អន្តរជាតិ
WHO ស៊ើបអង្កេតលើក្រុមហ៊ុនផលិតថ្នាំក្អក៦ ក្រោយកុមារបានស្លាប់
25, Jan 2023 , 11:39 am        
រូបភាព
អង្គការសុខភាពពិភពលោក (WHO) កំពុងស៊ើបអង្កេតលើក្រុមហ៊ុនផលិតថ្នាំក្អកចំនួន៦ ក្រោយកុមារជាង៣០០នាក់ក្នុងប្រទេសចំនួន៣បានស្លាប់បន្តបន្ទាប់គ្នា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមករា។


WHO កំពុងស្វែងរកព័ត៌មានបន្ថែមអំពីវត្ថុធាតុដើមជាក់លាក់ដែលត្រូវបានប្រើប្រាស់ក្នុងការផលិតថ្នាំក្អករបស់ក្រុមហ៊ុនចំនួន៦ នៅឥណ្ឌា និងឥណ្ឌូណេស៊ីដែលមានករណីស្លាប់របស់កុមារជាង៣០០ នាក់ដែលត្រូវសង្ស័យពាក់ព័ន្ធនឹងថ្នាំក្អកទាំងនេះ។ 
 
បើតាមមន្រ្តី WHO ស្ថាប័ននេះ ក៏កំពុងពិចារណាលទ្ធផលផ្តល់ការព្រមានដល់ពលរដ្ឋលើពិភពលោកពីការប្រើប្រាស់ថ្នាំក្អកជាស៊ីរ៉ូលើកុមារដែរឬទេ ខណៈដែលសុវត្ថិភាពពីការប្រើប្រាស់ថ្នាំទាំងនេះនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយ។ 
 
ចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២មក កុមារជាច្រើនបានស្លាប់ដោយសារបញ្ហាក្រលៀននៅប្រទេសហ្គំប៊ី និងបន្ទាប់មកនៅឥណ្ឌូណេស៊ី និងអ៊ូសបេគីស្ថាន។ WHO បាននិយាយថា ការស្លាប់របស់កុមារទាំងនេះ មានទំនាក់ទំនងទៅនឹងថ្នាំក្អកដែលប្រើប្រាស់គ្មានវេជ្ជបញ្ជាសម្រាប់ជំងឺទូទៅ ហើយថ្នាំក្អកទាំងនេះមានផ្ទុកជាតិពុល diethylene glycol ឬ ethylene glycol ។
 
មកទល់នឹងពេលនេះ WHO បានកំណត់គោលដៅស៊ើបអង្កេតលើក្រុមហ៊ុនផលិតថ្នាំក្អកចំនួន ៦នៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី ប៉ុន្តែមិនបានបញ្ចេញឈ្មោះក្រុមហ៊ុនទាំងនោះឡើយ។ 
 
«នេះគឺជារឿងសំខាន់ដែលពួកយើងកំពុងធ្វើការ ដើម្បីកុំឱ្យមានកុមារផ្សេងទៀតស្លាប់ពីអ្វីដែលអាចការពារបាន»។ អ្នកនាំពាក្យរបស់ WHO លោកស្រី Margaret Harris បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។ 
 
កាលពីថ្ងៃទី២៣ WHO អះអាងថា ខ្លួនបានពង្រីកការស៊ើបអង្កេតលើសារធាតុពុល diethylene glycol និង ethylene glycol នៅក្នុងទឹកស៊ីរ៉ូក្អកនៅដែលបានប្រើប្រាស់នៅប្រទេសចំនួនបួនបន្ថែមទៀតគឺ កម្ពុជា ហ្វីលីពីន ទីម័រខាងកើត និងសេណេហ្គាល់។ WHO បានអំពាវនាវឱ្យរដ្ឋាភិបាល និងឧស្សាហកម្មផលិតឱសថសកល ចាប់ផ្តើមការត្រួតពិនិត្យជាបន្ទាន់ ដើម្បីលុបបំបាត់ឱសថដែលមិនមានស្តង់ដារ និងកែលម្អបទប្បញ្ញត្តិខ្លួន។
 
កន្លងមក WHO បាន​ចេញ​ការ​ជូន​ដំណឹង​ជាក់លាក់​រួច​ហើយព្រមានទាក់ទងនឹង​ថ្នាំ​ស៊ីរ៉ូ​ក្អក​ដែល​ផលិត​ដោយក្រុមហ៊ុន​ឥណ្ឌា​ពីរ​គឺ Maiden Pharmaceuticals និង Marion Biotech ក្រោយរកឃើញថាមានទំនាក់ទំនងជាមួយការស្លាប់របស់កុមារនៅហ្គំប៊ី និងអ៊ូសបេគីស្ថាន៕
 

Tag:
 (WHO)ជាង៣០០នាក់
© រក្សាសិទ្ធិដោយ thmeythmey.com