ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ ក្រោយមានប្រជាការពារភូមិ ករណីក្មេងទំនើង នៅឃុំគោកខ្ពស់ធ្លាក់ចុះ
24, Jan 2023 , 6:59 pm        
រូបភាព
លោក វ៉ាង ម៉ាប់ នាយប៉ុស្តិ៍នគរបាលគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
លោក វ៉ាង ម៉ាប់ នាយប៉ុស្តិ៍នគរបាលគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
ដោយ៖ ហោន សុរ៉ាយ (យុវជនគោកខ្ពស់) 
 
ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ៖ ក្រោយមានប្រជាការពារភូមិ បញ្ហាក្មេងទំនើង នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង។ សព្វ​ថ្ងៃ ឃុំគោកខ្ពស់ មានប្រជាការពារប្រមាណ ១២២នាក់ ដោយពួកគេបានសហការជា មួយសមត្ថកិច្ច ក្នុងការយាមល្បាតទាំងយប់ និងថ្ងៃ។


លោក វ៉ាង ម៉ាប់នាយប៉ុស្តិ៍នគរបាលគោកខ្ពស់ បានអះអាងថា បច្ចុប្បន្ន​ នៅមូលដ្ឋានរបស់លោក ពុំមានក្មេងទំនើង ដែលបង្កចលាចល ដល់សង្គមទៀតនោះទេ ដោយសារភូមិនីមួយៗ មានកម្លាំងប្រជាការពារគ្រប់គ្រាន់ សម្រាប់ការល្បាត និងបង្រ្កាប់រាល់បញ្ហាអសកម្មភ្លាមៗ។  កន្លងទៅ ក្មេងទំនើងកើតឡើងដោយសារបញ្ហា​ គ្រឿងញៀន និងគ្រឿស្រវឹង ហើយពួកគេ តែងតែបង្កបញ្ហានៅតាមដងផ្លូវ កម្មវិធីបុណ្យ និងមង្គលការជាដើម។ ក្មេងទំនើងនេះ មានចាប់ពីអាយុ ១៦ឆ្នាំ ដល់ ៣០ឆ្នាំ។ បញ្ហាក្មេងទំនើង បានជិះឥទ្ធិពលយ៉ាងខ្លាំង ដល់ការរស់នៅរបស់ពលរដ្ឋ ជាពិសេសប៉ះពាលដល់ទ្រព្យសម្បត្តិសារធារណៈ និងក្រុមគ្រួសារ។
 
បើតាមលោក វ៉ាង ម៉ាប់ រាល់ការបង្រ្កាបបទល្មើសក្មេងទំនើង នៅតាមកម្មវិធីបុណ្យ និងមង្គលការ ពុំសូវជួបការលំបាកនោះទេ ដោយសារនៅទីនោះ មានប្រជាការពារនិងសមត្ថកិច្ច​យាមល្បាតគ្រប់គ្រាន់។ ប៉ុន្តែការបង្កបញ្ហា នៅតាមដងផ្លូវ ត្រូវបានចាត់ទុកជាបញ្ហាប្រ​ឈមដោយសារសមត្ថកិច្ចគ្រប់គ្រង សភាពការមិនបាន។
 
ជាវិធានការរបស់ប៉ុស្តិ៍នគរបាលគោកខ្ពស់ នៅពេលចាប់បានក្មេងទំនើង ត្រូវយកទៅអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់។  លោក ប្រាប់ដូច្នេះថា៖«ពីមុនគ្មានប្រជាការពារ នៅឃុំគោកខ្ពស់ មានក្មេងទំនើងច្រើន តែឥឡូវ កាត់បន្ថយអស់​ ហើយ ព្រោះយើងកត់សម្គាល់ថា នៅពេលមានពិធីការ ឬបុណ្យទាន មិនដែលឃើញសោះ។ ពីមុនវា មានបក្សពួក ជិះម៉ូតូបង្ហោះ និងបំពងសំឡេងឮៗ អ៊ីចឹង ប្រហែលមកដល់ឥឡូវនេះ ពួកគេយល់ដឹងច្រើនហើយ»។ 
 
 
ជាមួយគ្នានេះ លោក វ៉ាង ម៉ាប់ ប្ដេជ្ញាកាត់បន្ថយបញ្ហាក្មេងទំនើងឱ្យកាន់តែប្រើសើរថែមទៀត តាមរយៈការ ផ្សព្វផ្សាយដល់ពលរដ្ឋនៅមូលដ្ឋាន៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និង ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេត កម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 សន្តិសុខ
  សុវត្ថិភាព
 ឧត្ដរមានជ័យ
  ស្រុកបន្ទាយអំពិល
© រក្សាសិទ្ធិដោយ thmeythmey.com