែក តំបន់ណាចិនគាត់ឧស្សាហ៍ទៅ គឺទៅពេលព្រឹកអ៊ីចឹងទៅ។ ឯទេសចរអឺរ៉ុបគាត់ទៅកម្សាន្តវេនផ្សេងគ្នា ដើម្បីកុំឱ្យជល់គ្នាទៅមិនសប្បាយចិត្តរៀងខ្លួន។ ឯខាងចិន ក៏គាត់មិនសប្បាយចិត្តដែរនៅពេលដែលគេឃើញគាត់ហើយគេជៀសចេញអ៊ីចឹង! ហើយបើមានច្រកចូលពីរ យើងឱ្យពួកគាត់ដើចូលផ្សេងអ៊ីចឹងទៅ។ យើងតែងតែធ្វើអ៊ីចឹង ដើម្បីបំបាត់បញ្ហាទាំងអស់នេះ។ 
 
កញ្ញា សុង សុធាវី៖  តាមការសង្កេតឃើញរបស់នាងខ្ញុំ មិនថាតែនៅភ្នំពេញ និងខេត្តសៀមរាប មានទេសចរអឺរ៉ុបច្រើន ដែលការមកដល់របស់ពួកគាត់ជាដំណឹងល្អ សម្រាប់ប្រទេសកម្ពុជា តែមានការលើកឡើងថា  កម្ពុជាជាគោលដៅទេសចរចុងក្រោយបន្ទាប់ពីថៃ និងវៀតណាម! តើលោកស្រីចូលរួមដូចម្តេច ហើយ CATA នឹងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍បែបណាទៀតទៅកាន់ពិភពលោក? 
 
លោកស្រី ឆាយ ស៊ីវលីន៖ យើងក៏ទទួលស្គាល់ថាកន្លងមក កម្ពុជាជាគោលដៅទេសចរចុងក្រោយនៅឥណ្តូចិន។ អ៊ីចឹង វៀតណាម ឡាវ កម្ពុជា ឬក៏ វៀតណាម ថៃ កម្ពុជា ដែលមូលហេតុដោយសារតែ ជើងហោះហើរយើងមិនមានហោះហើរទៅដល់ប៉ែកអឺរ៉ុប ប៉ារីស អាល្លឺម៉ង់អី យើងមិនមានទេ។ អ៊ីចឹងគេត្រូវជ្រើសរើសប្រទេសណា ដែលគេនឹងមកដល់មុនដូចជាប្រទេសវៀតណាម ថៃ សិន ទើបគេបន្តដំណើរមកប្រទេសកម្ពុជា ហើយវាជាមូលហេតុដែលយើងមិនអាចទាញទេសចរជាគោលដៅរបស់យើងតែម្តងបាន។
 
តែទោះជាយ៉ាងណា នៅពេលកូវីដនេះ យើងក៏មានការផ្សព្វផ្សាយច្រើនដែរ។ ពិសេសនៅពេលប្រមុខរដ្ឋប្រកាសបើកប្រទេសហ្នឹង គឺមុនគេដែលកម្ពុជាជាគោលដៅចម្បងតែមួយគត់ ដែលអ្នកឆ្លងកាត់ទីណាបន្តិចហើយ គឺអ្នកមកកម្ពុជាតែម្តង ព្រោះថាយើងមានសក្តានុពលទេសចរណ៍ច្រើនណាស់ ដោយមិនមែនមានតែប្រាសាទអង្គរវត្តតែមួយមុខទេ គឺយើងមានអ្វីៗជាច្រើន មានសម្បត្តិបេតិកភណ្ឌពិភពលោកច្រើន ទេសចរណ៍ធម្មជាតិឆ្នេរខ្សាច់របស់យើង ដែលជាប់លំដាប់ពិភពលោក តំបន់កែច្នៃ ប្រវត្តិសាស្រ្ត។ល។ ពិសេសជនជាតិខ្មែរយើង ជាជនជាតិមួយមានភាពរួសរាយរាក់ទាក់ ដែលយើងលែងបានច្រើនថ្ងៃ ដោយមិនដូចជាការផ្សព្វផ្សាយរបស់ប្រទេសជិតខាងយើងថា មកកម្ពុជាតែ ២ថ្ងៃ ឬ ៣ថ្ងៃគឺគ្រប់គ្រាន់នោះទេ៕   
 

Tag:
 វិស័យទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com