ជាតិ
ប្រធានមន្ទីរអប់រំ អះអាងថា ករណីកាត់សក់សិស្សនៅវិទ្យាល័យសំពៅលូន ជាការព្រមព្រៀងគ្នាមុន
24, Jan 2023 , 5:23 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកផេក វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សំពៅលូន
រូបភាពពីហ្វេសប៊ុកផេក វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សំពៅលូន
ការកាត់សក់សិស្សប្រុស ដូចកម្លាំងយោធា នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សំពៅលូន ខេត្តបាត់ដំបង គឺជាការអនុវត្តតាមវិន័យរបស់សាលា។ លោក យី សុងគី ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង អះអាងថា ការអនុវត្តវិន័យសាលានេះ ក៏ទទួលបានការឯកភាពពីអាណាព្យាបាលសិស្សផងដែរ។


លោក យី សុងគី ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង ពន្យល់ថា ការឈូសសក់សិស្សប្រុស នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សំពៅលូន គឺជាការអនុវត្តតាមវិន័យរបស់សាលា ដែលបានកំណត់តាំងពីដើមឆ្នាំសិក្សាមកម្ល៉េះ។ ប្រធានមន្ទីររូបនេះយល់ថា ការកំណត់វិន័យនេះ មិនមែនជាការបង្ខំឡើយ ពោលគឺទទួលបានការឯកភាពពីអាណាព្យាបាល និងសិស្ស ដើម្បីឱ្យមានសណ្ដាប់ធ្នាប់ និងសោភណ្ឌស្អាតនៅក្នុងសាលា។
  


«មែនទែនទៅន័យរបស់សាលា គឺគណៈកម្មការគ្រប់គ្រងសាលា នាយកហ្នឹងគឺគាត់អនុវត្តក្រុមប្រឹក្សាវិន័យរបស់គាត់។ គោលបំណងរបស់គាត់ គឺបានឯកភាពគ្នាជាមួយគណៈកម្មការគ្រប់គ្រងសាលា អាណាព្យបាល បានប្រជុំឯកភាពតាំងពីដើមឆ្នាំ។ លោកគ្រូអ្នកគ្រូ គឺចង់ឱ្យសិស្សប្រុសមានសក់ខ្លី»។ នេះជាការលើកឡើងរបស់លោក យី សុងគី ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង ដោយបន្តថា សាលាចង់ឱ្យសិស្ស កាត់សក់ខ្លី ដូចជាសក់កងកម្លាំងប៉េអឹម។
 
បើតាមលោក សុងគី ករណីនេះមិនមែនជាលើកទី១ឡើយ ក្នុងខេត្តបាត់ដំបង ដ្បិតវិទ្យាល័យកំរៀង ក៏ធ្លាប់អនុវត្តបែបនេះ បានជោគជ័យរួចហើយ។
 
លោក អះអាងទៀតថា ការចុះពិនិត្យ និងកាត់សក់សិស្សដោយផ្ទាល់របស់ក្រុមប្រឹក្សាយុវជន នៅថ្ងៃទី២៣ ខែមករា នោះ អនុវត្តលើសិស្សដែលពុំធ្វើតាមវិន័យសាលាប៉ុណ្ណោះ។ ចំពោះសិស្សដែលបានកាត់សក់បានសមរម្យ តាមវិន័យសាលាហើយនោះ មិនមានការចាប់ឈូសសក់ឡើយ។
 
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងនាយកគ្រប់គ្រងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សំពៅលូន បានឡើយ នៅថ្ងៃទី២៤ មករានេះ៕ 
 
 

Tag:
 វិទ្យាល័យសំពៅលូន
© រក្សាសិទ្ធិដោយ thmeythmey.com