អន្តរជាតិ
រុស្ស៊ី និងអេស្ដូនី បណ្ដេញអគ្គរដ្ឋទូតគ្នាទៅមក និងទម្លាក់កម្រិតទំនាក់ទំនងទ្វេភាគី 24, Jan 2023 , 10:49 am

×![]()
រុស្ស៊ី នៅថ្ងៃទី២៣ ខែមករា បានទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយអេស្ដូនីដោយចោទថា ប្រទេសសមាជិកសម្ព័ន្ធយោធាណាតូមួយនេះមិនពេញចិត្តនឹងប្រព័ន្ធនយោបាយរុស្ស៊ី។ ជាការឆ្លើយតបទៅវិញ អេស្តូនីក៏ប្រាប់ឱ្យតំណាងរុស្ស៊ីចាកចេញពីប្រទេសរបស់ខ្លួនវិញ។
ទំនាក់ទំនងការទូតរវាងរុស្ស៊ី និងអេស្តូនី នឹងធ្វើត្រឹមថ្នាក់ភារធារីវិញ បន្ទាប់ពីប្រទេសទាំងពីរបណ្ដេញអគ្គរដ្ឋទូតរៀងៗខ្លួនចេញពីប្រទេស។ ដើមហេតុដែលនាំដល់រឿងនេះ ចាប់ផ្ដើមនៅថ្ងៃទី១១ ខែមករា ពេលបានប្រាប់ឱ្យរុស្ស៊ីកាត់បន្ថយចំនួនបុគ្គលិកនៅស្ថានទូតនៅទីក្រុងតាលិនត្រឹម៨នាក់ដែលស្មើនឹងចំនួនតំណាងអេស្ដូនីនៅទីក្រុងមូស្កូដែរ។
ថ្មីៗនេះ អេស្តូនី ក៏បានចូលរួមជាមួយបណ្ដាប្រទេសលោកខាងលិចក្នុងការបញ្ជូនអាវុធបន្ថែមទៅអ៊ុយក្រែន ហើយទទូចអាល្លឺម៉ង់ឱ្យផ្ដល់រថក្រោះប្រយុទ្ធ Leopard ឱ្យអ៊ុយក្រែនដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ី។
ខណៈអេស្ដូនីមានជំហរផ្ទុយពីរុស្ស៊ីបែបនេះ ក្រសួងការបរទេសរុស្ស៊ីប្រាប់ឱ្យប្រេសិតអេស្តូនីចាកចេញពីក្រុងមូស្គូនៅខែក្រោយ ហើយប្រទេសទាំងពីរនឹងមានតំណាងភារធារីនៅរដ្ឋធានីនីមួយៗជំនួសអគ្គរដ្ឋទូត។
«ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមេដឹកនាំអេស្តូនីបានបំផ្លាញទំនាក់ទំនងទាំងស្រុងជាមួយរុស្ស៊ីដោយចេតនា។ (ពួកគេ) ស្អប់ប្រព័ន្ធនយោបាយរុស្ស៊ីទាំងស្រុង»។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់បែបនេះរួចបន្តថា ចំណាត់ការនេះគឺឆ្លើយតបនឹងការកាត់បន្ថយចំនួនបុគ្គលិកស្ថានទូតរុស្ស៊ីនៅតាលិន។
ក្រោយក្រសួងការបរទេសរុស្ស៊ីប្រកាសបែបនេះ អេស្ដូនីឆ្លើយតបវិញដោយប្រាប់ប្រេសិតរុស្ស៊ីឱ្យចាកចេញពីប្រទេសត្រឹមថ្ងៃទី៧ ខែកុម្ភៈ។ រដ្ឋមន្ត្រីការបរទេសអេស្តូនីលោក Urmas Reinsalu លើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា អេស្តូនីនឹងបន្តគាំទ្រអ៊ុយក្រែន ខណៈដែលរុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារទ្រង់ទ្រាយធំ ហើយអេស្ដូនីអំពាវនាវដល់ប្រទេសដែលមានគំនិតដូចគ្នាផ្សេងទៀតបង្កើនជំនួយដល់អ៊ុយក្រែន៕
© រក្សាសិទ្ធិដោយ thmeythmey.com