អន្តរជាតិ
ប្រទេស​តួកគី​ស្នើ​សុំទិញ​យន្តហោះ​ចំបាំង F-16 របស់​អាមេរិក ខណៈ​ពេល​ដែល​អង្គការ​អូតង់​និង​សភា​អាមេរិក​ជំទាស់
24, Jan 2023 , 8:29 am        
រូបភាព
រូបឯកសារ៖ ទាហាន​អាមេរិក​ម្នាក់​ឈរ​យាម​នៅ​មុខ​យន្តហោះ​ចម្បាំង F-16 របស់​ពួកគេ​នៅ​មូលដ្ឋាន​ទ័ព​អាកាស Osan ក្នុង​ក្រុង Pyeongtaek ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦។
រូបឯកសារ៖ ទាហាន​អាមេរិក​ម្នាក់​ឈរ​យាម​នៅ​មុខ​យន្តហោះ​ចម្បាំង F-16 របស់​ពួកគេ​នៅ​មូលដ្ឋាន​ទ័ព​អាកាស Osan ក្នុង​ក្រុង Pyeongtaek ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦។
ដោយ: VOA
ប្រទេស​តួកគី​ ​បានអំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​ឱ្យលក់យន្តហោះ​ប្រយុទ្ធ ប្រភេទ F-16 របស់​ខ្លួន​ដល់​តួកគី​ ដែល​ការលក់​នេះ​ ត្រូវ​បានមន្ត្រីអាមេរិក​មួយ​ចំនួន​សង្ឃឹម​ថា​ នឹងអាច​ជួយ​លួងលោមដល់​តួកគី​ផង​ដែរ​ក្នុង​ការលុបចោល​នូវ​ការ​ជំទាស់​របស់​ខ្លួន​ដល់​ការពង្រីក​អង្គការ​អូតង់។ ប៉ុន្តែ​ការណ៍​នេះត្រូវ​បាន​ជំទាស់យ៉ាង​ខ្លាំង​ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​សំខាន់​មួយ​រូប។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
 
នៅក្នុងជំនួបជា​មួយរដ្ឋមន្ត្រី​ការបរទេសអាមេរិក​លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេសតួកគី​លោក Mevlut Cavusoglu បាន​និយាយ​ថា ​លោកមាន​បំណង​នឹង​ពិភាក្សាពី​សំណើរបស់​ប្រទេស​លោក​ក្នុង​ការស្នើ​ទិញប្រភេទ​យន្តហោះ​ប្រយុទ្ធ​ជំនាន់​ថ្មី F-16 ដ៏​ទំនើប​របស់​សហរដ្ឋ​អាមេរិក។
 
លោក​ថ្លែង​ដូចនេះ​ថា​ «ដូច​យើង​ធ្លាប់បាន​និយាយ​ជាមួយគ្នាក្នុង​ពេល​កន្លងទៅ​ រឿង​ការទិញ​យន្តហោះប្រយុទ្ធ​របស់​អាមេរិក​នេះ​ ​គឺ​មិន​មែនសំខាន់​សម្រាប់​តែ​ប្រទេស​តួកគី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​វា​សំខាន់​ផង​ដែរ​ដល់​អង្គការ​អូតង់​ និង​សហរដ្ឋអាមេរិកខ្លួន​ឯង​ដែរ។ ដូច​នេះ​ យើង​សង្ឃឹម​ថា ​ការ​យល់​ព្រម​លើការ​ស្នើ​សុំ​ទិញ​នេះ​ ​នឹង​ដើរ​ស្រប​គ្នា​ជាមួយ​នឹង​ផលប្រយោជន៍​យុទ្ធសាស្ត្រ​រួមរបស់​យើងទាំង​អស់​គ្នា»។
 
សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​តំណាក់​កាល​ចុង​ក្រោយនៃ​កញ្ចប់​លក់មួយ​របស់​ខ្លួន ដែល​មាន​ទឹកប្រាក់​ប្រមាណ២០ពាន់​លាន​ដុល្លារ​អាមេរិកទៅ​ឱ្យ​ប្រទេស​តួកគី​ដែល​គេរំពឹងថា​នឹងរួម​មាន​យន្តហោះ​ចម្បាំង​ប្រយុទ្ធ F-16 សេរីថ្មីចំនួន​៤០​គ្រឿង​ផងដែរ។
 
សហរដ្ឋ​អាមេរិក​បាន​រកវិធីជា​ច្រើន ក្នុង​ការ​បញ្ចុះបញ្ជូលប្រធានាធិបតី​តួកគី​លោក​ Recep Tayyip Erdogan ដើម្បីឱ្យ​លុបចោល​នូវ​ការ​ជំទាស់របស់តួកគី ក្នុង​ការ​មិន​ព្រម​ឱ្យ​ប្រទេស​ស៊ុយអ៊ែត​ និងប្រទេស​ហ្វាំងឡង់​ ចូល​ជា​សមាជិករបស់​អង់ការ​អូតង់​នោះ។​
 
ប្រទេស​ជា​សមាជិក​របស់​អង្គការ​អូតង់​ទាំង​អស់​ត្រូវ​តែ​យល់​ព្រម​ ក្នុង​ការ​ចួល​ជា​សមាជិក​ថ្មី​របស់​ប្រទេសណាមួយ។​ ​ប៉ុន្តែ​តួកគី​ដែល​ជា​សមាជិកមួយ​របស់​អង្គការ​អូតង់​នេះ​ បាន​ជំរុញ​ដល់​ប្រទេស​ស៊ុយអ៊ែត​ និង​ហ្វាំងឡង់​ ត្រូវ​តែបង្ក្រាប​ទៅ​លើក្រុម​សកម្ម​ប្រយុទ្ធ​ឃឺត​ជា​មុន​សិន ​ដែល​ក្រុម​នេះ​បានផ្លាស់​ចូល​ទៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com