ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សកាន់អំណាច ធ្វើមហាសន្និបាតពិសេស ដើម្បីកំណត់យុទ្ធសាស្រ្តយកឈ្នះការបោះឆ្នោត
25, Jan 2023 , 11:59 am        
រូបភាព
គណបក្សប្រជាជនកម្ពុជា ធ្វើសន្និបាតវិសាមញ្ញ កាលពីខែកក្កដា ឆ្នាំ២០២២។ រូបពីគេហទំព័ររបស់គណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជា ធ្វើសន្និបាតវិសាមញ្ញ កាលពីខែកក្កដា ឆ្នាំ២០២២។ រូបពីគេហទំព័ររបស់គណបក្សប្រជាជនកម្ពុជា
ដោយ៖ ទេពញាណ 

គណបក្សប្រជាជនកម្ពុជា នឹងធ្វើមហាសន្និបាតវិសាមញ្ញរយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលនៃគណបក្សកាន់អំណាចមួយនេះ។ ការកំណត់យុទ្ធសាស្រ្តយកឈ្នះការបោះឆ្នោត គឺជាបៀបវារៈ១ ក្នុងចំណោមរបៀបវារៈសំខាន់ៗផ្សេងទៀត នៃមហាសន្និបាតវិសាមញ្ញនេះ។


លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៥ ខែមករានេះ យ៉ាងដូច្នេះថា៖«យើង នឹងដាក់ទិសដៅផែនការ អនុវត្តពីពេលឥឡូវនេះ រហូតទៅដល់ការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីដណ្តើមយកជ័យជម្នះ ក្នុងការបោះឆ្នោតនេះ»។ 
 
អ្នកនាំពាក្យគណបក្សកាន់អំណាច អះអាងថា របៀបវារៈសំខាន់ៗផ្សេងទៀត រួមមាន មហាសន្និបាតវិសាមញ្ញ នឹងស្តាប់របាយការណ៍ស្តីពីលទ្ធផលការងារ នៃការអនុវត្តកម្មវិធីនយោបាយគណបក្សក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២៣) និងឆ្លងរបាយការណ៍ស្តីពីការអភិវឌ្ឍប្រទេសកម្ពុជាក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត (២០២៣-២០២៨)។ លោក សង្កត់ធ្ងន់ដូច្នេះថា៖«ហ្នឹង ជាឯកសារនយោបាយសំខាន់»។ 
 
បើតាមលោក សុខ ឥសាន ដដែល សមាជិក-សមាជិកា និងតំណាងគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេសប្រមាណពី៣ពាន់ទៅ៤ពាន់នាក់ នឹងចូលរួមក្នុងមហាសន្និបាតវិសាមញ្ញ។ លោក បន្តថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំកំពូលៗរបស់គណបក្ស នឹងមានវត្តមានក្នុងមហាសន្និបាតវិសាមញ្ញនេះ។ លោក បន្ថែមថា ថ្នាក់ដឹកនាំគណបក្ស នឹងផ្តល់ការណែនាំទៅកាន់សមាជិក-សមាជិកា ហើយសមាជិក-សមាជិក ក៏នឹងត្រូវបើកឲ្យឡើងមានមតិផងដែរ។
 
ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថា អាជ្ញាធរ នឹងបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងជុំវិញបរិវេណវិមាន៧មករា ដែលជាទីតាំងប្រារព្ធមហាសន្និបាតវិសាមញ្ញខាងលើ៕ 
  
 

Tag:
 គណបក្សប្រជាជន
  មហាសន្និបាត
© រក្សាសិទ្ធិដោយ thmeythmey.com