ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ នាយកអនុវិទ្យាល័យគោកខ្ពស់ លើកទឹកចិត្តឱ្យសិស្ស​ប្រើ​ទូរសព្ទបង្កើនចំណេះដឹង
24, Jan 2023 , 9:59 pm        
រូបភាព
ដោយ៖ រ៉ត ណៅ (យុវជនឃុំគោកខ្ពស់) 
 
ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ៖ សិស្សអនុវិទ្យាល័យគោកខ្ពស់ នៅក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ មានទូរសព្ទប្រើប្រាស់ស្ទើរតែគ្រប់គ្នា ដើម្បីប្រើប្រាស់នៅក្នុងការស្រាវជ្រាវមេរៀន បង្កើនចំណេះដឹងបន្ថែម។ ​លោក សាត ប៊ុនណាត នាយកអនុវិទ្យាល័យគោកខ្ពស់ គូសបញ្ជាក់ថាការប្រើប្រាស់​ទូរសព្ទក្នុងម៉ោងសិក្សា ដើម្បីបង្កើនចំណេះដឹងរបស់សិស្ស គឺត្រូវបានលើកទឹកចិត្ត។ ប៉ុន្តែចំពោះការប្រើទូរសព្ទសម្រាប់លេងហ្គេម ឬ​បណ្តាញសង្គមផ្សេងៗក្នុងម៉ោងសិក្សាវិញនោះគណៈគ្រប់គ្រងសាលានឹងផ្តល់ការណែនាំបន្ថែមដល់សិស្ស ដើម្បីធានាដល់គុណភាពសិក្សារបស់សិស្ស។
 
លោក សាត ប៊ុនណាត នាយកអនុវិទ្យាល័យគោកខ្ពស់ បានលើកឡើងថា សព្វថ្ងៃការប្រើប្រាស់ទូរសព្ទដៃនៅគ្រឹះស្ថានសិក្សារបស់លោក ត្រូវបានបើកយ៉ាងទូលាយ បន្ទាប់ពីក្រ​សួង​អប់រំ យុវជន និងកីឡា ដាក់ដំណើរការបង្រៀនតាមប្រព័ន្ធអនឡាញ នាអំឡុងជំងឺកូវីដ-១៩ រីករាលដាលខ្លាំង។ ក្នុងនោះមានសិស្សមួយចំនួនតូច បន្តសកម្មភាពលេងទូរសព្ទ ក្នុងម៉ោងសិក្សា។ 
 
សិស្សខ្លះ ប្រើប្រាស់ទូរសព្ទ ជាប្រយោជន៍ សម្រាប់ការសិក្សា និងអ្នកខ្លះប្រើប្រាស់ទូរសព្ទ ទៅការហ្គេម និងបណ្ដាញសង្គមច្រើន។ លោក សាត ប៊ុនណាត ព្រួយបារម្ភថាការប្រើប្រាស់ទូរសព្ទខុសគោលដៅ អាចនាំឱ្យប៉ះពាល់ដល់គុណភាពអប់រំ សង្គម សុខភាព ខ្ទង់ចំណាយ និងសីលធម៌ ក្នុងការរស់នៅរបស់ពួកគេ។ លោក ប្រាប់ដូច្នេះថា៖«បើយើងអត់ឱ្យគាត់(​សិស្ស) ប្រើទូរសព្ទ គាត់បាត់ទំនាក់ទំនងជាមួយគ្រួសារ។ ប៉ុន្តែនៅពេលយើងឱ្យគាត់ប្រើ គាត់យកទូរសព្ទហ្នឹងទៅលេងអ្វីដែលខុស ដោយគាត់មិនបានស្រាវជ្រាវមេរៀន ឬធ្វើអ្វី ដែលគ្មានប្រយោជន៍នោះទេ។

ពួកគាត់នៅក្មេង មិនទាន់ចេះគិតទេ អ៊ីចឹងយើងបារម្ភខ្លាំង ដោយសារគាត់យកទូរសព្ទនេះ ទៅប្រើប្រាស់លើការលេងហ្គេម ឬបណ្ដាញសង្គម ឥតប្រយោជន៍ ហើយភ្លេចការសិក្សា»។ 
 
ជាវិធានការអនុវិទ្យាល័យគោកខ្ពស់ បានរៀបចំឱ្យក្រុមការងារតាមដាន រាល់សកម្មភាពសិស្ស ដែលលួចលេងទូរសព្ទ ក្នុងម៉ោងសិក្សា។ ក្រុមការងារតាមដានទាំងនោះ មានដូចជា ប្រធានថ្នាក់ និងលោកគ្រូ អ្នកគ្រូជាដើម។ ក្នុងករណីប្រទះឃើញ ឬមានការរាយការណ៍ ពាក់ព័ន្ធនឹងការលេងទូរសព្ទ ក្នុងម៉ោងសិក្សា លោក សាត ប៊ុនណាត នឹងហៅមកណែនាំ ឬដកហូតទូរសព្ទចេញតែម្ដង ប្រសិនបើមិនរាងចាល៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 ឧត្ដរមានជ័យ
  ឃុំគោកខ្ពស់
  អប់រំ
  អនុវិទ្យាល័យគោកខ្ពស់
© រក្សាសិទ្ធិដោយ thmeythmey.com