ជាតិ
សុវត្តិភាព ចរាចរណ៍
លោក ស សុខា លើកពីតម្លៃនៃវប្បធម៌ជួយគ្នាក្នុងគ្រោះថ្នាក់ចរាចរណ៍, សម្តេច ហ៊ុន សែន គាំទ្រមតិនេះ
25, Jan 2023 , 9:45 am        
រូបភាព
បុរស​ដែលទៅលើកម៉ូតូអះអាង​ប្រាប់អ្នកសារព័ត៌មានថា លោកមានបំណង​ជួយមនុស្ស ហើយ​លោកបានសូមទោសចំពោះការ​ទៅលើកម៉ូតូ
បុរស​ដែលទៅលើកម៉ូតូអះអាង​ប្រាប់អ្នកសារព័ត៌មានថា លោកមានបំណង​ជួយមនុស្ស ហើយ​លោកបានសូមទោសចំពោះការ​ទៅលើកម៉ូតូ
ដោយ: រួបរួម
ករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើស្ពានជ្រោយចង្វា មានការជជែកវែកញែកយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម។ ប្រធានបទនេះ មិនផ្តោតទៅលើភាគីពាក់ព័ន្ធក្នុងគ្រោះថ្នាក់នោះឡើយ ប៉ុន្តែជារឿងរ៉ាវនៃការតឹងសរសៃកដាក់គ្នារវាងអ្នកសារព័ត៌មានហ្វេសប៊ុកដ៏ល្បីល្បាញមួយរូប ជាមួយនឹងបុរសម្នាក់ដែលបានទៅលើកម៉ូតូ។ លោក ស សុខា តាមរយៈហ្វេសប៊ុករបស់ខ្លួន បានចូលរួមមតិយោបល់ដោយផ្តោតលើតម្លៃនៃវប្បធម៌ជួយគ្នា។ ការបកស្រាយ និងការពន្យល់របស់រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡារូបនេះ ក៏ទទួលបានគាំទ្រពីសម្តេច ហ៊ុន សែន ផងដែរ។
 
 
«តើគួរចុះជួយលើកឬបើកបង្ហួសធ្វើមិនដឹង»! លោក ស សុខា ផ្តើមសំណេរដោយគំនិតគួរពិចារណាមួយនេះ ក្នុងសារយ៉ាងវែង ដែលលោកបានបង្ហោះកាលពីល្ងាចថ្ងៃទី២៤ ខែមករា។ លោកបានកត់សម្គាល់ថា ប្រធានបទលើកម៉ូតូដួលក្នុងគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វានេះ មានមតិប្រឆាំងនឹងជំហរអ្នក Live ផ្ទាល់ ច្រើនជាងការគាំទ្រ។
 
«បងប្រុសដែលឃើញម៉ូតូដួល ហើយគាត់ស្ទុះទៅជួយលើក ខុសក៏អាចថាបាន។ តែយើងគួរគិត ឬរកឱ្យឃើញជាមុនថា តើគាត់មានចេតនាបែបណា? ទិដ្ឋភាពនៅកន្លែងកើតហេតុ ដែលគាត់ស្ទុះទៅលើកនោះក្នុងស្ថានភាពដូចម្ដេច និងកាយវិការរបស់គាត់មានទម្រង់ប្រឆាំងនឹងសមត្ថកិច្ចជំនាញឬយ៉ាងណា?»។ ទាំងនេះជាសំណួរដែលរដ្ឋលេខាធិការក្រសួងអប់រំ ចង់ឱ្យមានការវែកញែក។
 
 
ជាការចូលរួមមតិយោបល់ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ លោក ស សុខា យល់ថា បុរសដែលរត់ទៅលើកម៉ូតូដួលក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ អាចមានអារម្មណ៍ត្រឹមតែគិតថា ទៅជួយជនរងគ្រោះ ដោយខ្លាចឡាន និងម៉ូតូផ្សេងបុកបន្ថែម។ លោកលើកឡើងថា ការបន្ទោស ឬការដាក់កំហុសលើគាត់ ហាក់ដូចជាការនាំគ្នាបំផុស ឬលើកទឹកចិត្ត ឱ្យបោះបង់វប្បធម៌ជួយយកអាសាគ្នា។
 
រដ្ឋលេខាធិការក្រសួងអប់រំ រូបនេះ ទទួលស្គាល់ថា រឿងជំនាញវាស់វែងរបស់នគរបាលចរាចរណ៍ជារឿងត្រឹមត្រូវ ប៉ុន្តែបុរសដែលបានទៅលើកម៉ូតូទំនងជាមិនបានឃើញវត្តមាននគរបាល ហើយគាត់មិនអាចបើកម៉ូតូហួស ឬឃើញស្លាប់មិនជួយនោះឡើយ។
 
