ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ ប៉ុស្តិ៍សង្កាត់សំរោង និង​ពលរដ្ឋ បានសហ​ការគ្នា​យ៉ាងល្អក្នុងការកាត់បន្ថយ​​បញ្ហាគ្រឿងញៀន
24, Jan 2023 , 2:29 pm        
រូបភាព
ដោយ៖ ផល សម្ផស្ស (យុវជនសង្កាត់សំរោង)

ឧត្ដរមានជ័យ៖ បញ្ហាគ្រឿងញៀននៅក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២២ មានការ​ថយចុះច្រើនជាងឆ្នាំ២០២១ ដោយការចូលរួមសហការគ្នាបានល្អរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។ លោក អឿន ពៀត មេប៉ុស្ដិ៍សង្កាត់សំរោង បានឱ្យដឹងថា ដើម្បីទប់ស្កាត់បទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន អាជ្ញាធរបានចុះល្បាត និងផ្សព្វផ្សាយពីផលប៉ះពាល់ជារៀងរាល់ខែ ស្របពេលដែលប្រជាពលរដ្ឋ ក៏មានមានការយល់ដឹងកាន់តែច្រើនជាងមុន និងបានសហការជិតសិទ្ធជាមួយប៉ុស្តិ៍នគរបាល។
 
លោក អឿន ពៀត បានលើកឡើងថា កន្លងមកធា្លប់បង្ក្រាប់បានការជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានច្រើន តែបច្ចុប្បន្នស្ថានភាពបានស្ងប់ស្ងាត់។ បើតាមលោកមេប៉ុស្ដិ៍រូបនេះ ក្នុងឆ្នាំ២០២២ អាជ្ញាធរបង្រា្កបបានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន២ករណី តែមានវត្ថុតាំងមិនច្រើននោះទេ បើធៀបនឹងឆ្នាំ២០២១។ លោកបញ្ជាក់ថាការថយចុះលើករណីគ្រឿងញៀននេះ ដោយសារអាជ្ញាធរ បានចុះផ្សព្វផ្សាយច្រើនដង ជុំវិញការប្រើប្រាស់គ្រឿងញៀន និងគ្រោះថ្នាក់សង្គម ព្រមទាំងសកម្មភាពផ្សេងៗទៀត ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងគ្រួសាររបស់ពួកគេ។ 
 
«ពួកខ្ញុំតែងតែចុះផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព ជូនពលរដ្ឋជារៀងរាល់ខែ គឺវិលជុំអាច ៤ទៅ៥ដង នៅក្នុងភូមិទាំង១៨ ក្នុងសង្កាត់សំរោង»។ ​លោក ​អឿន ពៀត ​បញ្ជាក់បែបនេះ រួចបន្តលើកឡើងថា ការប្រើប្រាស់គ្រឿងញៀន មិនត្រឹមតែនាំផលវិបាកដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យគ្រួសារ និងសង្គម គ្មានភាពសុខដុមផងដែរ។ ​លោក ​អឿន ពៀត បន្តថា៖ «គ្រួសារដែលមានសមាជិក​ប្រើប្រាស់គ្រឿងញៀន នឹងមានបញ្ហាសេដ្ឋកិច្ច បង្កហិង្សាក្នុងគ្រួសារ ដូចជាការគំរាមកំហែងយកលុយទៅទិញសារធាតុញៀន និងប៉ះពាល់ដល់សង្គមជាតិទៀតផង»។
 
ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ច លោក អឿន ពៀត បានស្នើដោយទទូចដល់ប្រជាពលរដ្ឋ  ​មេភូមិ និងបញ្ហាការពារភូមិនីមួយៗ បន្តចូលរួមសហការគ្នាឱ្យបានសកម្មភាពថែមទៀត និងរួមគ្នា​លុបបំបាត់គ្រឿងញៀនពីក្នុងសហគមន៍៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុស​ត្រូវរបស់​ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 គ្រឿងញៀន
  សុវត្ថិភាព​
© រក្សាសិទ្ធិដោយ thmeythmey.com