អន្តរជាតិ
ប្រមុខការទូតជប៉ុនថា សន្តិសុខនៅអឺរ៉ុបនិងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មិនអាចជជែកដាច់ពីគ្នាទេ
23, Jan 2023 , 10:59 pm        
រូបភាព
លោក  យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី រដ្ឋមន្រ្តីការបរទេសជប៉ុន។ រូបភាពយកពីក្រសួងការបរទេសជប៉ុន
លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី រដ្ឋមន្រ្តីការបរទេសជប៉ុន។ រូបភាពយកពីក្រសួងការបរទេសជប៉ុន
សន្តិសុខនៅតំបន់អឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនអាចយកទៅជជែកឱ្យដាច់ដោយឡែកពីគ្នាបានទេ។ លោក  យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី រដ្ឋមន្រ្តីការបរទេសជប៉ុន បានថ្លែងបែបនេះ នៅក្នុងសភាជប៉ុន ក្នុងថ្ងៃទី២៣ ខែមករា។ ទន្ទឹមនេះ ប្រមុខការទូតជប៉ុន ក៏បានជំទាស់ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) ផង។​
 
ក្នុងឆ្នាំ២០២៣ ជប៉ុន ធ្វើជាប្រធានផ្លាស់វេនកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) ខណៈពិភពលោក កំពុងមានប្រឈមប្រឈមជាច្រើន។ ថ្លែងទៅកាន់សភាទាំងពីរថ្នាក់ លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី រដ្ឋមន្រ្តីការបរទេសជប៉ុន អះអាងថា សណ្តាប់ធ្នាប់អន្តរជាតិ កំពុងមានបញ្ហាប្រឈមជាច្រើន ដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងកត្តាផ្សេងទៀត។ 
 
ត្រង់ចំណុចនេះ ប្រមុខការទូតជប៉ុនបានអះអាងថា ជប៉ុន និងក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ នឹងបង្ហាញពីការការពារសណ្តាប់ធ្នាប់អន្តរជាតិឱ្យបានពេញលេញដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំនៅហ៊ីរ៉ូស៊ីម៉ាក្នុងខែឧសភាខាងមុខ។​ មិនតែប៉ុណ្ណោះ លោក ហាយ៉ាស៊ី ក៏បានលើកឡើងផងដែរថា បញ្ហាសន្តិសុខនៅអឺរ៉ុប និងឥណ្ឌូ-ប៉ាស៊ីហ្វិក គឺមានការពាក់ព័ន្ធគ្នា។​
 
«សន្តិសុខនៅអឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនអាចជជែកផ្សេងពីគ្នាបានឡើយ»។ ប្រមុខការទូតជប៉ុន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ជប៉ុននឹងជំរុញឱ្យមានការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី និងគាំទ្រអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nippon។
 
ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសជប៉ុន បានអះអាងថា ការកើនឡើងឥទ្ធិពលរបស់ចិនលើវិស័យដូចជា នយោបាយ សេដ្ឋកិច្ច និងយោធា បានបង្កឱ្យមានបញ្ហាលំបាកខ្លាំង។ បើតាមលោក ហាយ៉ាស៊ី រដ្ឋាភិបាលក្រុងតូក្យូ គោរពសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើនីតិរដ្ឋ ហើយច្រានចោលការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នជាឯកតោភាគី ក៏ដូចជាការប្រើប្រាស់កម្លាំងទ័ព និងអាវុធនុយក្លេអ៊ែរ។ 
 
ត្រង់ចំណុចនេះ លោករដ្ឋមន្រ្តី បានប្តេជ្ញាធ្វើជារួមគ្នាជាមួយក្រុមប្រទេសភាពជាដៃគូសន្តិសុខចតុភាគី​(QUAD)​ ដើម្បីធានាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិឱ្យមានភាពសេរី និងបើកចំហ។ សមាជិក QUAD មានដូចជា ឥណ្ឌា ជប៉ុន អូស្រ្តាលី និងអាម៉េរិក៕
 
 

Tag:
 ជប៉ុន
  អឺរ៉ុប
  ឥណ្ឌូ-ប៉ាស៊ីហ្វិក
  ចិន
  G7
© រក្សាសិទ្ធិដោយ thmeythmey.com