ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី២៣ ខែមករា បានអះអាងថា ហ្វាំងឡង់ និងស៊ុយអែតត្រៀមខ្លួនជាស្រេចក្នុងការចូលសម្ព័ន្ធយោធាណាតូ (NATO)។ ការលើកឡើងបែបនេះ ធ្វើឡើងក្រោយប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ បានបញ្ជាក់ថា ស៊ុយអែត មិនគួររំពឹងពីការគាំទ្ររបស់តួកគីឡើយ ក្រោយពីមានការតវ៉ានៅស្ថានទូតតួកគីក្នុងក្រុងស្តុកខុលរហូតឈានដល់ការដុតគម្ពីរ Koranថែមទៀត។
បេក្ខភាពរបស់ហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិកណាតូ នៅតែនៅទ្រឹងដដែលដោយសារតួកគី បដិសេធក្រោមហេតុផលប្រទេសទាំងនោះគាំទ្រភេវរករ។ សំណើរបស់ស៊ុយអែតរឹតតែយ៉ាប់ថែមទៀត ក្រោយមានបាតុកម្មនៅស្ថានទូតតួកគី ក្នុងក្រុងស្តុកខុលស៊ុយអែត ក្នុងថ្ងៃទី២១ ខែមករា។ បាតុកម្មនោះ ក៏មានការដុតគម្ពី Koran ផងដែលធ្វើឱ្យតួកគីខឹងយ៉ាងខ្លាំង។
«អ្នកដែលអនុញ្ញាតឱ្យមានការវាយប្រហារលើព្រះជាម្ចាស់នៅមុខស្ថានទូតរបស់យើង មិនអាចរំពឹងពីការគាំទ្ររបស់យើងសម្រាប់សមាជិកភាពណាតូបានទេ»។ លោក លោក តៃយីប អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ និយាយបែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២៣ ខែមករា។
មេដឹកនាំតួកគីដដែលបានបន្ថែមថា ប្រសិនបើស៊ុយអែតស្រលាញ់អង្គការភេវរកម្ម និងគាំទ្រសត្រូវឥស្លាម ហើយការពារពួកគេ តួកគីស្នើឱ្យស៊ុយអែត ស្វែងរកការគាំទ្ររបស់អង្គការភេវរកម្មទាំងនោះ ចំពោះសន្តិសុខទៅចុះ។
យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសស៊ុយអែត លោក Tobias Billstrom បានឆ្លើយតបថា ស៊ុយអែត នឹងគោរពតាមកិច្ចព្រមព្រៀង ដែលកើតមានរវាងស៊ុយអែត ហ្វាំងឡង់ និងតួកគី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
ក្រោយការលើកឡើងរបស់ប្រធានាធិបតីតួកគី អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បានប្រាប់អ្នកសារព័ត៌មានក្នុងថ្ងៃដដែលថា ហ្វាំងឡាំង និងស៊ុយអែត ត្រៀមខ្លួនជាស្រេច ក្នុងការចូលជាសមាជិកអង្គការណាតូ ប៉ុន្តែមន្រ្តីអាម៉េរិករូបនេះ មិនបានឆ្លើយតបអ្វីឡើយចំពោះសម្តីរបស់មេដឹកនាំតួកគីខាងលើឡើយ។
បើតាមលោក Ned Price នេះជាសេចក្តីសម្រេច និងការព្រមព្រៀងជាឯកច្ឆន្ទ ដែលតួកគី និងស៊ុយអែត នឹងមានជាមួយតួកគី។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក ក៏បានថ្លែងជុំវិញបាតុកម្មនៅក្រុងស្តុកខុលផង។ លោក Ned Price បានសង្កត់ធ្ងន់ថា ការដុតគម្ពីKoran ជាសកម្មភាពមិនគួរឱ្យគោរពឡើយ ហើយបុគ្គលដែលដុតគម្ពីនោះ គឺមានបំណងធ្វើឱ្យការបង្រួបបង្រួមសម្ព័ន្ធភាពណាតូមានភាពទន់ខ្សោយប៉ុណ្ណោះ។
ក្រោយការដុតសៀវភៅនោះ ប្រទេសនៅតំបន់អារ៉ាប់ ដូចជាអារ៉ាប៊ីសាអូឌីត, ហ្ស៊កដានី និងកូវ៉ែត រិះគន់ផងដែរ ខណៈតួកគី បានកោះហៅអគ្គរដ្ឋទូតស៊ុយអែតមកសាកសួរ រួមទាំងលុបចោលគម្រោងទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិស៊ុយអែត នៅក្រុងអង់ការ៉ាថែមទៀត៕