កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
អូឡាំពិកថៃ ចោទកម្ពុជាបំពានច្បាប់អន្ដរជាតិ ជុំវិញការប្ដូរឈ្មោះ«Muay»ទៅ«គុនខ្មែរ» នៅស៊ីហ្គេម២០២៣
24, Jan 2023 , 6:17 pm        
រូបភាព
បន្ទាប់ពីកម្ពុជា បានប្ដូរឈ្មោះវិញ្ញាសាប្រកួតប្រដាល់ Muay ទៅជា «គុនខ្មែរ» (Kun Khmer) ក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ធ្វើឱ្យថៃកើតទុក្ខមិនសុខចិត្ត។ លោក Charoen Wattanasin អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ (NOCT) បាននិយាយថាគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) មិនបានទទួលស្គាល់ពាក្យគុនខ្មែរនោះទេ ហើយកម្ពុជា បំពានទាំងស្រុង ទៅលើច្បាប់នៃការប្រកួតកីឡាអន្ដរជាតិ។


យោងទៅលើការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃទី២៤ ខែមករានេះ លោក Charoen Wattanasin បានរិះគន់យ៉ាងខ្លាំងចំពោះការបដិសេធមិនព្រមកែប្រែឈ្មោះវិញ្ញាសាប្រកួតគុនខ្មែរ ទៅ Muay Thai។ ភាគថៃ នឹងមិនបញ្ជូន អត្ដពលិក មកប្រកួតក្នុងវិញ្ញាសានេះដាច់ខាត ម្យ៉ាងវិញទៀត ក៏នឹងដាក់ពិន័យទៅលើប្រទេស ដែលជាសមាជិកសហព័ន្ធកីឡាមួយថៃអន្តរជាតិ (IFMA) ណា ដែលហ៊ានបញ្ជូនអត្ដពលិក មកប្រកួតស៊ីហ្គេមនៅកម្ពុជាផងដែរ។

អនុប្រធាន NOCT រូបនេះ ចាត់ទុកថាកម្ពុជា កំពុងបំពានលើច្បាប់នៃការប្រកួតកីឡាអន្ដរជាតិ ព្រោះឈ្មោះគុនខ្មែរនេះ មិនត្រូវបានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ទទួលស្គាល់ទេ។ ម្យ៉ាងវិញទៀត វិញ្ញាសារ Muay Thai ត្រូវបានប្រទេសទូទាំងពិភពលោក ទទួលស្គាល់ ខុសប្លែកពីគុនខ្មែរ ដែលជាកីឡាមានដើមកំណើតពីវប្បធម៌របស់កម្ពុជា។
«ពួកគេ កំពុង​បំពានលើច្បាប់អន្ដរជាតិ លើការប្រកួតកីឡា។ សមាគមន៍កីឡាប្រដាល់ថៃ នឹងមិនបញ្ជូនអត្ដពលិកមកប្រកួតទេ។»។ លោក Charoen Wattanasin បានប្រាប់ទីភ្នាក់ងារព័ត AFP ដូច្នេះ។

ដោយឡែក កម្ពុជា ប្រកាន់គោលជំហរ ដោយមិនផ្លាស់ប្ដូឈ្មោះ ពីគុនខ្មែរ ទៅ Muay Thai វិញទេ បើទោះជាភាគីថៃ ឬសមាគមន៍ប្រដាល់ថៃ មិនបញ្ជូនអត្ដពលិក មកប្រកួតក៏ដោយ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) បញ្ជាក់ថា កម្ពុជា ក៏មិនបញ្ជូនអត្ដពលិកទៅប្រកួត Muay Thai ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ ដូចគ្នា។

«យើង ក្នុងនាមជាម្ចាស់ផ្ទះ យើងមានសិទ្ធក្នុងការប្ដូរឈ្មោះ ទៅជាគុនខ្មែរ ដែលជាកីឡាមានដើម្បីកំណើតនៅកម្ពុជា និងវប្បធម៌របស់យើង។»។ លោក វ៉ាត់ ចំរើន បានប្រាប់ AFP ដូច្នេះ។

គួរបញ្ជាក់ផងដែរថា ចំពោះវិញ្ញាសាប្រដាល់គុនខ្មែរ បើទោះជាគ្មានភាគីថៃ ចូលរួម ក៏មានប្រទេសចំនួន ៧ ដោយរាប់ទាំងកម្ពុជា ជាម្ចាស់ផ្ទះ, ឥណ្ឌូណេស៊ី, វៀតណាម, ហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ចូលរួមផងដែរ។ យោងតាមច្បាប់កីឡា វិញ្ញាសា ដែលមានចាប់ពី ៤ប្រទេសឡើងទៅ គឺអាចដាក់ឲ្យប្រកួតបាន។ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ នៅកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣៕


Tag:
 ប្រដាល់
  ប្រដាល់គុនខ្មែរ
  គុនខ្មែរ
  Muay
© រក្សាសិទ្ធិដោយ thmeythmey.com