ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ូឡូញនឹងតែងតាំងអតីតគ្រូក្រុមក្រុមជម្រើសជាតិព័រទុយហ្កាល់លោក Fernando Santos ឱ្យធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ នេះបើតាមការអះអាងរបស់លោក Cezary Kulesza ប្រធានសហព័ន្ធបាល់ទាត់ប៉ូឡូញ (PZPN) នៅថ្ងៃទី២៣ ខែមករា។
ការលើកឡើងបែបនេះបានកើតឡើងនៅពេលដែលលោក Kulesza បានបង្ហោះរូបភាពនៅលើបណ្តាញសង្គម Twitter ជាសាធារណៈ បន្ទាប់ពីគ្រូបង្វឹកដែលមានវ័យ ៦៨ឆ្នាំសញ្ជាតិព័រទុយហ្កាល់ត្រូវបានគេឃើញថាបានធ្វើដំណើរទៅដល់អាកាសយានដ្ឋានក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញ កាលពីថ្ងៃទី២៣ ខែមករា។
នៅលើការបង្ហោះរូបភាពមួយប្រធាន PZPN បានភ្ជាប់ជាមួយសារមួយដូច្នេះថា៖«ជួបគ្នាឆាប់ៗនៅថ្ងៃស្អែកនេះនៃសន្និសីទកាសែតក្នុងកីឡដ្ឋាន PGE Narodowy។»។
មិនត្រឹមតែប៉ុណ្ណោះទាក់ទងនឹងការដឹកនាំរបស់លោក Santos រដ្ឋមន្ត្រីក្រសួងកីឡានិងទេសចរណ៍របស់ប៉ូឡូញលោក Kamil Bortniczuk ក៏បានអបអរទៅកាន់លោក Kulesza ចំពោះរឿងដែលសហព័ន្ធបានតែងតាំងលោក Santos មុនពេលការប្រកាសជាផ្លូវការណ៍ផងដែរ។
«លោក Santos គឺជាគ្រូបង្វឹកមួយរូបដ៏ល្អអស្ចារ្យជាមួយប្រវត្តិរូបរបស់គាត់ (គ្រិក និងព័រទុយហ្កាល់ចាប់តាំងពីឆ្នាំ ២០១០ ហើយកាលពីមុនទៅទៀតនោះគឺក្លិបកំពូលនៅព័រទុយហ្កាល់និងគ្រិក) ជោគជ័យរបស់គាត់ (European Championship) បទពិសោធន៍នៃការធ្វើការងារដ៏អស្ចារ្យជាមួយតារាបាល់ទាត់ដ៏ល្បីដែលមានដូចជា Cristiano Ronaldo។»។ រដ្ឋមន្ត្រីក្រសួងកីឡានិងទេសចរណ៍បានបង្ហោះបែបនេះនៅលើ Twitter។
ក្រោយក្រុមបានធ្លាក់ចេញពីការប្រកួតប្រជែងពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតាបានត្រឹមតែប៉ុន្មានថ្ងៃនាពេលវិលត្រលប់ទៅកាន់ទឹកដីព័រទុយហ្កាល់វិញលោក Santos បានយល់ព្រមបញ្ចប់កិច្ចសន្យាជាមួយក្រុមជម្រើសជាតិព័រទុយហ្កាល់ នាខែធ្នូ ឆ្នាំ២០២២។។
កាលនៅដឹកនាំព័រទុយហ្កាល់លោក Santos បានជួយព័រទុយហ្កាល់ទទួលបានភាពជោគជ័យនៅព្រឹត្តិការណ៍ Euro 2016 និងឆ្នាំ ២០១៨-១៩ ពានរង្វាន់ UEFA Nations League ជាមួយ Cristiano Ronaldo ដែលជាប្រធានក្រុម។
ការដឹកនាំនៅគម្រិតក្លិបវិញលោកបានដឹកនាំក្រុមខ្លាំងៗដូចជា FC Porto, AEK Athens, Panathinaikos, Sporting, Benfica, PAOK ហើយលោកក៏ធ្លាប់បានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិក្រិករយៈពេល ៤ឆ្នាំផងដែរ។
ចំណែកអតីតគ្រូបង្វឹកក្រុមប៉ូឡូញ លោក Czeslaw Michniewicz បានចាកចេញពីតំណែងកាលពីខែធ្នូ បន្ទាប់ពីសហព័ន្ធបាល់ទាត់ប៉ូឡូញ FA(PZPN) បានសម្រេចចិត្តមិនបន្តកុងត្រាថ្មី បើទោះគ្រូបង្វឹករូបនេះបានដឹកនាំក្រុមឈានជើងទៅ World Cup ឆ្នាំ២០២២ ជាលើកដំបូង ក្រោយរង់ចាំអស់រយៈពេល ៣៦ឆ្នាំក្តី៕