ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ប្រធានដេប៉ាតឺម៉ង់៖ អ្នករកស៊ីអនឡាញ យកប្រវត្តិសាស្រ្តទៅប្រើទាំងខុស ដែលធ្វើឱ្យមហាជនពិបាកវិនិច្ឆ័យ
24, Jan 2023 , 8:59 am        
រូបភាព
បណ្ឌិត វង់  សុធារ៉ា  និង ក្រុមនិស្សិតប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  រូបភាពពី ហ្វេសប៊ុកលោកផ្ទាល់
បណ្ឌិត វង់ សុធារ៉ា និង ក្រុមនិស្សិតប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រូបភាពពី ហ្វេសប៊ុកលោកផ្ទាល់
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ បណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា និស្សិតប្រវត្តិសាស្រ្ត អាចយកជំនាញទៅបម្រើការងារក្នុងវិស័យសំខាន់ៗ ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ។ ប៉ុន្តែលោក ក៏ស្នើឱ្យអ្នកដែលប្រកបរបរក្នុងជំនាញនេះ ជាពិសេសអ្នកយកប្រវត្តិសាស្រ្តទៅរកស៊ី កុំបំភ្លៃការពិត ដែលនាំឱ្យជះឥទ្ធិពលអាក្រក់ ដល់អ្នកជំនាន់ក្រោយ។
 

លោកបណ្ឌិត វង់  សុធារ៉ា ពាក់អាវព័ណ៌ត្របែកព្រៃ បង់ក ក្រមាក្រឡាព័ណ៌បៃតង និងក្រុមនិស្សិតប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៖ រូបភាពពី ហ្វេសប៊ុកលោកផ្ទាល់..
 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ បណ្ឌិត វង់ សុធារ៉ា  ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដូចតទៅ៖




 
កញ្ញា សុង​  សុធាវី៖ ចំពោះនិស្សិតដែលរៀនចប់ផ្នែកប្រវត្តិសាស្រ្ត សម្រាប់ឱកាសការងារពួកគាត់ក្រៅពីគ្រូបង្រៀន ឬ សាស្រ្តាចារ្យផ្នែកនេះ តើលោកមើលឃើញថាមានការងារអ្វីខ្លះសព្វថ្ងៃ និង ទៅអនាគត?
 
បណ្ឌិត វង់ សុធារ៉ា៖ បាទ ក្នុងការបណ្តុះបណ្តាលខាងផ្នែកប្រវត្តិវិទ្យាហ្នឹង យើងមានគោលដៅមួយចំនួនទេ ទី១ និស្សិតក្រោយរៀនចប់ពួកគាត់អាចក្លាយទៅជាគ្រូបង្រៀន កំរិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅពេលដែលប្រឡងយកកៅអីរដ្ឋបាន។ ទី២ ដោយសារប្រទេសយើងមានការអភិវឌ្ឍន៍ផ្នែកទេសចរណ៍ប្រវត្តិសាស្រ្តហ្នឹង ដែលមានមតិជាច្រើនយល់ច្រឡំថា ជាការអភិវឌ្ឍន៍ទេសចរណ៍បែបវប្បធម៌នោះ ដូច្នេះ ក្រោយរៀនចប់ផ្នែកប្រវត្តិវិទ្យាហ្នឹង គាត់អាចក្លាយជាមគ្គទេសក៍ទេសចរណ៍បានល្អ។ យើងអភិវឌ្ឍន៍វិស័យទេសចរណ៍រាល់ថ្ងៃនេះ គឺពឹងផ្អែកលើធនធានប្រវត្តិសាស្រ្តសឹងតែទាំងស្រុងនៅទូទាំងប្រទេស ដែលយើងឃើញមានប្រសាទបុរាណ បន្ទាយ រាជធានី នៅកន្លែងជាច្រើនបានទាក់ទាញភ្ញៀវទាក់ទេសចរដ៏សំខាន់ឱ្យចូលមកទស្សនានៅប្រទេសយើង។ បើសិនជាពួកគាត់ចេះមែននឹងភាពងាយស្រួលក្នុងការផ្តល់ព័ត៌មាន ចំណេះដឹងជូនទៅកាន់ភ្ញៀវទេសចរទាំងនោះ  ដែលគាត់បានមកមើលប្រវត្តិសាស្រ្តយើង ហើយមានភ័ស្តតាងជាប្រវត្តិសាស្រ្តមកទល់សព្វថ្ងៃនេះ។  ទី៣ មានការងារមួយចំនួនទៀត ដូចជាផ្នែករដ្ឋបាល អង្គការក្រៅរដ្ឋាភិបាលទាក់ទងនឹងឯកសារប្រវត្តិសាស្រ្ត នៅតាមមជ្ឍមណ្ឌលថែរក្សាឯកសារ និងអាចក្លាយជាអ្នកកាសែតផងដែរ។ 
 
កញ្ញា សុង សុធាវី៖ ឃើញថាការងារមានច្រើនគួរសមដែរ! ចុះក្រៅពីនោះ តើមានជាវេទិការសម្រាប់អ្នកប្រវត្តិសាស្រ្តខ្មែរទេ ក្នុងសម័យឌីជីថលនេះ ដើម្បីជាការផ្សព្វផ្សាយទៅកាន់មហាជន ទាំងក្នុង និងក្រៅប្រទេសឱ្យបានដឹងកាន់តែទូលំទូលាយថែមទៀត? 
 
