កីឡាជាតិ
ជាតិ
បាល់ទះឆ្នេរខ្សាច់៖ មន្ត្រីសហព័ន្ធថា ទោះមានផលវិបាក ប៉ុន្តែនៅតែរំពឹងមេដាយស៊ីហ្គេម
24, Jan 2023 , 4:59 pm        
រូបភាព
ការប្រកួតរវាងក្រុមបាល់ទះខេត្តពោធិ៍សាត់(ស) និងកងយោធពលខេមរភូមិន្ទ(ខ្មៅ) ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ កន្លងទៅ។ រូបពី VFC
ការប្រកួតរវាងក្រុមបាល់ទះខេត្តពោធិ៍សាត់(ស) និងកងយោធពលខេមរភូមិន្ទ(ខ្មៅ) ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ កន្លងទៅ។ រូបពី VFC
ដោយ:
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា មានក្តីរំពឹងក្នុងការដណ្តើមយកមេដាយនៅកីឡាស៊ីហ្គេម ឆ្នាំ២០២៣ លើវិញ្ញាសាបាល់ទះឆ្នេរខ្សាច់ បើទោះសព្វថ្ងៃខ្វះការប្រកួតក្នុងស្រុកក៏ដោយ។ សហព័ន្ធ បន្តស្វែងរកដៃគូដើម្បីបង្កើតឱ្យមានការប្រកួតមិត្តភាព ដើម្បីជាបទពិសោធន៍ត្រៀមសម្រាប់ស៊ីហ្គេមលើកទី៣២ខាងមុខ។
 
«បន្ទាប់ពីនាំគ្រូជនជាតិគុយបាមកបង្វឹក មុនកីឡាជាតិលើកទី៣ យើងឃើញថាមានការអភិវឌ្ឍន៍គុណផលគួរឱ្យកត់សម្គាល់លើបច្ចេកទេសការប្រកួត និងលក្ខន្តិកៈនៃការប្រកួត ការដក់យកបាល់ក្រោម និងកើនជំនាញវាយសេវាជាដើម»។ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និយាយដូច្នេះ។
 
ទន្ទឹមនឹងសមត្ថភាពកើនឡើង លោកអគ្គលេខាធិការបន្តថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា រំពឹងថាវិញ្ញាសាបាល់ទះឆ្នេរខ្សាច់នឹងអាចប្រជែងបានមេដាយផងដែរ។
 
លោក អាំង សិរីពិសិដ្ឋ និយាយថា៖«អ្វីដែលយើងរំពឹងនោះគឺឈ្នះមេដាយនាស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ កីឡាបាល់ទះឆ្នេរខ្សាច់នេះក៏យើងមានបំណងមួយគឺចង់តេស្តសមត្ថភាពដែរ តាមរយៈការប្រកួតិមិត្តភាពក្នុងស្រុក ទោះពិបាកនឹងរកដៃគូប្រកួតក្តី»។
 
គួរបញ្ជាក់ថា មន្រ្តីសហព័ន្ធកីឡាបាល់ទះកម្ពុជា កំពុងស្វះស្វែងរកដៃគូសម្រាប់រៀបចំការប្រកួតមិត្តភាពលើវិញ្ញាសាឆ្នេរខ្សាច់នេះក្នុងពេលឆាប់ៗ ដោយលោកអគ្គលេខាធិការសហព័ន្ធ កំពុងទាក់ទងទៅសហព័ន្ធកីឡាបាល់ទះសឹង្ហបុរី និងវៀតណាមផងដែរ នេះបើតាមការផ្តល់បទសម្ភាសផ្ទាល់នៅថ្ងៃទី៧ ខែមករា កន្លងទៅ៕
 
 
 

Tag:
 កីឡាបាល់ទះឆ្នេរខ្សាច់
 អាំង សិរីពិសិដ្ឋ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com