អន្តរជាតិ
រុស្ស៊ី នឹងបញ្ជូននាវាបំពាក់មីស៊ីលលឿនជាងសំឡេងទៅធ្វើសមយុទ្ធជាមួយចិននិងអាហ្វ្រិកខាងត្បូង
23, Jan 2023 , 9:29 pm        
រូបភាព
ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS នៅថ្ងៃទី២៣​ ខែមករា បានរាយការណ៍ថា នាវាចម្បាំងរុស្ស៊ីដែលបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេងជំនាន់ថ្មី នឹងត្រូវបញ្ជូនទៅធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹករបស់ចិន និងអាហ្វ្រិកខាងត្បូងក្នុងខែកុម្ភៈ។


បើទោះជាប់រវល់ធ្វើសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ីនៅតែបន្តសកម្មភាពធ្វើសមយុទ្ធរួមជាមួយប្រទេសសម្ពន្ធមិត្ត។ រុស្ស៊ី នៅថ្ងៃទី២៣ ខែមករាបានប្រកាសថា នឹងចូលរួមធ្វើសមយុទ្ធរួមគ្នាជាមួយចិន និងអាហ្រ្វិកខាងត្បូងនៅខែក្រោយ ចំថ្ងៃគម្រប់មួយឆ្នាំនៃការឈ្លានពានលើអ៊ុយក្រែនផងដែរ។ ទំនាក់ទំនងរុស្ស៊ី ចិន និងអាហ្វ្រិកខាងត្បូងនៅតែរឹងមាំ បើទោះបណ្ដាប្រទេសលោកខាងលិចថ្កោលទោសរុស្ស៊ីក្ដី។
 
ក្នុងសមយុទ្ធរួមនោះ ទីក្រុងមូស្គូនឹងបញ្ជូននាវាចម្បាំង Admiral Gorshkov ដែលបំពាក់ដោយមីស៊ីល Zircon ទៅចូលរួម។ នេះជាលើកដំបូងនៃវត្តមាននាវាចម្បាំងពិសេសបែបនេះក្នុងសមយុទ្ធរួមជាមួយប្រទេសសម្ពន្ធមិត្ត។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ TASS ទីក្រុងមូស្គូអះអាងថា មីស៊ីល Zircon ហោះក្នុងល្បឿនលឿនជាងសំឡេង៩ដង និងបាញ់ចំគោលនៅនរយៈចម្ងាយជាង១ពាន់គីឡូម៉ែត្រ។ 
 
«Admiral Gorshkov នឹងបញ្ជូនទៅកាន់ចំណុចធ្វើពាណិជ្ជកម្មនៃទីក្រុង Tartus ជាប់ឈូងសមុទ្ររបស់ស៊ីរី ហើយបន្ទាប់មកចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាមួយកងទ័ពជើងទឹកចិន និងអាហ្រ្វិកខាងត្បូង»។ ទីភ្នាក់ងារព័ត៌មាន TASS រាយការណ៍ដូច្នេះដោយស្រង់ប្រភពក្រសួងការពារជាតិរុស្ស៊ី។ 
 
សមយុទ្ធ​កងទ័ពជើងទឹក​ត្រីភាគីនឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី១៧ ដល់២៧ ខែកុម្ភៈ។ បើតាមការលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិអាហ្រ្វិកខាងត្បូង សមយុទ្ធរយៈពេល១០ថ្ងៃនេះ នឹងធ្វើឡើងនៅជិតទីក្រុងឆ្នេរសមុទ្រ Durban និង Richards Bay នៃមហាសមុទ្រឥណ្ឌា ដោយមានបំណងចែករំលែកជំនាញប្រតិបត្តិការ និងចំណេះដឹង ក៏ដូចជាពង្រឹងទំនាក់ទំនងដែលរីកចម្រើនរួចទៅហើយរវាងអាហ្វ្រិកខាងត្បូង រុស្ស៊ី និងចិន។ 
 
នៅដើមឆ្នាំ២០២៣ នាវាចម្បាំងថ្នាក់ Admiral Gorshkov ដែលបំពាក់គ្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង Zircon បានចេញធ្វើសមយុទ្ធនៅសមុទ្រន័រវែសផងដែរ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនវាទៅក្នុងមហាសមុទ្រអាត្លង់ទិក ដើម្បីផ្ដល់សញ្ញាឱ្យទៅលោកខាងលិចថា រុស្ស៊ីនឹងមិនថយក្រោយចំពោះសង្រ្គាមនៅអ៊ុយក្រែនទេ។ រុស្ស៊ី បច្ចុប្បន្នមាននាវាចម្បាំងថ្នាក់ Admiral Gorshkov ចំនួន២គ្រឿងក្នុងប្រទេស។ 
 
គួរបញ្ជាក់ថា ការធ្វើសមយុទ្ធត្រីភាគីរវាងកងទ័ពអាហ្រ្វិកខាងត្បូង ជាមួយរុស្ស៊ី និងចិន ធ្លាប់មានម្ដងរួមមកហើយកាលពីឆ្នាំ ២០១៩ នៅទីក្រុង Cape Town។ ចំណែករុស្ស៊ី តាំងពីឈ្លានពានអ៊ុយក្រែនមកបានធ្វើសមយុទ្ធខ្លួនឯងផង និងធ្វើរួមនឹងប្រទេសសម្ពន្ធមិត្តផង ដូចជាជាមួយឥណ្ឌា សមយុទ្ធជើងទឹកជាមួយចិន និងកំពុងមានសមយុទ្ធទ័ពអាកាសរួមជាមួយបេឡារុស ដែលចាប់ពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ៕ 
 

Tag:
 រុស្ស៊ី
  ចិន
  អាហ្វ្រិកខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com