បណ្ឌិត វង់ សុធារ៉ា ៖ បាទ! ដោយសារយើងជាប់ការងារស្នូលបណ្តុះបណ្តាលនិស្សិតនៅសាលាហើយ អ៊ីចឹងយើងពុំសូវមានពេលវេលាទៅផ្សព្វផ្សាយនៅក្នុងកម្មវិធីតាមបែបទំនើបនៅឡើយទេ។ មួយទៀតឃើញដែរ មានយុវជនខ្មែរយើងមួយចំនួនហ្នឹង ដែលធ្លាប់បានរៀនប្រវត្តិសាស្រ្ត ឬ មិនធ្លាប់បានរៀនហ្នឹង ចេញទៅរកស៊ីផលិតរឿងបែបប្រវត្តិសាស្រ្ត វីដេអូ ឬ អានសៀវភៅនេះ អានសៀវភៅនោះ ទាំងត្រូវខ្លះ ខុសខ្លះ! ក្នុងការទាក់ទាញឱ្យមានអ្នកចូលមើលច្រើន  ដើម្បីអាចទាញចំណូលពីក្រុមហ៊ុន យូធូប ឬ ហ្វេសប៊ុកហ្នឹងដែរ។ ក្នុងនោះអ្នករកស៊ីអនឡាញច្រើន បានចាប់យកប្រវត្តិសាស្រ្តទៅប្រើ មើលទៅដូចគក្រឹកគគ្រេងណាស់សព្វថ្ងៃហ្នឹង ទាំងខុស ទាំងត្រូវហ្នឹង!  ដែលនាំឱ្យមហាជន ពិបាកវិនិច្ឆ័យបានថា មួយថាខុស ហើយមួយណាត្រូវផងដែរ។ 
 
កញ្ញា សុង ​សុធាវី៖ បើពួកគាត់ធ្វើដោយគគ្រឹកគគ្រេងហ្នឹង ទាំងខុស ទាំងត្រូវបែបនេះ តើដេប៉ាតឺម៉ង់ប្រវត្តិវិទ្យាមានការចូលរួមក្នុងន័យស្ថាបនា ឬ ជួយមើលការខុសត្រូវដែរទេ? 
 
បណ្ឌិត វង់ សុធារ៉ា៖ បាទ បើនិយាយមែនទែនទៅ យើងមិនអាចទៅមើលខុសត្រូវក្នុងសង្គមខ្មែរទាំងមូលបានដូចក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអីនោះទេ! ខ្ញុំគិតថា រាល់ថ្ងៃនេះ អំណាចដែលយើងមានហ្នឹង គឺការខិតខំបណ្តុះបណ្តាលធនធានផ្នែកប្រវត្តិសាស្រ្ត ដើម្បីចេញទៅធ្វើគ្រូបង្រៀន និងការងារផ្សេងៗទៀត ដែលប្រើប្រាស់ប្រវត្តិសាស្រ្តបានតែប៉ុណ្ណឹងឯង។ បើសិនជាមានពេល ជាមនោសញ្ចេតនា យើងធ្វើការខាងផ្នែកសង្គមហ្នឹងច្រើនដែរ ដូចខ្ញុំមានហ្វេសប៊ុក អាចចែករំលែកចំណេះដឹង  អ៊ីចឹងទៅ។ បើយើងប្រើអំណាចដូចអាជ្ញាធរទៅកែតម្រូវអ្នកនេះ ឬ អ្នកនោះហ្នឹង ជូនកាលទៅវាអាចនាំរឿងដល់ខ្លួនឯងថែមទៀតផង។ ពេលខ្លះ គ្រាន់តែពន្យល់បន្តិចបន្តួចហ្នឹង តែអ្នកដែលផ្សព្វផ្សាយហ្នឹងគាត់មាន Fans ច្រើន  ( អ្នកគាំទ្រ)  គាត់បានជេយើង ដេកមិនលក់រាប់ថ្ងៃដល់ខែ។ អ៊ីចឹង មិនបានទេ ខំទៅរិះគន់ស្ថាបនាគេ បើគេទទួលមិនអីទេ តែបើគេមិនទទួល ហើយនាំបក្ខពួកមករករឿង និងរហូតដល់បិទហ្វេសប៊ុកទៀតក៏មានដែរ! ខ្ញុំធ្លាប់មានក្រុមហ៊ុនហ្វេសប៊ុកហ្នឹង ដាក់ទណ្ឌកម្មមួយសប្តាហ៍ម្តងហើយ ដែលខំផ្សព្វផ្សាយរឿងមួយចំនួនហ្នឹង៕       
 

Tag:
 វិស័យសង្គម
  ប្រវត្តិសាស្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com