ជាតិ
រដ្ឋមន្រ្តីប្រតិភូបារាំងផ្នែកពាណិជ្ជនិងសេដ្ឋកិច្ច ធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងវិស័យសេដ្ឋកិច្ច
24, Jan 2023 , 11:39 am        
រូបភាព
រូបពីស្ថានទូតបារាំង
រូបពីស្ថានទូតបារាំង
លោក អូលីវៀ បិច (Olivier Becht) រដ្ឋមន្រ្តីប្រតិភូបារាំងទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ការទាក់ទាញសេដ្ឋកិច្ចក្រៅប្រទេស និងកិច្ចការលើជនជាតិបារាំងក្រៅប្រទេស ហើយក៏ជារដ្ឋមន្រ្តីប្រតិភូសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសផងនោះ មកធ្វើទស្សនកិច្ចរយៈ២ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានជូនដំណឹងនេះលើទំព័រហ្វេសប៊ុករបស់ខ្លួន។


ស្ថានទូបារាំង អះអាងថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក អូលីវៀ បិច គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា។ តាមគម្រោង លោក នឹងជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ជាដើម។ 
 
គួរដឹងដែរថា នៅព្រឹកថ្ងៃទី២៣ ខែមករា លោក ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក ហ្សាក់ ប៉េឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ទើបនឹងបានចុះហត្ថលេខាជាមួយគ្នា លើសេចក្ដីថ្លែងការណ៍រួមស្តីពីយន្តការពិគ្រោះយោបល់នយោបាយ។ ក្រសួងការបរទេសកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកថា យន្តការនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំង២៕ 
 

Tag:
 កម្ពុជា-បារាំង
  សេដ្ឋកិច្ច
  ពាណិជ្ជកម្ម
  Olivier Becht
© រក្សាសិទ្ធិដោយ thmeythmey.com