អន្តរជាតិ
និយតករឱសថអាម៉េរិក ចង់ឱ្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ធ្វើតែម្ដងក្នុងមួយឆ្នាំ
24, Jan 2023 , 2:59 pm        
រូបភាព
និយតករសុខាភិបាលអាម៉េរិក នឹងស្នើឱ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងប្រទេសធ្វើឡើងតែមួយដងប៉ុណ្ណោះក្នុងមួយឆ្នាំចំពោះមនុស្សពេញវ័យដែលមានសុខភាពល្អ ហើយចាក់ជំរុញជារៀងរាល់ឆ្នាំ។ គម្រោងនេះស្រដៀងគ្នានឹងយុទ្ធនាការចាកវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយធំដើម្បីជួយសម្រួលដល់យុទ្ធនាចាក់វ៉ាក់សាំងបង្ការជំងឺក្នុងប្រទេស។


ខណៈដែលជំងឺកូវីដ-១៩ មិនទាន់បាត់ទៅណា ការចាក់វ៉ាក់សាំងដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺនេះ នៅតែជារឿងចាំបាច់។ នៅអាម៉េរិក ប៉ុន្តែការផ្ដល់វ៉ាក់សាំង នៅជារឿងពិបាក ដែលមិនអាចធ្វើពេញមួយឆ្នាំឡើយ។ ដូច្នេះដើម្បីជួយសម្រួលកិច្ចការនេះ រដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក (FDA) នៅថ្ងៃទី២៣ ខែមករា បានស្នើឱ្យប្ដូរយុទ្ធនាការមកចាក់ត្រឹម១ដូសក្នុងមួយឆ្នាំតាមពេលកំណត់ទូទាំងប្រទេស ដែលស្រដៀងទៅនឹងការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំនៅរដូវស្លឹកឈើជ្រុះ មុនចូលដល់រដូវរងា។ 
 
បើតាមរបាយការណ៍សង្ខេបសម្រាប់កិច្ចប្រជុំនៅថ្ងៃ២៦ ខែមករាខាងមុខ FDA នឹងស្នើឱ្យក្រុមប្រឹក្សាអ្នកជំនាញដែលមិនមែនសមាជិករបស់ខ្លួន ពិចារណាឱ្យមនុស្សពេញវ័យមានសុខភាពល្អ​ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រចាំឆ្នាំតែមួយដូសប៉ុណ្ណោះ។ ចំណែកកុមារតូចៗ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ គួរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ២ដងក្នុងមួយឆ្នាំ។
 
នៅក្រោមប្រព័ន្ធចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បច្ចុប្បន្ន មនុស្សម្នាក់ត្រូវតែចាក់វ៉ាក់សាំងជាគោលចំនួន២ដូស ដែលមានន័យថាពេញលេញសម្រាប់ទប់ស្កាត់វីរុសបង្កជំងឺកើតឡើងពេលជំងឺរាលដាលដំបូងឆ្នាំ ២០២០។ បន្ទាប់មក ការចាក់វ៉ាក់សាំងបង្ការដូសជំរុញ អាចធ្វើតាមការណែនាំដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បង្កដោយវីរុសបំប្លែងខ្លួន។ 
 
ចំណែកការផ្លាស់ប្តូររបស់ FDA ​​ដែលត្រូវបានស្នើឡើងនេះនឹងលុបប្រព័ន្ធនៃការចាក់វ៉ាក់សាំងដូសបឋម និងដូសជំរុញ ហើយជំនួសមកដោយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មួយឆ្នាំម្ដងតាមរដូវកាលកំណត់។ ការធ្វើបែបនេះនឹងជួយឱ្យអ្នកអភិវឌ្ឍវ៉ាក់សាំងធ្វើបច្ចុប្បន្នភាពវ៉ាក់សាំងខ្លួនត្រូវតាមវីរុសបង្កជំងឺដែលបំប្លែងខ្លួនទៅតាមឆ្នាំនីមួយៗ។ FDA កំពុងពិចារណាផងដែរពីការផលិតវ៉ាក់សាំងដែលមានប្រសិទ្ធភាពដូចគ្នា ដូច្នេះប្រជាជនមិនបាច់ខ្វល់ខ្វាយថាខ្លួនគួរចាក់វ៉ាក់សាំងផលិតដោយក្រុមហ៊ុនមួយណា។
 
FDA សង្ឃឹមថា ការចាត់ឱ្យមានកាលវិភាគច្បាស់លាស់សម្រាប់ចាក់វ៉ាក់សាំងបង្ការប្រចាំឆ្នាំ អាចជួយសម្រួលដំណើរការចាក់វ៉ាក់សាំងមិនសូវឱ្យមានភាពស្មុគស្មាញទាំងចំពោះក្រុមគ្រូពេទ្យ និងប្រជាជនដែលត្រូវមកទទួលយក និងជួយសម្រួលដល់ការថែរក្សាវ៉ាក់សាំង។ របាយការណ៍ចុងក្រោយនៃទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងខែសីហា ប្រជាជនអាម៉េរិកមានជិត២០ភាគរយប៉ុណ្ណោះដែលបានចាក់ទាំងដូសបឋម និងដូសជំរុញ។ 
 
គួររំលឹកថា ការកែប្រែយុទ្ធនាការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះក៏ធ្លាប់បានបង្ហើបដោយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន កាលពីឆ្នាំ២០២២ ផងដែរដោយចង់ណែនាំឱ្យប្រជាជនម៉េរិកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តែម្តងក្នុងមួយឆ្នាំ នៅរៀងរាល់រដូវស្លឹកឈើជ្រុះ៕ 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com