«ខ្ញុំមិនសន្មតថា ពេលនោះគ្មានវត្តមាននគរបាលចរាចរណ៍នោះឡើយ។ ដូច្នេះ ការដែលពុំបានដឹង ពុំបានឃើញ ហើយមានបំណងយកអាសាគ្នា ខ្ញុំថា ជារឿងល្អទៅវិញ»។ លោក ស សុខា បានកត់សម្គាល់យ៉ាងដូច្នេះ ដោយបានលើកឡើងពីមធ្យោបាយផ្សេងៗ ដែលអាចយកធ្វើជាមូលដ្ឋានសម្រាប់ភស្តុតាង។
 
ពាក់ព័ន្ធនឹងអ្នកថតផ្សាយផ្ទាល់ (Live) វិញ លោកថា គេមិនអាចដើរតួជាសមត្ថកិច្ច ឬឈ្លោះប្រកែកវែកញែកតឹងសរសៃកដាក់នរណាម្នាក់នោះឡើយ ជាពិសេសការតាមថត តាមលើកហេតុ ខណៈដែលបុរសលើកម៉ូតូ លើកដៃសូមទោស និងបញ្ជាក់ពីចេតនាសុចរិតរបស់ខ្លួនម្តងហើយម្តងទៀត។
 
«គួរលើកកម្ពស់ឬបំផុសវប្បធម៌ជួយគ្នា»។ នេះជាយោបល់របស់លោក ស សុខា ដោយបន្ថែមថា ក្នុងករណីដែលការជួយណាមួយដោយស្មោះ តែខុសពីជំនាញរបស់សមត្ថកិច្ច ហើយមានការសូមទោស គួរកុំមានការដេញដោលបន្ត ចៀសវាងករណីធ្វើគុណបានទោស។ 
 
សំណេរដ៏វែងរបស់លោក ស សុខា ទទួលបានការចូលរួមមតិយោបល់គាំទ្រជាច្រើន ក្នុងនោះមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ សម្តេចបានសរសេរថា៖ «គាំទ្រការបកស្រាយនិងពន្យល់របស់ក្មួយ
ស សុខា។ ត្រូវជួយគ្នាជាមុនទើបបញ្ជៀសបាននូវបញ្ហាកាន់តែធំ។ ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះអ្នកបានជួយដែលនេះជាវប្បធម៌ដ៏ល្អនៃជាតិសាសន៍យើង»។
 
លោក សុវណ្ណ រិទ្ធី ត្រូវបានចាត់ទុកជាអ្នកសារព័ត៌មានដ៏ល្បីល្បាញមួយរូបនៅលើបណ្តាញសង្គម ជាពិសេសការផ្សាយព័ត៌មានហេតុការណ៍ផ្សេងៗនៅស្ពានជ្រោយចង្វា។ តាមរយៈការបកស្រាយរបស់ខ្លួន លោកទទួលស្គាល់ថា ខ្លួនពិតជាខុសឆ្គង ហើយលោកក៏បានលុបវីដេអូចេញភ្លាមៗផងដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ ឃ្លីបវីដេអូ ត្រូវបានផ្សព្វផ្សាយឡើងវិញជាបន្តបន្ទាប់ ដោយលោក សុវណ្ណ រិទ្ធី ចាត់ទុកថា ជាទង្វើរបស់មនុស្សអគតិដែលចង់បំផ្លាញកិត្តិយសរបស់លោក។
 
ក្នុងវីដេអូ បុរសដែលទៅលើកម៉ូតូ បានអះអាងថា ដោយគ្រាន់តែឃើញម៉ូតូដួល លោកក៏ទៅលើកម៉ូតូក្នុងគោលបំណងជួយមនុស្ស។ លោកយល់ថាខ្លួនខុស ហើយក៏បានលើកដៃសូមទោសជាច្រើនលើក ប៉ុន្តែអ្នកសារព័ត៌មានហ្វេសប៊ុកនៅតែតាមជជែកវែកញែក និងស្តីបន្ទោសគាត់។
 
«ខ្ញុំអត់ខ្មាស់គេទេ ខ្ញុំជួយមនុស្ស»។ បុរសដែលទៅលើកម៉ូតូ ខណៈខ្លួនកំពុងធ្វើដំណើរជាមួយភរិយា និងកូនតូចក្នុងដៃ បានបញ្ជាក់យ៉ាងដូច្នេះទៅកាន់លោក សុវណ្ណ រិទ្ធី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com