អន្តរជាតិ
អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន សុំលាលែង ស្របគ្នានឹងការបោសសម្អាតអំពើពុករលួយ
24, Jan 2023 , 4:29 pm        
រូបភាព
លោក Kyrylo Tymoshenko អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន សុំលាលែងពីតំណែង។ រូបថតវេបសាយប្រធានាធិបតីអ៊ុយក្រែន
លោក Kyrylo Tymoshenko អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន សុំលាលែងពីតំណែង។ រូបថតវេបសាយប្រធានាធិបតីអ៊ុយក្រែន
អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Kyrylo Tymoshenko នៅថ្ងៃទី២៤ ខែមករា បានស្នើសុំប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ដើម្បីចុះចេញពីតំណែង។ លោក Tymoshenko មិនបានបង្ហាញមូលហេតុជុំវិញការស្នើសុំលាលែងនោះឡើយ តែរឿងនេះកើតឡើងស្របគ្នានឹងការបោសសម្អាតអំពើពុករលួយក្នុងប្រទេស។


មួយថ្ងៃបន្ទាប់ពីមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្ដេជ្ញាបោសសម្អាតអំពើពុករលួយដែលជាបញ្ហារ៉ាំរ៉ៃក្នុងប្រទេស អនុប្រធានការិយាល័យប្រធានាធិបតី លោក Kyrylo Tymoshenko បានស្នើលាលែងពីតំណែង។ ដំណឹងនេះត្រូវបានប្រកាសដោយលោក Tymoshenko ផ្ទាល់តាមរយៈសារក្នុងកម្មវិធី Telegram។ 
 
«ខ្ញុំសូមអរគុណប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី សម្រាប់ការជឿទុកចិត្ត និងផ្ដល់ឱកាសដើម្បីបានធ្វើអំពើល្អជារៀងរាល់ថ្ងៃ និងរៀងរាល់នាទី»។ លោក Tymoshenko សរសេរបែបនេះក្នុងសារដដែលនោះ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters អនុប្រធានការិយាល័យប្រធានាធិបតីរូបនេះ មិនបានផ្តល់ហេតុផលអ្វីឡើយចំពោះការលាលែងពីតំណែងរបស់ខ្លួន។ ចំណែកក្រឹត្យ​ទទួល​យក​ការ​លាលែង​ពី​តំណែង​របស់ លោក Tymoshenko ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​វេបសាយរបស់​ប្រធានាធិបតី។
 
ស្របគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា លោក Tymoshenko ទំនងជាបុគ្គលមួយក្នុងចំណោមមនុស្សជាច្រើនដែលពាក់ព័ន្ធអំពើពុករលួយដែលលោក ហ្សេលេនស្គី បានដឹងហើយគ្រោងចាត់វិធានការនាពេលឆាប់ៗនេះ។ 
 
លោកហ្សេលេនស្គី នៅថ្ងៃទី២៣ ខែមករា បានលើកឡើងថាការផ្លាស់ប្ដូរមន្ត្រីក្នុងជួររដ្ឋាភិបាល នឹងត្រូវប្រកាសនាពេលឆាប់ៗនេះ រាប់ទាំងមន្ត្រីតាមតំបន់ និងនៅក្នុងកងកម្លាំងសន្តិសុខ បន្ទាប់ពីរកឃើញប្រព្រឹត្តអំពើពុករលួយ ចាប់តាំងពីប្រទេសធ្លាក់ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីជិតមួយឆ្នាំមក។
 
លោក Tymoshenko អាយុ៣៣ឆ្នាំ បានឡើងកាន់តំណែងជាអនុប្រធានការិយាល័យប្រធានាធិបតីចាប់តាំងពីឆ្នាំ២០១៩ ដោយមានតួនាទីមើលការខុសត្រូវការងាររដ្ឋបាលថ្នាក់តំបន់ និងគោលនយោបាយតំបន់។ លោកក៏បានធ្វើការជាមួយលោក ហ្សេលេនស្គី តាំងពីពេលធ្វើយុទ្ធនាការបោះឆ្នោតមកម៉្លេះ ហើយថែមទាំងជួយត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ និងមាតិកាច្នៃប្រឌិតផ្សេងៗ។ 
 
គួរបញ្ជាក់ថា មិនមែនមានតែលោក Kyrylo Tymoshenko ទេដែលបានលាលែងពីតំណែងប៉ុន្មានថ្ងៃនេះ។ លោក ហ្សេលេនស្គី នៅថ្ងៃទី២២ ខែមករា បានអះអាងថារដ្ឋាភិបាលបានទទួលយកការសុំលាលែងពីតំណែងរបស់អនុរដ្ឋមន្ត្រីមួយរូបផងដែរ បន្ទាប់ពីបានរកឃើញថា មន្ត្រីរូបនោះបានទទួលសំណូក។ យ៉ាងណាមិញ មេដឹកនាំអ៊ុយក្រែនមិនទាន់បង្ហាញឈ្មោះបុគ្គលនោះឡើយ៕ 
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com