កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
១០០០នាក់ នឹងចូលរួមសម្តែងសិល្បៈ វប្បធម៌ និងកីឡា ក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម
25, Jan 2023 , 8:59 am        
រូបភាព
កិច្ចប្រជុំរបស់គណៈកម្មការគ្រប់ផ្នែកនៃគណៈកម្មាធិការជាតិ CAMSOC ។ រូបពី CAMSOC
កិច្ចប្រជុំរបស់គណៈកម្មការគ្រប់ផ្នែកនៃគណៈកម្មាធិការជាតិ CAMSOC ។ រូបពី CAMSOC
ដោយ:
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC)ថាមនុស្ស ១០០០នាក់ ចូលរួមសម្តែងសិល្បៈ វប្បធម៌ និងកីឡា ក្នុងពិធីរាប់ថយក្រោយ ១០០ថ្ងៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
 
ក្នុងកិច្ចប្រជុំនៅទីស្នាក់ការ NOCC ថ្ងៃទី២៤ ខែមករា លោក វ៉ាត់ ចំរើន បានលើកឡើងពីការផ្តោតសំខាន់ ក្នុងកម្មពិធីរាប់ថយក្រោយ១០០ថ្ងៃ នៃដំណើរមកដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យមានភាពឱឡារិក ដើម្បីផ្សាយឱ្យបានទូលំទូលាយតាមបណ្តាស្ថានីយ៍ទូរទស្សន៍ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គមទៅកាន់ប្រជាពលរដ្ឋ។ 
 
ជាមួយគ្នានោះដែរ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា ក៏បានអញ្ជើញនាយបេសកកម្មស៊ីហ្គេមមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ ចូលរួមក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃ និងមានសារថ្លែងសុន្ទរកថាជាសំឡេងពីលោក Dato Serik Chaiyapak Siriwat ប្រធានសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍  ដើម្បីជាសក្ខីភាពបញ្ជាក់អំពីការត្រៀមខ្លួនបានរួចរាល់របស់ម្ចាស់ផ្ទះកម្ពុជា ជូនជនរួមជាតិ និងអន្តរជាតិ។
 
លោក វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា៖«គ្រប់ផ្នែកទាំងអស់បានត្រៀមខ្លួនរួចរាល់ ទាំងផ្នែកសម្តែងសិល្បៈ វប្បធម៌ និងក្រុមកីឡា ប្រមាណ១០០០នាក់ ដើម្បីសម្តែងក្នុងពិធីដ៏មានសារសំខាន់នេះ។ ពិធីនេះនឹងមានការផ្សាយបន្តផ្ទាល់ពីបណ្តាញទូរទស្សន៍ បណ្តាញសង្គម ដើម្បីបញ្ជ្រាបព័ត៌មាននេះទៅកាន់សាធារជនផងដែរ»។ 
 
ក្រៅពីនេះ CAMSOC ក៏មានកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ប្រទេស រួមទាំងកិច្ចប្រជុំប្រដាល់គុនខ្មែរអន្តរជាតិ ដោយមានសមាជិកចូលរួមសរុបប្រមាណ១០០នាក់ផ្សេងទៀត ហើយអ្នកទាំងនេះ ក៏នឹងចូលរួមពិធីរាប់ថយក្រោយ ១០០ថ្ងៃឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីបង្ហាញជូនអន្តរជាតិថា «កម្ពុជាបានត្រៀមខ្លួនរួចរាល់» Cambodia is Ready ផងដែរ៕
 
 
 

Tag:
 ស៊ីហ្គេម២០២៣
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com